មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដើម្បីបង្ហាញពីឆន្ទៈក្នុងការបង្កើនទំនាក់ទំនងការទូតជាមួយអាមេរិក ឱ្យកាន់តែល្អប្រសើរឡើងវិញ បន្ទាប់ពីអាមេរិក បានជួយកម្ពុជា ឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ ជុំវិញបញ្ហាព្រំដែននាពេលនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃចន្ទ ថា បើអាមេរិក ពិតជានៅពីក្រោយលោក កឹម សុខា ដើម្បីគប់គិតគ្នាផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដូចតុលាការកម្ពុជា ចោទប្រកាន់មែន ពេលនេះអាមេរិក ក៏មិនជួយកម្ពុជា ឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពជុំវិញជម្លោះព្រំដែនជាមួយថៃ ដែរ។
លោក ហ៊ីង សុខសាន្ត លើកឡើងថា ក្រៅពីការជួយធានាកុំឱ្យមានសង្គ្រាមជាមួយថៃ អាមេរិក ក៏បានដកបម្រាមហាមឃាត់លក់អាវុធចេញពីកម្ពុជា និងមានគម្រោងធ្វើសមយុទ្ធយោធា រួមទាំងបង្កើនចំនួនមន្ត្រីកម្ពុជា ឱ្យទទួលបានការសិក្សានៅសាលាយោធារបស់ខ្លួនថែមទៀត ដែលនេះគឺបង្ហាញពីសមានចិត្តល្អរបស់អាមេរិកលើកម្ពុជា ដែលផ្ទុយពីការចោទរបស់កម្ពុជា លើអាមេរិករហូតមក។
មន្ត្រីបក្សប្រឆាំងរូបនេះ បញ្ជាក់ថា អាមេរិកតែងបង្ហាញជំហរទៅកាន់កម្ពុជា ជារឿយៗឱ្យដោះលែងលោក កឹម សុខា និងបើកលំហសេរីភាពរបស់ពលរដ្ឋ រួមទាំងការគោរពសិទ្ធិមនុស្សផងដែរ ព្រោះទាំងអស់នេះគឺជាមូលដ្ឋានរបស់ប្រជាធិបតេយ្យដែលអាមេរិកចង់បាន ខណៈកម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ពីអាមេរិក ដែរ។
លោកបញ្ជាក់ថា ដើម្បីបង្ហាញពីការអរគុណដល់អាមេរិក ដែលបានជួយកម្ពុជា លើបញ្ហាព្រំដែន និងផ្តល់ឱកាសដល់កម្ពុជា ក្នុងការធ្វើទំនាក់ទំនងការទូតឡើងវិញ កម្ពុជាគួរតែដោះលែងលោក កឹម សុខា ដើម្បីបញ្ជាក់ថាខ្លួនក៏បានបញ្ឈប់ការចោទប្រកាន់លើអាមេរិក បន្តទៀតដែរ រួមទាំងដោះលែងអ្នកទោសមនសិការដទៃទៀតដែលអាមេរិក ចង់ឃើញរហូតមកនោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលតុលាការក្រុងភ្នំពេញ នៅតែបន្តចោទប្រកាន់លោក កឹម សុខា ដោយភ្ជាប់ជាមួយអាមេរិក ពីបទគប់គិតគ្នាដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ និងដកហូតសិទ្ធិមិនឲ្យធ្វើនយោបាយអស់មួយជីវិតពីបទក្បត់ជាតិ ដោយគប់គិតជាមួយសហរដ្ឋអាមេរិក។
ជុំវិញបញ្ហានេះ អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានលើកឡើងកាលពីពេលថ្មីៗនេះថា ០៨ឆ្នាំហើយដែលលោក កឹម សុខា ត្រូវបាត់បង់នូវសេរីភាពដោយការចោទប្រកាន់មួលបង្កាច់ដែលមានចរិតនយោបាយ និងការកាត់ទោសទាំងអយុត្តិធម៌។
លោក មុត ចន្ថា លើកឡើងថា សហរដ្ឋអាមេរិក ត្រូវបានតំណាងអយ្យការ និងក្រុមមេធាវីរដ្ឋាភិបាល ចោទប្រកាន់ថាជាមេខ្លោងនៅពីក្រោយលោក កឹម សុខា ក្នុងការផ្តល់ហិរញ្ញវត្ថុ និងរៀបចំផែនការ ដើម្បីធ្វើបដិវត្តដែលបង្កឱ្យមានប្រទូសរ៉ាយ ឬឈ្លានពានប្រទេសកម្ពុជា។
ជាងនេះទៅទៀត តំណាងអយ្យការ និងក្រុមមេធាវីរដ្ឋាភិបាលទាំងនោះ ក៏បានចោទស្ថាប័នរដ្ឋាភិបាលអាមេរិក និងអង្គការអាមេរិកចំនួនពីរ ព្រមទាំងឥស្សរជននៃរដ្ឋាភិបាលអាមេរិកមួយចំនួនផងដែរ ដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) រួមទាំងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងសមាជិករដ្ឋសភា ព្រមទាំងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ថែមទៀត។
លោក មុត ចន្ថា លើកជាសំណួរថា តើសាធារណជនជាតិ និងអន្តរជាតិ បានឃើញសហរដ្ឋអាមេរិក ចូលមកប្រទូសរ៉ាយ ឬឈ្លានពានកម្ពុជា ដូចការចោទប្រកាន់របស់តំណាងអយ្យការ និងក្រុមមេធាវីរដ្ឋាភិបាលដែរឬទេ ប៉ុន្តែគេបែរជាឃើញអាមេរិកចេញមុខជួយកម្ពុជា ជុំវិញការឈ្លានពានរបស់ថៃ ក្នុងពេលនេះទៅវិញ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខជួយកម្ពុជា ឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយថៃ ខណៈថ្ងៃទី២៦ ខែតុលា នេះ លោក ដូណាល់ ត្រាំ ក៏បានចេញមុខធ្វើសាក្សីជួយកម្ពុជា ឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ បន្ថែមទៀតដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
