The Cambodia Daily Khmer

អតីត​នាយករដ្ឋមន្ត្រី​និង​អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​នេប៉ាល់ ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន​ពី​បទ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​បាតុករ

ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ប៉ូលិស​ក្រុង Kathmandu នៃ​ប្រទេស​នេប៉ាល់ ប្រកាស​ពី​ការ​ទទួលយក​ពាក្យបណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ ដែល​ប្ដឹង​អតីត​នាយករដ្ឋមន្ត្រី KP Sharma Oli និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ Ramesh Lekhak ពី​បទ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​បាតុករ​នៅ​ក្នុង​ការ​បាញ់​បង្ក្រាប​អំឡុង​ផ្ទុះ​បាតុកម្ម​ដ៏​ហិង្សា​កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ។

អតីត​នាយករដ្ឋមន្ត្រី លោក KP Sharma Oli និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក Ramesh Lekhak
អតីត​នាយករដ្ឋមន្ត្រី លោក KP Sharma Oli និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក Ramesh Lekhak

សារព័ត៌មាន Kathmandu Post នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ បាន​ចុះផ្សាយ​ថា ដើមឡើយ ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ប៉ូលិស​ក្រុង Kathmandu បដិសេធ​មិន​ព្រម​ទទួលយក​ពាក្យបណ្ដឹង​នេះ​ទេ តែ​ក្រោយពី​ការ​ប្រជុំ​គ្នា​ក្នុង​ចំណោម​ឧត្ដមសេនីយ៍​ប៉ូលិស​នៃ​ក្រសួង​មហាផ្ទៃ និង​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន អ្នកស្រី Sushila Karki ទើប​ស្នងការ​ប៉ូលិស​ក្រុង Kathmandu បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​ទទួល​បណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ។

បើ​តាម​សារព័ត៌មាន Kathmandu Post ការ​ទទួល​បណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ​ដែល​សាច់ញាតិ​ពួកគេ​បាន​ស្លាប់​ក្នុង​ការ​បង្ក្រាប​របស់​ប៉ូលិស​បង្ក្រាប​កុបកម្ម ដោយសារតែ​ក្រុម​ចលនា GenZ គំរាម​ថា នឹង​ប្រមូលផ្ដុំ​យុវជន​តវ៉ា​តាម​ដងផ្លូវ ប្រសិនបើ​អាជ្ញាធរ​ប៉ូលិស​នេប៉ាល់ មិន​ទទួល​ពាក្យបណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ។

ជាមួយ​គ្នា​នេះ ប្រធាន​ស្នងការ​ប៉ូលិស​ក្រុង Kathmandu លោក Prem Kumar Rai កំពុង​ត្រូវ​បាន​ក្រុម​ចលនា GenZ ទាមទារ​ឱ្យ​ចុះ​ចេញពី​តំណែង។ ក្រុម​ចលនា GenZ ក៏​បាន​ទាមទារ​ឱ្យ​កាត់ទោស​ឧត្ដមសេនីយ៍​ប៉ូលិស​ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​បាតុករ។

នៅ​ក្នុង​ការ​បាញ់​បង្ក្រាប​បាតុករ នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ជា​ថ្ងៃ​ដំបូង​នៃ​ការ​ផ្ទុះ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី KP Sharma Oli ដែល​បាតុករ​ប្រឆាំង​នឹង​ការ​ចេញ​សារាចរ​បិទ​បណ្ដាញ​សង្គម​របស់​ពួក​បស្ចិម​ប្រទេស ដូចជា Facebook, Youtube និង Instagram បណ្តាល​ឲ្យ​មនុស្ស ២១​នាក់​ស្លាប់ ហើយ ២​ថ្ងៃ​ក្រោយ​ទៀត ការ​បាញ់​សម្លាប់​បាតុករ​ដោយ​សមត្ថកិច្ច​ប៉ូលិស បាន​កើន​ឡើង​ដល់ ៧៥​នាក់។

នៅ​ថ្ងៃទី​៩ ខែក​ញ្ញា លោក KP Sharma Oli បាន​សម្រេច​ចុះចាញ់​បាតុករ និង​កម្លាំង​ប្រជាជន​ដោយ​ប្រកាស​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី តែ​ពេល​នោះ អគារ​រដ្ឋសភា​កំពុង​ត្រូវ​បាន​កុបករ​ឡោមព័ទ្ធ និង​ដុត​កម្លោច​យ៉ាង​ខ្លាំង។

សារព័ត៌មាន Kathmandu Post បាន​ចុះផ្សាយ​ទៀត​ថា នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​តុលា នេះ ក្រុម​ចលនា GenZ បាន​បន្ថែម​ពាក្យបណ្ដឹង​មួយ​ទៀត ដោយ​ប្ដឹង​អតីត​នាយករដ្ឋមន្ត្រី KP Sharma Oli ពី​បទ​បំពាន​អំណាច​រដ្ឋ បំផ្លាញ​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​នេប៉ាល់ ដែល​មាន​ផែនការ​បង្កើត​ប្រព័ន្ធ​រដ្ឋអំណាច​ផ្ដាច់ការ។

តាម​ប្រភព​ដដែល​នេះ គណៈកម្មាធិការ​យុត្តិធម៌​ឯករាជ្យ​មួយ​របស់​នេប៉ាល់ បាន​ទទួល​ពាក្យបណ្ដឹង​របស់​ក្រុម​ចលនា GenZ ហើយ។ គណៈកម្មាធិការ​នេះ​ក៏​បាន​ប្រកាស​ពី​ដំណើរការ​ស៊ើបអង្កេត​ផង​ដែរ។

