អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ អះអាងថា យោធាថៃ បានប្រើគ្រឿងចក្រអេស្កាវ៉ាទ័រ វាយកម្ទេចផ្ទះរបស់ពលរដ្ឋខ្មែរមួយខ្នង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមិនបានជូនដំណឹងជាមុនមកអាជ្ញាធរខ្មែរនោះឡើយ។
លោក លី សុវណ្ណារិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅម៉ោងប្រមាណ ២រសៀល យោធាថៃ បានវាយខ្ទេចផ្ទះរបស់ពលរដ្ឋមួយខ្នងដែលធ្វើពីស័ង្កសី ដោយមិនបានជូនដំណឹងជាមុនមកអាជ្ញាធរកម្ពុជា នោះទេ។ លោកថា លោកមិនបានដឹងថាទាហានថៃ ប្រើកម្លាំងប៉ុន្មាននាក់នោះឡើយ។
ប្រភពដដែលអះអាងថា ទីតាំងដែលបានវាយបំផ្លាញនោះ គឺជាទីតាំងដែលយោធាថៃ រាយបន្លាលួសហ៊ុមព័ទ្ធតាំងពីថ្ងៃទី១២ ខែសីហា មកម្ល៉េះ។
លោក លី សុវណ្ណារិទ្ធ បន្តថា នេះជាទង្វើនៃការរំលោភបំពានធ្ងន់ធ្ងរតាមរយៈការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ លោកថា ក្រុមការងារខេត្តបន្ទាយមានជ័យ កំពុងបញ្ជូនរបាយការណ៍នេះទៅថ្នាក់លើ។
កម្ពុជា ធ្លាប់ព្រមានថា សកម្មភាពទន្ទ្រានកាន់កាប់ទឹកដីខ្មែរដោយឯកតោភាគីពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួសសំណាញ់ រនាំង និងដាក់សម្បកកង់ឡាននៅកំណាត់ខ្សែព្រំដែនជាបន្តបន្ទាប់ក្នុងពេលនេះ គឺជាការរំលោភលើស្មារតីនៃអនុស្សរណៈយោគយល់ឆ្នាំ២០០០ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) របស់ភាគីកម្ពុជា ប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤៦ ដល់លេខ៤៧ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ សីហា កន្លងទៅនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១/២០០០០០ និងបង្គោលព្រំដែនចំនួន ៧៤បង្គោល ដែលត្រូវបានបោះតាំងពីជាង ១០០ឆ្នាំមុនមកម្ល៉េះ។
ជុំវិញបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកន្លងមកថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិទៅកាន់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានកាលពីពេលថ្មីៗនេះ ក្នុងបំណងជំរុញឱ្យភាគីថៃ រើបន្លាលួស និងកង់ឡានដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជា ចេញវិញ។
ជាងនេះទៀត លោកថាក៏ដើម្បីធានាការប្រគល់ទ្រព្យសម្បត្តិ និងស្រែចម្ការរបស់ពលរដ្ឋខ្មែរទាំងអស់ដែលត្រូវបានភាគីថៃ រំលោភយកដែរ និងដើម្បីជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀង ១៣ចំណុចនៃកិច្ចប្រជុំ GBC ព្រមទាំងបង្កើតក្រុមការងារចំពោះកិច្ចក្នុងការស៊ើបអង្កេត និងស្វែងរកអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធចំពោះអំពើរំលោភបំពាននេះថែមទៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
