The Cambodia Daily Khmer

លោក ហ៊ុន សែន ថា​ថៃ នឹង​យក​រឿង​បើក​ព្រំដែន​សម្រាប់​ឃោសនា​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន អះអាង​សាជាថ្មី​ថា ដើម្បី​កុំ​ឱ្យ​ទាំង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ថៃ យល់​ច្រឡំ លោក​បញ្ជាក់​ថា កម្ពុជា​មិន​ដែល​ទៅ​សុំ​ថៃ ឲ្យ​បើក​ច្រក​ឡើងវិញ​នោះ​ទេ​ចាប់តាំងពី​ថៃ បិទ​ច្រក​ទ្វារ​ព្រំដែន​ជា​ឯកតោភាគី​មក ហើយ​ថ្នាក់ដឹកនាំ​ថៃ មួយ​ចំនួន នឹង​យក​ប្រធានបទ​នេះ​សម្រាប់​ឃោសនា​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។

នៅ​យប់​ថ្ងៃទី​៤ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ដោយសារ​មួយ​រយៈ​ចុងក្រោយ​នេះ ថ្នាក់ដឹកនាំ​ថៃ មួយ​ចំនួន បាន​យក​រឿង​បើក​ច្រក​ព្រំដែន​ឡើងវិញ មក​និយាយ​យ៉ាង​ច្រើន ដែល​ប្រហែល​ក្លាយ​ជា​ប្រធានបទ​សម្រាប់​ឃោសនា​បោះឆ្នោត​នា​ពេល​ខាងមុខ​ក្នុង​ប្រទេស​ថៃ»

លោក ហ៊ុន សែន អះអាង​ថា ការ​ដែល​ថ្នាក់ដឹកនាំ​ថៃ រាប់​ទាំង​នាយករដ្ឋមន្ត្រី​ថៃ ផង និយាយ​រឿង​បើក​ច្រក​ព្រំដែន​ច្រើន​បែប​នេះ បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ឬ​ប្រជាជន​ថៃ ថា​ភាគី​កម្ពុជា ជា​អ្នក​ទៅ​សុំ​ឲ្យ​ភាគី​ថៃ បើក​ច្រក​ព្រំដែន​ឡើងវិញ។

លោក​អះអាង​បន្ត​ថា ថៃ​អាច​បន្ត​បិទ ១០០​ឆ្នាំ ឬ ៥០០​ឆ្នាំ​ទៀត​ក៏​ជា​រឿង​របស់​ថៃ ព្រោះ​កូនសោ​ស្ថិត​ក្នុង​ដៃ​របស់​ថៃ។ លោក​ថា ការ​បិទ​កន្លង​មក​នេះ​មិន​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់​នោះ​ទេ តែ​ផ្ទុយទៅវិញ ធ្វើ​ឲ្យ​ទំនិញ​ក្នុង​ស្រុក​ចូល​មក​ជំនួស​ទំនិញ​ថៃ ដែល​នោះ​គឺជា​ឱកាស​ជំរុញ​ផលិតកម្ម​ក្នុង​ស្រុក​ឲ្យ​មាន​ការ​កើន​ឡើង។

លោក ហ៊ុន សែន លើកឡើង​ថា លោក​សាទរ​នូវ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់ ឬ​បន្ថយ​អរិយភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ ដែរ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​កាលពី​ថ្ងៃទី​២៦ ខែ​តុលា និង​ការ​ចុះហត្ថលេខា​ជា​សាក្សី​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​អាស៊ាន និង​ប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា តាំងពី​ដើម​មក កម្ពុជា​បាន​បញ្ជាក់​ជំហរ​ច្រើន​ដង​អំពី​ការ​បន្ត​ប្រើប្រាស់​យន្តការ​គោរព​បទ​ឈប់​បាញ់ ប៉ុន្តែ​ភាគី​ថៃ ពុំ​បាន​ធ្វើ​តាម​នោះ​ទេ ក្រៅតែ​ពី​បំពាន​យក​ទឹកដី​ខ្មែរ​នៅ​កន្លែង​ផ្សេងៗ​គ្នា។

លោក​បន្ត​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ និង​បន្ត​ធ្វើ គឺ​ងាក​រក​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ដោះស្រាយ ពិសេស​ពន្លឿន​ការ​យក​សំណុំរឿង​ព្រំដែន​ដ៏​រសើប​ទាំងអស់​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឱ្យ​បាន​ឆាប់។

កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៥ ភាគី​ថៃ បាន​បិទ​ច្រក​ព្រំដែន​គោក​ទាំង ៧​ខេត្ត រវាង​ប្រទេស​ទាំង​ពីរ​ទាំងស្រុង​ដោយ​ឯកតោភាគី៕

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version