The Cambodia Daily Khmer

ព្រឹទ្ធសភា​អាមេរិក​ទាត់​ចោល​ដំណោះស្រាយ​ពី​រដ្ឋសភា​ដែល​រាំង​ខ្ទប់​លោក ត្រាំ ប្រើ​ទ័ព​ក្នុង​សង្គ្រាម​គ្រឿងញៀន​វាយ​វេណេហ្ស៊ុយអេឡា

លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ទាត់ចោល​ដំណោះស្រាយ​សមាជិក​សភា​ដែល​បង្គាប់​ឱ្យ​លោក ដូណាល់ ត្រាំ សុំ​ការ​យល់ព្រម​ពី​សភា​ក្នុង​សង្គ្រាម​គ្រឿងញៀន​សំដៅ​លើ​កទ័ព​អាមេរិក​វាយប្រហារ​វេណេហ្ស៊ុយអេឡា។

ដំណោះស្រាយ​នេះ​បរាជ័យ​ក្នុង​សំឡេង ៤៩ ទល់​នឹង ៥១​សំឡេង។ មាន​ន័យ​ថា សំឡេង​គាំទ្រ​ដំណោះស្រាយ​របស់​សភា​មាន ៤៦​សំឡេង ហើយ​សំឡេង​មិន​គាំទ្រ​មាន ៥១​សំឡេង ដែល​ជា​ការ​ទាត់ចោល​ការ​បង្គាប់​ទៅ​រដ្ឋការ​លោក ដូណាល់ ត្រាំ របស់​សមាជិក​សភា​ដែល​ថា​ត្រូវ​សុំ​គោលការណ៍​ពី​សភា​ជា​មុន​សិន មុន​នឹង​សម្រេច​លើក​ទ័ព​វាយ​ចូល​ទៅ​លើ​ទឹកដី​ប្រទេស​វេណេហ្ស៊ុយអេឡា។

គេ​បាន​ដឹង​ថា​មាន​សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចំនួន​ពីរ​រូប គឺ​អ្នកស្រី Lisa Murkowski of Alaska និង​លោក Rand Paul of Kentucky ដែល​ចូលរួម​បោះឆ្នោត​គណបក្ស​ប្រជាធិបតេយ្យ។ បន្ទាប់ពី​ព្រឹទ្ធសភា​រៀបចំ​ការ​បោះឆ្នោត​រួច រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម លោក Pete Hegseth បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​វាយប្រហារ​ថ្មី​មួយ​ទៀត​លើ​ទូក​ដែល​ចោទប្រកាន់​ពី​ការ​ជួញដូរ​គ្រឿងញៀន​នៅ​សមុទ្រ​ការីបៀន។

គិត​មក​ទល់​ពេលនេះ រដ្ឋការ​អាមេរិក​បាន​វាយប្រហារ​ចំនួន ១៧​ករណី និង​បាន​សម្លាប់​មនុស្ស ៦៩​រូប។ កាលពី​ខែ​មុន​នេះ លោក ត្រាំ បាន​និយាយ​ថា លោក​មិន​ត្រូវការ​សភា​ក្នុង​ការ​អនុម័ត​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​ជួញដូរ​គ្រឿងញៀន​នោះ​ទេ។ ជំនួស​មក​វិញ លោក​និយាយ​ថា អាមេរិក​នឹង​សម្លាប់​អ្នក​នាំ​គ្រឿងញៀន​ចូល​ក្នុង​ប្រទេស​អាមេរិក ។

សមាជិក​សភា​មួយ​រូប​ឈ្មោះ Todd Young បាន​រិះគន់​ថា​ការ​វាយប្រហារ​ណា​មួយ​ដែល​មិន​មាន​ការ​ស្នើសុំ​ពី​សភា គឺជា​រឿង​ខុស​ច្បាប់។ លោក​ថា​វា​ជា​បញ្ហា​នៃ​គោលនយោបាយ​ដែល​លោក​មាន​ការ​សង្ស័យ​លើ​ប្រតិបត្តិការ​ចម្លែក​មួយ​នេះ ព្រោះ​ប្រជាជន​អាមេរិក​ភាគច្រើន​មិន​ចង់​ឱ្យ​ទាហាន​អាមេរិក​ពាក់ព័ន្ធ​នឹង​ជម្លោះ។

សមាជិក​សភា​អាមេរិក​ផ្សេង​ទៀត​កាលពី​ខែ​មុន បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ដូច​គ្នា​នេះ​លើ​រដ្ឋការ​លោក ត្រាំ ដែល​មិន​ចែករំលែក​ព័ត៌មាន​នៃ​ការ​វាយប្រហារ ហើយ​ក្រោយ​មក រដ្ឋការ​លោក ត្រាំ បាន​ត្រឹម​ធ្វើការ​សង្ខេប​ជូន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដោយ​គ្មាន​សមាជិក​មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ណា​មួយ​ឡើយ ដែល​បង្ក​ឱ្យ​មាន​ការ​សង្ស័យ។

