The Cambodia Daily Khmer

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​ចាញ់​ឧបាយកល​ថៃ ដោយ​ទទួលយក​លក្ខខណ្ឌ​វាស់វែង​តំបន់​ព្រំដែន​លើ​ដី​ជាក់ស្តែង

កិច្ចប្រជុំ​ពិសេស​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា-ថៃ នៅ​ខេត្ត​ចន្ទបុរី ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី​២១-២២ ខែ​តុលា ឆ្នាំ​២០២៥។

កិច្ចប្រជុំ​ពិសេស​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា-ថៃ នៅ​ខេត្ត​ចន្ទបុរី ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី​២១-២២ ខែ​តុលា ឆ្នាំ​២០២៥។

អ្នក​ឃ្លាំមើល​លើកឡើង​ថា កម្ពុជា​ចាញ់​ឧបាយកល​ថៃ ដោយ​ទទួលយក​លក្ខខណ្ឌ​វាស់វែង​តំបន់​ព្រំដែន​លើ​ដី​ជាក់ស្តែង ព្រោះ​ការ​ទទួលយក​លក្ខខណ្ឌ​បែប​នេះ គឺ​ស្មើ​នឹង​ទទួលយក​ផែនទី​ខ្នាត ១/៥០០០០ របស់​ថៃ ដែល​មាន​ន័យ​ថា កងទ័ព​ថៃ បាន​ឈ្លានពាន​លើ​កម្ពុជា និង​ឈរជើង​នៅ​តំបន់​ណា តំបន់​នោះ​គឺជា​កម្មសិទ្ធិ​របស់​ថៃ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ តុលា នេះ​ថា ក្នុង​ចំណុច​ទី​៦ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​គោក (JBC) គ្រាន់តែ​បាន​កំណត់​នូវ​ពាក្យ​ថា វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​នៅ​លើ​ដី​ជាក់ស្តែង​ប៉ុណ្ណោះ មិន​កំណត់​ពី​ការ​ប្រើប្រាស់​ផែនទី​ខ្នាត ១/២០០០០០ ឡើយ។

លោក ម៉ែន ណាត អះអាង​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត អំពី​ការ​ប្រើប្រាស់​ផែនទី​ខ្នាត ១/២០០០០០ ដែល​ត្រូវ​ថៃ ច្រានចោល​នោះ ទំនង​ជា​គាត់​មាន​ចេតនា​បិទបាំង​ខ្លឹមសារ​ដែល​បាន​កំណត់​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​គោក (JBC) ដែល​កម្ពុជា ព្រម​ទទួលយក​លក្ខខណ្ឌ​ថៃ ដែល​បង្កប់​ខ្លឹមសារ​របស់​ផែនទី​ខ្នាត ១/៥០០០០ របស់​ថៃ នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា រូប​នេះ លើកឡើង​ថា បើ​កម្ពុជា​បោះបង់​ផែនទី​ខ្នាត ១/២០០០០០ គឺ​ស្មើ​នឹង​ទទួលយក​ផែនទី​ខ្នាត ១/៥០០០០ របស់​ថៃ ដែល​នឹង​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ខ្មែរ។

លោក​ថា កម្ពុជា​គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ (ICJ) ដោយ​ប្រើ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១០៩៤ និង​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​បារាំង​ខ្នាត ១/២០០០០០ ស្ដីពី​ការ​កំណត់​ព្រំដែន​គោក​កម្ពុជា-ថៃ នោះ​ទេ។

លោក​ព្រមាន​ថា ការ​ប្តូរផ្តាច់​ការពារ​សន្តិភាព​ដោយ​ទទួលយក​លក្ខខណ្ឌ​របស់​ថៃ ដែល​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ខ្មែរ មិនមែន​ជា​សន្តិភាព​ពិត​ឡើយ ប៉ុន្តែ​ជា​សន្តិភាព​លើ​ជ្រញ់​សម្រាប់​បរទេស​ឈ្លានពាន​កាប់​ចិញ្ច្រាំ​យក​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ ហើយ​សន្តិភាព​បែប​នេះ ពលរដ្ឋ​ខ្មែរ​នឹង​អស់​ទឹក​អស់​ដី​នៅ​ថ្ងៃ​អនាគត។

កាសែត The Nation របស់​ថៃ បាន​ចុះផ្សាយ​សម្ដី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ លោក សិរិពង្ស អង្គកាសាគុលគីត (Siripong Angkasakulkiat) នៅ​ថ្ងៃទី​២៤ តុលា ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​គោក (JBC) កាលពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែ​តុលា នេះ មិន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ណា​មួយ​ទាក់ទង​នឹង​មាត្រដ្ឋាន​ផែនទី​មាត្រដ្ឋាន ១/២០០០០០ និង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ តាម​ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត នោះ​ឡើយ។

កាលពី​ថ្ងៃទី​២៣ ខែ​តុលា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា បញ្ហា​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ បាន​បោះ​មួយ​ជំហាន​ទៅ​មុខ​ប្រកប​ដោយ​ភាព​ច្បាស់លាស់​ជាង​ពេល​មុន ព្រោះតែ​ភាគី​ទាំង​ពីរ​អាច​យក​គោលការណ៍​បច្ចេកទេស និង​ច្បាប់​មក​ជជែក​គ្នា ដើម្បី​រក​ដំណោះស្រាយ​មួយ​ដោយ​សន្តិវិធី។

យ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version