The Cambodia Daily Khmer

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) ត្រូវ​បាន​លើក​ពេល​ដោយ​មិន​ទាន់​ដឹង​ថ្ងៃ​កំណត់​ជាក់លាក់

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៥ ត្រូវ​បាន​លើក​ពេល ដោយ​មិន​ទាន់​ដឹង​ថ្ងៃ​កំណត់​ជាក់លាក់។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា គម្រោង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែ​តុលា នេះ នឹង​ត្រូវ​ជំនួស​ដោយ​ជំនួប​រវាង​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) វិញ។

អ្នក​នាំពាក្យ​រូប​នេះ បញ្ជាក់​ថា យោធភូមិភាគ​ទី​៤ កម្ពុជា នឹង​បន្ត​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ខាងលើ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​ពីរ​ជំរុញ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ ព្រមទាំង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​សំដៅ​លើក​កម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ការ​វិលត្រឡប់​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ​ផង​ដែរ។

កាលពី​ថ្ងៃទី​៣ ខែ​តុលា កាសែត The Nation បាន​ចុះផ្សាយ​ថា មេបញ្ជាការ​ភូមិភាគ​ទី​១ ថៃ លោក វីរ៉ាក់យុត លឿងសុវណ្ណ បាន​ស្នើសុំ​ពន្យារ​ពេល​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​តំបន់ (RBC) ក្រោម​ហេតុផល​ថា មិន​មាន​ការ​ពិភាក្សា​អំពី​ផែនការ​ជម្លៀស​ប្រជាជន​កម្ពុជា ក្នុង​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ដែល​ថៃ បាន​ចោទ​ថា​ពួកគេ​កំពុង​រស់នៅ​ភូមិ Ban Nong Chan និង​ភូមិ Ban Nong Ya Kaew របស់​ប្រទេស​ថៃ។

ប្រភព​ដដែល បញ្ជាក់​ថា ភាគី​ថៃ បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​កម្ពុជា រៀបចំ​ផែនការ​ជម្លៀស​ពលរដ្ឋ​ទាំងនោះ​ចេញពី​តំបន់​ប្រឈម​ក្នុង​បរិវេណ​ភូមិ​ណងចាន់ និង​ភូមិ​ណងយ៉ាកែវ ស្រុក​ខូកស៊ូង និង​ភូមិ​តាផាក់យ៉ា ស្រុក​តាផាក់យ៉ា ខេត្ត​ស្រះកែវ ដោយ​ផ្ញើ​ផែនការ​ជម្លៀស​ប្រជាជន​ខ្មែរ​ទាំងនោះ​មក​កងទ័ព​ភូមិភាគ​ទី​១ ថៃ នៅ​ថ្ងៃទី​៧ ខែ​តុលា ទើប​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) អាច​ដំណើរការ​បន្ត​ទៅ​ទៀត​បាន។

ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​កាលពី​ថ្ងៃទី​១៣ ខែ​តុលា ថា ចាប់តាំងពី​យប់​ថ្ងៃទី​១០ ដល់​យប់​ថ្ងៃទី​១២ ខែ​តុលា នេះ យោធា​ថៃ បាន​ចាក់​បំពង​សំឡេង​ខ្លាំងៗ​ជា​រៀងរាល់​យប់ ចាប់ពី​ម៉ោង ៧​យប់​ដល់​ម៉ោង ៧​ព្រឹក នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ដូចជា សំឡេង​ភាពយន្ត​ឯកសារ សំឡេង​តន្ត្រី​ចម្រៀង​ថៃ តន្ត្រី​ចម្រៀង​ប្រពៃណី​ខ្មែរ សំឡេង​ព្រះសង្ឃ​សូត្រធម៌ សំឡេង​ស្មូត្រ និង​សំឡេង​ព្រឺព្រួច​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ នេះ រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ អះអាង​ថា កងអនុសេនាធំ​លេខ​២ ផ្នែក​សឹករង​ក្រុង​សំរោង បាន​បាញ់​ទម្លាក់​ដ្រូន​របស់​ថៃ មួយ​គ្រឿង ដែល​ត្រូវ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​ភូមិសាស្ត្រ​វត្ត​ថ្មដូន ស្ថិត​ក្នុង​ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​១៥ ខែ​តុលា នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version