អ្នកឃ្លាំមើលចាត់ទុកការអះអាងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលថាគម្រោងដោះលែងទាហានខ្មែរទាំង ១៨នាក់នាពេលខាងមុខមិនមានសម្ពាធពីសហរដ្ឋអាមេរិក គឺជាការនិយាយកុហក ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួនតែប៉ុណ្ណោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៧ វិច្ឆិកា ថា បើថៃ ពិតជាមានបំណងដោះលែងទាហានខ្មែរទាំងនោះមែន ពួកគេគួរបញ្ជូនទាហានទាំងនោះមកកម្ពុជា វិញ តាំងពីយូរមកហើយ មិនមែនរង់ចាំរហូតមានកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ នោះទេ។
លោកបន្តថា សូម្បីមានកិច្ចព្រមព្រៀងនេះហើយក្តី ក៏ភាគីថៃ នៅតែបង្ហាញជំហរមិនដោះលែងទាហានខ្មែរទាំងនោះដែរ ដោយប្រើទាហានទាំងនោះជាកូនសោដណ្តើមទឹកដីខ្មែរ និងប្រាសាទនានា ជាដើម រួមទាំងលក្ខខណ្ឌផ្សេងៗទៀតដែលថៃ ព្យាយាមបង្កើតដោយខ្លួនឯងជាហូរហែមកនោះ។
លោក សេក សុជាតិ អះអាងថា តាមអត្តចរិតនយោបាយថៃ កន្លងមក ពួកគេព្យាយាមលេងល្បែងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមករវាងរដ្ឋាភិបាល និងក្រុមយោធា ដើម្បីប្រើលេសបញ្ឆេះកំហឹងកម្ពុជា ដោយប្រើទាហានខ្មែរទាំង ១៨នាក់ជាចំណាប់ខ្មាំងកុំឱ្យកម្ពុជា តដៃ ឬតវ៉ានូវលក្ខខណ្ឌដែលពួកគេតថ្លៃគ្នានោះ។
អ្នកឃ្លាំមើលរូបនេះបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយ ក៏ថៃ មិនអាចលេងល្បែងបែបនេះជាមួយអាមេរិកបានដែរ ព្រោះក្នុងនាមអាមេរិកជាមហាអំណាចដែលប្រកាសពីការស្វែងរកសន្តិភាពរវាងកម្ពុជា-ថៃ អាមេរិកនឹងមិនអនុញ្ញាតឱ្យថៃ បំផ្លាញកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនជាម្ចាស់ហត្ថលេខាបាននោះទេ ព្រោះនោះគឺជាការមាក់ងាយដល់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កាសែត ខៅស៊ុត (Khaosod) របស់ថៃ ស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសថៃ លោក សីហៈស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) នៅថ្ងៃទី០៧ វិច្ឆិកា ថា ការដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ មិនមែនដោយសារតែថៃ រងសម្ពាធពីអាមេរិកលើពន្ធគយនាំចូលនោះទេ ប៉ុន្តែត្រូវធ្វើឡើងដោយផ្អែកតាមលក្ខខណ្ឌច្បាប់ប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា ការដោះលែងនេះមិនមានការដោះដូរ ឬរងសម្ពាធពីបរទេសដោយសារហេតុផលផ្សេងៗនោះទេ ជាពិសេសការចែកចាយព័ត៌មានថាការដោះលែងយោធាកម្ពុជា ទាំង ១៨នាក់ គឺអាចដោយសារបញ្ហាអាមេរិកដាក់សម្ពាធលើថៃ ពាក់ព័ន្ធពន្ធលើការនាំចូលទំនិញរបស់ថៃ នោះ គឺជារឿងមិនពិតឡើយ។
រដ្ឋមន្ត្រីការបរទេសថៃ រូបនេះបញ្ជាក់ថា គម្រោងដោះលែងទាហានខ្មែរទាំង ១៨នាក់ នឹងត្រូវការបញ្ជាក់ពីខាងយោធាម្តងទៀត ព្រោះការដោះលែងនេះ គឺស្របតាមលក្ខខណ្ឌដែលកំណត់ដោយអាជ្ញាធរថៃ ដែលពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការបើកតំបន់សម្រាប់ថៃ ចូលសម្អាតមីន ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
