The Cambodia Daily Khmer

សកម្មជន​នយោបាយ​ក្រុម​អាវ​លឿង​ថៃ ប្រមូលផ្ដុំ​គ្នា​បំណង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​ភូមិ​ព្រៃចាន់

សកម្មជន​នយោបាយ​របស់​ក្រុម​អាវ​លឿង​ថៃ លោក វីរៈ ស៊ុមខ្វាមឃីត (រូប​កណ្ដាល) ប្រមូលផ្ដុំ​បក្ខពួក​សម្រុក​ចូល​ទៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ ប៉ុនប៉ង​អុកឡុក​ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​តំបន់​នោះ កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៥។

សកម្មជន​នយោបាយ​របស់​ក្រុម​អាវ​លឿង​ថៃ លោក វីរៈ ស៊ុមខ្វាមឃីត (រូប​កណ្ដាល) ប្រមូលផ្ដុំ​បក្ខពួក​សម្រុក​ចូល​ទៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ ប៉ុនប៉ង​អុកឡុក​ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​តំបន់​នោះ កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៥។

អតីត​អ្នកទោស​ដែល​ធ្លាប់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា លោក វីរៈ ស៊ុមខ្វាមឃីត និង​ជា​សកម្មជន​នយោបាយ​របស់​ក្រុម​អាវ​លឿង​ថៃ ប្រមូលផ្ដុំ​បក្ខពួក​ប្រមាណ​ជា ៦០​នាក់ សម្រុក​ចូល​ទៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ ប៉ុនប៉ង​អុកឡុក​ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​តំបន់​នោះ។

សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន នៅ​ថ្ងៃ​សុក្រ ទី​៣១ តុលា បាន​ចុះផ្សាយ​ព្រោងព្រាត​នូវ​សកម្មភាព​របស់​ជនជាតិ​ថៃ មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​ជា ៦០​នាក់ ដឹកនាំ​ដោយ​សកម្មជន​នយោបាយ​ក្រុម​អាវ​លឿង​ថៃ លោក វីរៈ ស៊ុមខ្វាមឃីត ដែល​មាន​ទាំង​ត្រាក់ទ័រ និង​អេស្កាវាទ័រ បាន​លើក​គ្នា​បម្រុង​ចូល​ទៅ​ភូមិ​ព្រៃចាន់ ក្នុង​បំណង​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​តំបន់​នោះ។

ប្រភព​ដដែល បង្ហាញ​ថា កងកម្លាំង​ថៃ បាន​ចេញ​មក​ទប់ស្កាត់​មិន​ឲ្យ​ក្រុម​របស់​លោក វីរៈ ស៊ុមខ្វាមឃីត និង​បក្ខពួក​ចូល​ទៅ​បង្ក​ភាព​អនាធិបតេយ្យ និង​បណ្តេញ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​ភូមិ​ព្រៃចាន់ ឡើយ ខណៈ​ក្រុម​ពលរដ្ឋ​ថៃ ទាំងនេះ នាំគ្នា​ស្រែក​ទាមទារ​ឱ្យ​កងទ័ព​ថៃ ត្រូវតែ​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ឱ្យ​បាន។

ពលរដ្ឋ​ថៃ ទាំងនោះ ព្រមាន​ទៅ​កាន់​ក្រុម​យោធា​ថៃ ថា បើ​កងទ័ព​ថៃ ទាំងនោះ មិន​ធ្វើ​តាម​បំណង​របស់​ពួកគេ​ទេ ពួកគេ​នឹង​ចូល​ទៅ​បណ្តេញ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ភូមិ​ព្រៃចាន់ នេះ​ដោយ​ខ្លួនឯង មិន​ចាំបាច់​ពឹង​លើ​កងកម្លាំង​យោធា​នោះ​ទេ។

