អ្នកឃ្លាំមើលលើកឡើងថា មហាសេដ្ឋីចិនសញ្ជាតិខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ដែលមានគោរមងារជាឧកញ៉ា រួមទាំងឧកញ៉ា កុក អាន និងឧកញ៉ា លី យ៉ុងផាត់ នឹងត្រូវកាត់ទោសប្រហារជីវិត ប្រសិនបើពួកគេជាជនជាតិចិន ដែលត្រូវរកឃើញថាជាមេឧក្រិដ្ឋជនឆបោក។
អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៥ វិច្ឆិកា ថា ឧក្រិដ្ឋជនកាន់កិច្ចការរដ្ឋ ច្បាស់ជាយកច្បាប់ការពារទង្វើឧក្រិដ្ឋ និងប្រើកងកម្លាំងជាតិការពារអំពើឧក្រិដ្ឋដែលខ្លួនប្រព្រឹត្ត ឬជាប់ពាក់ព័ន្ធនឹងខ្លួនជាមិនខាន។
អ្នកឃ្លាំមើលរូបនេះបញ្ជាក់ថា លោក ចេន ហ្ស៊ី គឺជាមេខ្លោងឧក្រិដ្ឋជនឆបោករត់គេចខ្លួនពីការតាមចាប់របស់រដ្ឋាភិបាលចិន តែបែរជាមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទទួលដៃដប់ឱ្យធ្វើជាទីប្រឹក្សារបស់គាត់ទៅវិញ ដូច្នេះហើយបានជាក្រុមហ៊ុនធំៗរបស់ចិន ឬអ្នកវិនិយោគិនល្អៗរបស់ចិន មិនហ៊ានមកដាក់ទុនវិនិយោគនៅកម្ពុជា ដោយសារតែកម្ពុជាមានឧក្រិដ្ឋជនជាអ្នកធ្វើការងាររដ្ឋ។
កាសែតសិង្ហបុរី CNA បានរាយការណ៍ថា អាជ្ញាធរហុងកុង និងអាជ្ញាធរតៃវ៉ាន់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា នេះ បានបង្កកទ្រព្យសម្បត្តិដែលមានតម្លៃជាង ៥០០លានដុល្លារអាមេរិក (៥០២លានដុល្លារ) ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន និងជាកម្មសិទ្ធិរបស់សម្ពន្ធក្រុមហ៊ុន Prince Group ដែលគ្រប់គ្រងដោយលោក ចេន ហ្ស៊ី (Chen Zhi)។
ប្រភពដដែលឲ្យដឹងថា អាជ្ញាធរក្រុងហុងកុង បានបង្កកទ្រព្យសម្បត្តិក្រុមហ៊ុន Prince Group តម្លៃ ៣៥៤លានដុល្លារ រួមមានសាច់ប្រាក់ ភាគហ៊ុន និងមូលនិធិដែលកាន់កាប់ដោយបុគ្គល និងអង្គភាពសាជីវកម្មរបស់សម្ពន្ធក្រុមហ៊ុន Prince Group ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានបុគ្គលណាមួយត្រូវបានចាប់ខ្លួននៅឡើយទេ។
សហរដ្ឋអាមេរិក ក៏បានដាក់ឈ្មោះក្រុមហ៊ុនរបស់ហុងកុង យ៉ាងតិច ១៨ក្រុមហ៊ុន ចូលទៅក្នុងបញ្ជីខ្មៅដែរ ដែលជាប់ទាក់ទងនឹងសម្ពន្ធក្រុមហ៊ុន Prince Group ក្នុងនោះក៏មានក្រុមហ៊ុនហុងកុង ចំនួនពីរដែរ គឺក្រុមហ៊ុន Khoon Group និងក្រុមហ៊ុន Geotech Holdings។
ចំណែកប៉ូលិសតៃវ៉ាន់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា នេះ អះអាងថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ២៥នាក់ និងរឹបអូសទ្រព្យសម្បត្តិចំនួនជិត ១៤៨លានដុល្លារអាមេរិក ដែលពាក់ព័ន្ធនឹងសម្ពន្ធក្រុមហ៊ុន Prince Group ក្នុងករណីស្រដៀងគ្នានេះ ខណៈទ្រព្យសម្បត្តិដែលរឹបអូសបាន រួមមានរថយន្តទំនើបចំនួន ២៦គ្រឿង អគារ និងគណនីធនាគារមួយចំនួនទៀត។
ទាក់ទិននឹងបញ្ហានេះ កាសែត Asia One បានរាយការណ៍កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅថ្មីៗនេះថា លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររបស់ប្រទេសសិង្ហបុរី រយៈពេល ១០ឆ្នាំ បន្ទាប់ពីរកឃើញថាបានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ រួមទាំងការលាងលុយកខ្វក់។
អាជ្ញាធរសិង្ហបុរី ក៏បានរឹបអូសផ្ទះប្រណិតចំនួន ៦ខ្នង រថយន្តទំនើបៗចំនួន ១១គ្រឿង និងកប៉ាល់កម្សាន្តលំដាប់ខ្ពស់ ១គ្រឿងផងដែរ ដោយសារទ្រព្យសម្បត្តិទាំងនោះមានឫសគល់ជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ រួមទាំងការលាងលុយកខ្វក់។
អាជ្ញាធរសិង្ហបុរី បញ្ជាក់ថា លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសិង្ហបុរី បន្ថែមពីលើទ្រព្យសម្បត្តិដែលត្រូវរឹបអូស ក្រៅពីត្រូវជាប់ពន្ធនាគារនោះ ហើយពេលនេះ អាជ្ញាធរកំពុងតាមរកចាប់ខ្លួនលោក ចេន ហ្ស៊ី និងបក្ខពួកជាង ៣០នាក់ទៀតផងដែរ (៣៧នាក់) ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកចេញពីប្រទេសកម្ពុជា។
ចំណែកចក្រភពអង់គ្លេស ក៏បានបង្កកអចលនទ្រព្យដែលមានតម្លៃជាង ១០០លានដុល្លារអាមេរិករបស់លោក ចេន ហ្ស៊ី នៅភាគឧត្តរនៃទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ផងដែរ។
សព្វថ្ងៃនេះ ក្រៅពីអាជីពជាអ្នកវិនិយោគដោយប្រើសញ្ជាតិខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវបានប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន តែងតាំងជាទីប្រឹក្សាផ្ទាល់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានគោរមងារជាអ្នកឧកញ៉ាតាមការទូលថ្វាយរបស់លោក ហ៊ុន សែន ទៅព្រះមហាក្សត្រ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.