បើ​តាម​ពួក​មន្ត្រី​ប៉ូលិស​ស្នងការ​ក្រុង Kathmandu ការ​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី KP Sharma Oli និង​អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ Ramesh Lekhak អាច​នឹង​ធ្វើឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ ខណៈ​លិខិត​ឆ្លងដែន​របស់​បុគ្គល​ទាំង​ពីរ​រូប​នេះ និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់​ទៀត​នៃ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​រំលាយ ក៏​ត្រូវ​បាន​រឹបអូស​ដែរ។

ក្នុង​អន្តរកាល​របស់​រដ្ឋាភិបាល​នៃ​នាយករដ្ឋមន្ត្រី​ស្ដីទី អ្នកស្រី Sushila Karki ស្ថានភាព​នយោបាយ​ក៏​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​ខ្លាំង គឺ​ការ​ធ្វើ​ដំណើរ​លើ​វិថី​ប្រជាធិបតេយ្យ​ថ្មី​នេប៉ាល់ ក៏​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ក្រុម​ចលនា GenZ។

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន លោក Jagadish Kharel បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ដល់​បក្ស​នយោបាយ និង​កម្លាំង​នយោបាយ​ទាំងអស់ ត្រៀម​ធ្វើ​សកម្មភាព​នយោបាយ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​សភា នៅ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៦។

បើ​តាម​លោក​រដ្ឋមន្ត្រី Jagadish Kharel នាយករដ្ឋមន្ត្រី​ស្តីទី អ្នកស្រី Sushila Karki បាន​ប្ដេជ្ញាចិត្ត​យ៉ាង​ម៉ត់ចត់​ថា​ការ​បោះឆ្នោត​ខាងមុខ​នេះ ត្រូវតែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូត ទាំង​សេរីភាព​នយោបាយ​បើក​ចំហ និង​តម្លាភាព ជាមួយ​នឹង​សេរីភាព​ពេញលេញ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

កាលពី​សប្ដាហ៍​មុន អ្នកស្រី Sushila Karki បាន​សន្យា​បោស​សម្អាត​អំពើពុករលួយ​ក្នុង​ប្រទេស និង​ធ្វើ​ឲ្យ​មាន​សមភាព​សេដ្ឋកិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​ចលនា GenZ។

អ្នកស្រី​ក៏​បាន​សន្យា​ថា ទោះបីជា​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​នេប៉ាល់ ប្រែ​ក្លាយ​ទៅ​ជា​យ៉ាងណាក្ដី ក៏​រដ្ឋាភិបាល​បណ្ដោះអាសន្ន​របស់​អ្នកស្រី នឹង​មិន​ដឹកនាំ​ប្រទេស​លើស​ពី ៦​ខែ​ឡើយ។ អ្នកស្រី​សន្យា​ទៀត​ថា សម្រេច​កាន់​អំណាច​រហូត​ដល់​ត្រឹម​ថ្ងៃ​បោះឆ្នោត​នៅ​ខែ​មីនា ឆ្នាំ​ក្រោយ ដែល​អ្នកស្រី​នឹង​ផ្ទេរ​អំណាច​ទៅ​នាយករដ្ឋមន្ត្រី​ឈ្នះ​ឆ្នោត​ភ្លាមៗ។

ខណៈ​ស្ថានភាព​ប្រទេស​ចាប់ផ្តើម​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើងវិញ​ជាមួយ​នឹង​ប្រព័ន្ធ​រដ្ឋាភិបាល​ថ្មី​ទទួល​បាន​ទំនុកចិត្ត​ពី​ប្រជាជន​នេប៉ាល់ ទាំង​ប្រុស ទាំង​ស្រី និង​គ្រប់​វណ្ណៈ​សង្គម​នេប៉ាល់ នាយករដ្ឋមន្ត្រី​ស្តីទី អ្នកស្រី Sushila Karki សន្យា​បើក​ចំហ​សង្គម​នេប៉ាល់ ជាមួយ​នឹង​ការ​លើក​ទឹកចិត្ត​យុវជន​នេប៉ាល់ ឱ្យ​ចូលរួម​ធ្វើ​សកម្មភាព​សង្គម ដោយ​រួម​គ្នា​បោស​សម្អាត​ដង្កូវ​សង្គម​ដែល​បង្ក​ការ​រាំងស្ទះ​ដល់​ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ​នេប៉ាល់ ដែល​អ្នកស្រី​សច្ចា​ថា​មិន​ទុក​ឱ្យ​អំពើពុករលួយ​ក្លាយ​ជា​ដំបៅ​មហារីក​សង្គម​នេប៉ាល់ ទៀត​ឡើយ។

ដោយ​ឃើញ​ដូចនេះ ប្រជាជន​នេប៉ាល់ ភាគច្រើន​បាន​សាទរ​ចំពោះ​អ្នកស្រី Sushila Karki ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន ជាមួយ​នឹង​ក្ដី​សង្ឃឹម​ថា​អ្នកស្រី​នឹង​អាច​ដឹកនាំ​ប្រទេស​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ ដោយ​ផ្ដល់​យុត្តិធម៌​សម្រាប់​ប្រជាជន​នេប៉ាល់ ដែល​ក្រីក្រ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version