កាលពី​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២៥ កងកម្លាំង​យោធា​ថៃ រាប់​រយ​នាក់ បាន​ធ្វើ​សកម្មភាព​លប​ចូល​ទៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ប៉ុនប៉ង​រាយ​លួស​បន្លា​សាជាថ្មី ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ប្រមូលផ្ដុំ​គ្នា​រារាំង និង​បណ្តេញ​ពួកគេ​ត្រឡប់​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២៥ កាសែត ខៅស៊ុត (Khaosod) របស់​ថៃ បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ថា នៅ​ក្នុង​តំបន់​ត្រួតស៊ីគ្នា កម្ពុជា​បាន​រំលោភ​ចូល​ដី​ថៃ ចំណែកឯ​ថៃ ក៏​បាន​រំលោភ​ចូល​ដី​កម្ពុជា ដែរ ក្នុង​ខេត្ត​ស្រះកែវ ដែល​ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ របស់​កម្ពុជា ហើយ​បញ្ហា​នេះ ត្រូវតែ​មាន​ការ​គ្រប់គ្រង​ដោយ​យុត្តិធម៌​សម្រាប់​ភាគី​ទាំង​ពីរ។

ប្រភព​ដដែល​អះអាង​ថា ការ​គ្រប់គ្រង​តំបន់​ត្រួតស៊ីគ្នា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ថៃ កំពុង​ផ្ដោត​លើ​តំបន់​បានណងចាន់ (Ban Nong Chan) និង​បានណងយ៉ាកែវ (Ban Nong Ya Kaew) បានកំណានលី ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ (Sa Kaeo) ព្រោះ​មាន​ផ្នែក​ខ្លះ​របស់​កម្ពុជា បាន​រំលោភ​ចូល​មក​លើ​ថៃ ប៉ុន្តែ​ក៏​មាន​ផ្នែក​ខ្លះ​របស់​ថៃ បាន​រំលោភ​ចូល​ទៅ​លើ​កម្ពុជា​ដូច​គ្នា​ដែរ។

លោក អនុធីន ឆានវីរៈគុល លើកឡើង​ថា ប្រសិនបើ​ប្រជាជន​ថៃ បាន​រំលោភ​ចូល​ទឹកដី​ប្រទេស​កម្ពុជា ថៃ​ត្រូវតែ​ប្រគល់​ឲ្យ​ប្រទេស​កម្ពុជា​វិញ ខណៈ​រដ្ឋាភិបាល​ត្រូវតែ​រក​កន្លែង​ស្នាក់នៅ​ថ្មី​សម្រាប់​ពលរដ្ឋ​ដែល​បាន​រំលោភ​លើ​ដី​ប្រទេស​កម្ពុជា ហើយ​ការ​អនុវត្ត​ដូច​គ្នា​នេះ ក៏​ត្រូវ​ធ្វើឡើង​ដោយ​ភាគី​ខ្មែរ​ដែល​បាន​រំលោភ​លើ​ដី​ថៃ ដែរ ក្នុង​ករណី​ដែល​ភាគី​ទាំង​ពីរ​មាន​ការ​ព្រមព្រៀង​គ្នា​នោះ។

គួរ​រំឭក​ថា លោក វីរៈ ស៊ុមខ្វាមឃីត ដែល​ជា​សកម្មជន​អាវ​លឿង​ថៃ ធ្លាប់​ត្រូវ​បាន​តុលាការ​កម្ពុជា ចាប់​ខ្លួន និង​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ កាលពី​ឆ្នាំ​២០១១ ក្រោម​បទ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​ប្រទេស​កម្ពុជា និង​ចូល​យកការណ៍​នៅ​ក្នុង​បន្ទាយ​យោធា​ខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ ក្រោយ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ថៃ៕

សកម្មជន​នយោបាយ​របស់​ក្រុម​អាវ​លឿង​ថៃ លោក វីរៈ ស៊ុមខ្វាមឃីត (រូប​កណ្ដាល) ប្រមូលផ្ដុំ​បក្ខពួក​សម្រុក​ចូល​ទៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ ប៉ុនប៉ង​អុកឡុក​ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​តំបន់​នោះ កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៥។

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version