រដ្ឋមន្ត្រីការបរទេសប្រទេសម៉ាឡេស៊ី អះអាងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ក្នុងជំនួបកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាចុងខែតុលា នេះ។
កាសែត South China Morning Post បានស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាស់សាន (Mohamad Hasan) នៅថ្ងៃទី១៤ ខែតុលា នេះថា នៅសល់តែ ១១ថ្ងៃទៀតប៉ុណ្ណោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងកូឡាឡាំពួរ។
ប្រភពដដែល អះអាងថា កិច្ចប្រជុំមេដឹកនាំអាស៊ាន នឹងធ្វើឡើងនៅរាជធានីម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ខាងមុខនេះ ខណៈកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក៏នឹងត្រូវចុះហត្ថលេខាក្រោមអធិបតីភាពប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះដែរ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី រូបនេះ បញ្ជាក់ថា ប្រទេសម៉ាឡេស៊ី រួមទាំងសហរដ្ឋអាមេរិក នឹងសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងប្រទេសកម្ពុជា ដែលតម្រូវឱ្យភាគីទាំងសងខាងដកចេញនូវយុទ្ធោបករណ៍ធុនធ្ងន់ និងដោះមីនចេញពីព្រំដែនរៀងៗខ្លួន។
មន្ត្រីការបរទេសដដែលនេះ សង្ឃឹមថា ក្នុងកិច្ចប្រជុំនេះនឹងមានការចុះហត្ថលេខាលើសេចក្តីប្រកាសដែលគេស្គាល់ថាជាកិច្ចព្រមព្រៀងកូឡាឡាំពួរ រវាងប្រទេសជិតខាងទាំងពីរ ដើម្បីធានាសន្តិភាព និងបទឈប់បាញ់យូរអង្វែងទៅថ្ងៃមុខ។
ជុំវិញបញ្ហានេះ សារព័ត៌មានថៃ The Nation បានស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat ថា ជុំវិញដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិកទៅប្រទេសម៉ាឡេស៊ី រដ្ឋាភិបាលថៃ ទទូចឱ្យប្រទេសកម្ពុជា អនុវត្តតាមលក្ខខណ្ឌទាំងបួនដែលថៃ បានលើកឡើងទាក់ទងនឹងជម្លោះព្រំដែននាពេលកន្លងមក។
ពាក់ព័ន្ធនឹងគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះ អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ តុលា នេះថា ខ្មែរ-ថៃ មានសន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម រួមទាំងអនុស្សរណៈយោគយល់គ្នា ព្រមទាំងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផងដែរ ក្នុងការធានាថាទឹកដីប្រទេសកម្ពុជា មិនមានការរំលោភបំពានពីប្រទេសជិតខាង។
លោក វ៉ន ចាន់ឡូត លើកឡើងថា តើចាំបាច់អ្វីដែលត្រូវមានកិច្ចព្រមព្រៀងសន្តិភាពបន្ថែមទៀតជាមួយថៃ? តើមានរបៀបវារៈអ្វីនៅពីក្រោយកិច្ចព្រមព្រៀងសន្តិភាពនេះ ខណៈកិច្ចព្រមព្រៀងនានា រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នា ថៃ មិនដែលគោរពផងនោះ?
លោកបញ្ជាក់ថា តើសង្ឃឹមថាថៃ នឹងគោរពកិច្ចព្រមព្រៀងដែលគ្រោងធ្វើឡើងនាពេលខាងមុខនេះដែរឬទេ ខណៈថៃ បានបំពានកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងគឃ្លើន អាមេរិកគ្មានប្រតិកម្មផងនោះ?
ត្រង់ចំណុចនេះ នាយក្រុមសង្កេតការណ៍អន្តរកាល ឧត្ដមសេនីយ៍ត្រី Samsul Rizal Bin Musa ពីកងទ័ពម៉ាឡេស៊ី ប្រាប់កាសែតបរទេសថា យោធាថៃ បានគោរពកិច្ចព្រមព្រៀងឈប់បាញ់គ្នាប្រកបដោយវិជ្ជាជីវៈខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី១៣ ខែតុលា នេះថា កម្ពុជាគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់ខ្លួនទេ ប៉ុន្តែទន្ទឹមនឹងនេះ កម្ពុជាក៏នឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់ខ្លួនដោយត្រឹមត្រូវនោះដែរ។
ក្រសួងការបរទេស បញ្ជាក់ថា អ្វីដែលប្រទេសកម្ពុជា ស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលម្អៀង ក្នុងនោះ ប្រទេសកម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
