អ្នកសង្កេតការណ៍ចាត់ទុកការគេចវេះការអនុវត្តនូវកិច្ចសន្យារវាងក្រុមហ៊ុនអចលនទ្រព្យចំពោះអតិថិជន ជាអំពើល្មើសដែលអាជ្ញាធររដ្ឋគួរតែមានវិធានការផ្លូវច្បាប់ដោយគ្មានលើកលែង។
អ្នកប្រឹក្សាយោបល់ខាងការអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ តុលា នេះថា ការបណ្តែតបណ្តោយឱ្យក្រុមហ៊ុនបំពានកិច្ចសន្យាជាមួយអតិថិជនតាមអំពើចិត្ត គឺជាគំរូអាក្រក់មួយដែលនាំទៅដល់ការមិនទុកចិត្តរបស់ពលរដ្ឋលើការអនុវត្តច្បាប់របស់រដ្ឋាភិបាល។
លោកអះអាងថា វិធីល្អបំផុត ភាគីក្រុមហ៊ុនត្រូវចេញមុខទទួលខុសត្រូវក្រោមកិច្ចព្រមព្រៀងណាមួយដែលអតិថិជនអាចទទួលយកបាន ពីព្រោះអ្នកខាតបង់នៅពេលនេះ គឺពលរដ្ឋដែលបានទិញដី ផ្ទះ និងវីឡាទាំងនោះ។ ផ្ទុយទៅវិញ បើក្រុមហ៊ុនចេះតែគេចវេះបន្តទៀត នោះអាជ្ញាធររដ្ឋត្រូវតែអនុវត្តច្បាប់ជាដាច់ខាត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដើម្បីទប់ស្កាត់ការបោកប្រាស់ផងដែរ ប្រសិនបើការគេចវេះនេះធ្វើឡើងក្នុងចេតនាមិនដោះស្រាយបញ្ហានោះ។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ពលរដ្ឋរងគ្រោះក្នុងគម្រោងអចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅមុខបុរីគម្រោងអចលនទ្រព្យផ្លូវជាតិលេខ ៦អា (A) ដោយលើកបដាទាមទារឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមុខដោះស្រាយ និងសងលុយឱ្យពួកគេវិញ។
ក្រុមពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា អះអាងក្នុងការតវ៉ានេះថា មកទល់នឹងពេលនេះ គឺមានរយៈពេល ៥ឆ្នាំហើយដែលភាគីខាងក្រុមហ៊ុន ជាពិសេសឧកញ៉ា ឡេង ណាវ៉ាត្រា ព្យាយាមគេចវេះមិនដោះស្រាយបញ្ហាឱ្យពួកគេ បន្ទាប់ពីខកខានផ្តល់ដី ផ្ទះ និងវីឡាទៅតាមកិច្ចសន្យាដែលពួកគេបានទិញ។
ពលរដ្ឋរងគ្រោះទាំងនេះ ស្នើសុំឱ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ ជួយអន្តរាគមន៍ដើម្បីផ្តល់យុត្តិធម៌ឱ្យពួកគេ ដោយការចាក់ដីបំពេញ និងសាងសង់ផ្ទះតាមកិច្ចសន្យា ឬសងលុយឱ្យពួកគេវិញ ប្រសិនបើក្រុមហ៊ុនគ្មានលទ្ធភាពសាងសង់ផ្ទះ និងវីឡាដែលពួកគេបានទិញនោះ។
អតិថិជនទាំងនេះ អះអាងថា យោងតាមកិច្ចសន្យាទិញលក់ ភាគីក្រុមហ៊ុនបានសន្យាថានឹងសាងសង់ឱ្យរួចរាល់ត្រឹមរយៈពេល ១៨ខែ គឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ត្រូវប្រគល់សោផ្ទះឱ្យអតិថិជនចូលទៅរស់នៅតែម្តង ប៉ុន្តែបើធ្វើមិនបានតាមកិច្ចសន្យាទេ នោះក្រុមហ៊ុនសន្យាផ្តល់សំណងដល់អតិថិជនក្នុង ១ខែចំនួន ១០០ដុល្លាររហូតទាល់តែផ្ទះសាងសង់រួចជាស្ថាពរ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងឧកញ៉ា ឡេង ណាវ៉ាត្រា សុំការបំភ្លឺបន្ថែមជុំវិញបញ្ហានេះបាននៅឡើយទេរហូតមកទល់នឹងម៉ោងផ្សាយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
