វេទិកាឆ្លើយតបមនុស្សធម៌ ហៅកាត់ HRF បានចេញរបាយការណ៍បង្ហាញថា អស់រយៈពេល ៩សប្តាហ៍ បន្ទាប់ពីមានបទឈប់បាញ់ ស្ថានភាពមនុស្សធម៌នៅតាមព្រំដែនប្រទេសទាំងពីរបន្តមានភាពប្រសើរឡើង ប៉ុន្តែពលរដ្ឋភៀសសឹកបានកើនឡើង។
យោងតាមរបាយការណ៍ស្ដីពីស្ថានភាពតាមព្រំដែនខ្មែរ-ថៃ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ អស់រយៈពេល ៩សប្តាហ៍ បន្ទាប់ពីមានបទឈប់បាញ់ ស្ថានភាពមនុស្សធម៌នៅតាមព្រំដែនប្រទេសទាំងពីរបន្តមានភាពប្រសើរឡើង។
របាយការណ៍ខាងលើអះអាងថា ចំពោះការបន្លាស់ទីរបស់ប្រជាជនមានការប្រែប្រួល ដោយសារគិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ចំនួនពលរដ្ឋភៀសសឹកដែលបន្លាស់ទីដោយសារសង្គ្រាម បានកើនដល់ជាង ១ម៉ឺន ៦ពាន់នាក់ ដែលស្មើនឹង ៤៤% នៃចំនួនពលរដ្ឋភៀសសឹកសរុប។ ក្នុងចំណោមពលរដ្ឋភៀសសឹកចំនួនជាង ១ម៉ឺន ៤ពាន់នាក់ បន្តស្ថិតនៅតាមជំរំភៀសសឹក ខណៈជាង ១៣០០នាក់ទៀត បានទទួលការស្នាក់អាស្រ័យជាមួយមិត្តភក្ដិ និងសាច់ញាតិ។
HRF ដែលដឹកនាំដោយ WFP និង DCA កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងអាជ្ញាធរខេត្ត ដើម្បីតម្រឹមកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ជាមួយនឹងផែនការឆ្លើយតបរបស់រដ្ឋាភិបាល។
អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានប្រាប់អ្នកសារព័ត៌មានថា តាមការកត់ត្រារបស់របាយការណ៍អង្គការមួយចំនួនមិនបានឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែងនោះទេ។ លោកអះអាងថា មិនមានចំនួនពលរដ្ឋភៀសសឹកច្រើនដូចការលើកឡើងរបស់របាយការណ៍ HRF ទេ។
អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣០ ខែកក្កដា បានឲ្យដឹងថា ចំនួនជនភៀសសឹកកម្ពុជាបានកើនដល់ចំនួន ១៦៨៩៤៦នាក់ ដោយសារសង្គ្រាមវាយប្រយុទ្ធគ្នារយៈពេល ៥ថ្ងៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងចំណោមជនភៀសសឹកសរុប មាននៅក្នុងខេត្តឧត្ដរមានជ័យ ចំនួន ៣៨៤៤៧នាក់ ខេត្តព្រះវិហារ ចំនួន ២៩៧១៧នាក់ ខេត្តបន្ទាយមានជ័យ ចំនួន ៣៤២៦៤នាក់ ខេត្តសៀមរាប ចំនួន ៦៣៤៩២នាក់ និងខេត្តពោធិ៍សាត់ ចំនួន ៣០២៦នាក់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
