គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) អះអាងថា ខ្លួនបានតាមដានយ៉ាងសកម្មលើករណីទាហានខ្មែរ ១៨នាក់ ដែលទាហានថៃ បានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយមានបទឈប់បាញ់។
ប្រធានគណៈប្រតិភូប្រចាំតំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) លោក ច័ជ ម៉ុនតានី បានឲ្យដឹងថា ចំពោះការស្នើសុំកិច្ចអន្តរាគមន៍ពីក្រុមបញ្ញវន្តខ្មែរនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ គឺ ICRC បានចូលរួមក្នុងកិច្ចសន្ទនាទ្វេភាគីជាមួយភាគីជម្លោះកម្ពុជា-ថៃ ដោយឈរលើគោលការណ៍មនុស្សធម៌ មិនលម្អៀង អព្យាក្រឹត និងឯករាជ្យ។
កាលពីដើមខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូប្រចាំតំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានប្រាប់ក្រសួងការពារជាតិកម្ពុជា ថា ទាហានខ្មែរទាំង ១៨នាក់មានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។
ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏បានប្រគល់សារដែលទទួលបានពីក្រុមគ្រួសារ ជូនដល់ទាហានទាំង ១៨នាក់ ហើយពួកគេក៏បានសរសេរសារឲ្យក្រុមគ្រួសាររបស់ពួកគេវិញ ស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ទាមទារឱ្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) អន្តរាគមន៍ជាបន្ទាន់ទៅកាន់ភាគីថៃ ដើម្បីដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជា ១៨នាក់ ស្របតាមច្បាប់អន្តរជាតិ។
ក្នុងញត្តិថ្មីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញពីការព្រួយបារម្ភ និងជំរុញឲ្យ OHCHR ធ្វើសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា ដើម្បីគេចចេញពីការបកស្រាយថា OHCHR បានព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។
ញត្តិដដែលបានលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការខកចិត្តចំពោះ OHCHR ដែលខ្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា ដើម្បីធ្វើអន្តរាគមន៍ដោះលែងទាហានខ្មែរទាំង ១៨នាក់ដែលថៃ ចាប់ខ្លួនដោយខុសច្បាប់។ ភាពអសកម្មបែបនេះ មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជា ប៉ុណ្ណោះទេ តែថែមទាំងបង្កើតនូវគំរូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ហើយធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយទៀតផង។
កងទ័ពថៃ បានប្រើល្បិចលួចចាប់កងទ័ពកម្ពុជា ប្រមាណ ២០រូបនៅវេលាម៉ោង ៧៖៥០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា រយៈពេលប្រមាណជាង ៧ម៉ោងតែប៉ុណ្ណោះក្រោយពីបទឈប់បាញ់ចូលជាធរមាននៅម៉ោង ០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ចាប់តាំងពីចាប់ខ្លួនយកទៅ ថៃបានបញ្ជូនយោធិនកម្ពុជា មកតែ ២រូបតែប៉ុណ្ណោះ ដែលការបញ្ជូនមកវិញនោះ គឺក្នុងសភាពម្នាក់រងរបួសរាងកាយធ្ងន់ធ្ងរមិនអាចដើរថ្មើរជើងបាន ចំណែកម្នាក់ទៀតអាចដើរថ្មើរជើងបាន ប៉ុន្តែរងរបួសផ្នែកស្មារតី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.