កាលពី​ខែ​មុន ដំណោះស្រាយ​ស្រដៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​ផ្ដួចផ្ដើម​ផង​ដែរ តែ​ត្រូវ​បរាជ័យ​ក្រោម​សំឡេង ៤៨ ទល់​នឹង ៥១​សំឡេង ហើយ​សមាជិក​មកពី​បក្ស​សាធារណរដ្ឋ​ពីរ​រូប​នេះ​ជា​អ្នក​ចូល​គាំទ្រ​ដំណោះស្រាយ​របស់​សភា​បក្ស​ប្រជាធិបតេយ្យ ដែល​មាន​ផែនការ​រាំង​ខ្ទប់​សង្គ្រាម​គ្រឿងញៀន​របស់​លោក ដូណាល់ ត្រាំ។

ការ​លើក​ទ័ព​អាមេរិក​ទៅ​ដាក់​ពង្រាយ​នៅ​តំបន់​សមុទ្រ​ការីបៀន ក៏​មាន​ការ​បញ្ចេញ​ព័ត៌មាន​ថា អ្នកស្រី​មេ​បក្ស​ប្រឆាំង​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ បាន​បញ្ជូន​ជំនួយការ និង​ទីប្រឹក្សា​របស់​អ្នកស្រី​ទទួល​ជួប​ទីប្រឹក្សា​សន្តិសុខ​របស់​លោក ដូណាល់ ត្រាំ។

ការពិត លោក ត្រាំ មាន​ការ​វាយប្រហារ​លើ​បណ្ដាញ​គ្រឿងញៀន​តាម​សំណើ​របស់​អ្នកស្រី Maria Corina Machado ដោយ​បាន​ជួប​គ្នា​តាំងពី​មុន​លោក ត្រាំ ចូល​ទៅ​នៅ​សេតវិមាន​វិញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥។ លទ្ធផល​នៃ​ជំនួប បាន​ផ្ដើម​ឱ្យ​មាន​យុទ្ធនាការ​សង្គ្រាម​គ្រឿងញៀន​របស់​លោក ត្រាំ នៅ​អាមេរិក​ខាងត្បូង ដែល​កំពុង​ឈាន​ដល់​ការ​លើក​ទ័ព​ក្នុង​គោលដៅ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក ម៉ាឌូរ៉ូ។

មន្ត្រី​បួន​នាក់​នៃ​ក្រុមប្រឹក្សា​មេដឹកនាំ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា លោកស្រី Machado ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​មន្ទីរ​រដ្ឋសភា Capitol Hill ដោយ​បាន​ជួប​សមាជិក​សភា​អាមេរិក​ច្រើន​នាក់ ហើយ​ក្នុង​នោះ ពួកគាត់​បាន​ទៅ​ជួប​លោក Mike Waltz ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​នៃ​អនាគត​រដ្ឋការ​លោក ដូណាល់ ត្រាំ។ ជំនួប​នេះ ធ្វើឡើង​នៅ​មុន​លោក ត្រាំ ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​ទី​២ របស់​លោក នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ក្រោយពី​លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ដើម​សប្ដាហ៍​ទី​១ នៃ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

នៅ​ពេល​នោះ អ្នកស្រី Machado បាន​ចេញ​មុខ​ជួប​ផ្ទាល់​នឹង​លោក Mike Waltz ទីប្រឹក្សា​សន្តិសុខ​ជាតិ តែ​លោក Mike Waltz បាន​ជួប​តាមរយៈ​វីដេអូ Call ពី​កន្លែង​លាក់​ខ្លួន​របស់​លោកស្រី​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា។

ក្រុម​ទីប្រឹក្សា​របស់​អ្នកស្រី Machado អះអាង​ប្រាប់​លោក Mike Waltz ទីប្រឹក្សា​លោក ត្រាំ ថា ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក Nicolás Maduro មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង ព្រោះ​ថា​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក។

ក្រុម​អង្គការ​ភេរវករ​គ្រឿងញៀន​វេណេហ្ស៊ុយអេឡា Tren de Aragua ដែល​នៅ​ពីក្រោយ​ផ្ទាល់​ដោយ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក Nicolás Maduro កំពុង​ជា​មុខសញ្ញា​ត្រូវ​បាន​ទ័ព​អាមេរិក​ដែល​ថា​អំណាច​របស់​លោក ម៉ាឌូរ៉ូ អាច​គ្រោះថ្នាក់ បើ​លោក ត្រាំ បញ្ជា​ទ័ព​វាយ​ចូល​ទឹកដី​វេណេហ្ស៊ុយអេឡា ហើយ​ខណៈ​នេះ លោក ត្រាំ អាច​នឹង​លើក​ទ័ព​ទៅ​វេណេហ្ស៊ុយអេឡា ព្រោះ​ព្រឹទ្ធសភា​ហាក់​កំពុង​បើក​ផ្លូវ​ឱ្យ​លោក ត្រាំ ប្រើ​សិទ្ធិ​អំណាច​ជា​ប្រធានាធិបតី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version