មន្ត្រីមកពីនាយកដ្ឋានកិច្ចការពាណិជ្ជកម្ម និងកងអង្គភាពនគរបាលនៃប្រទេសសិង្ហបុរី បានបញ្ចប់ប្រតិបត្តិការក្នុងការចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកគ្រប់ប្រភេទរយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងប្រតិបត្តិការនេះ មន្ត្រីនគរបាលចាប់ខ្លួនមនុស្សសរុប ៣៤២នាក់ រួមមានស្ត្រី ១១៤នាក់ និងបុរស ២២៨នាក់ ដែលមានអាយុចន្លោះពី ១៥ ដល់ ៧៤ឆ្នាំ ដោយសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពបោកប្រាស់គ្រប់ប្រភេទ។
ជនសង្ស័យទាំងនេះត្រូវបានគេជឿថាមានទំនាក់ទំនងនឹងករណីឆបោកចំនួនជាង ៨៧០ករណី រួមទាំងការឆបោកតាមប្រព័ន្ធអេឡិចត្រូនិក ការក្លែងបន្លំជាមិត្តភ័ក្ដិ ការបោកប្រាស់ការងារ ការក្លែងជាមន្ត្រីរដ្ឋាភិបាល ការបោកប្រាស់លើការវិនិយោគ និងការបោកប្រាស់ក្នុងការជួលផ្ទះ។
អាជ្ញាធរបានរាយការណ៍ថា ជនរងគ្រោះក្នុងករណីទាំងនេះបានបាត់បង់ទឹកប្រាក់សរុបជាង ៦លាន ៥៧ម៉ឺនដុល្លារអាមេរិក។ បច្ចុប្បន្ន ការស៊ើបអង្កេតកំពុងបន្ត ដើម្បីកំណត់មូលហេតុ និងបណ្ដាញនៃសកម្មភាពឆបោកទាំងនេះ។
មន្ត្រីអនុវត្តច្បាប់នៅសិង្ហបុរី កំពុងបន្តស៊ើបអង្កេតលើជនសង្ស័យចំនួនជាង ៣៤២នាក់នេះដែលត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសឆបោក ការលាងលុយកខ្វក់ និងការផ្តល់សេវាទូទាត់ដោយគ្មានអាជ្ញាបណ្ណ។ ប្រតិបត្តិការនេះត្រូវបានអនុវត្តរយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនាយកដ្ឋានកិច្ចការពាណិជ្ជកម្មសហការជាមួយកងកម្លាំងនគរបាលនៅទូទាំងប្រទេសសិង្ហបុរី។
ជនសង្ស័យទាំងនេះត្រូវបានគេជឿថាជាប់ពាក់ព័ន្ធនឹងករណីឆបោកជាង ៨៧០ករណី ដែលបណ្ដាលឲ្យជនរងគ្រោះបាត់បង់ទឹកប្រាក់ជាង ៦លាន ៥៧ម៉ឺនដុល្លារអាមេរិក។
អាជ្ញាធរបានបញ្ជាក់ថា ជនទាំងនោះកំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់ដោយកំណត់ ៣ករណី៖
- បទល្មើសឆបោកតាមមាត្រា៤២០ នៃក្រមព្រហ្មទណ្ឌឆ្នាំ១៨៧១ ដែលផ្ដន្ទាទោសជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ និងផាកពិន័យជាប្រាក់។
- បទល្មើសលាងលុយកខ្វក់ ក្រោមច្បាប់ Confiscation of Benefits Act 1992 ដែលអនុវត្តចំពោះករណីពុករលួយ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងៗ។ បទល្មើសនេះអាចផ្ដន្ទាទោសជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ការផាកពិន័យរហូតដល់ ៥០ម៉ឺនដុល្លារ។
- បទល្មើសផ្តល់សេវាទូទាត់ដោយគ្មានអាជ្ញាបណ្ណ ក្រោមផ្នែកទី៥ នៃច្បាប់ Payment Services Act 2019 ដែលអាចផាកពិន័យរហូតដល់ ១២ម៉ឺន ៥០០០ដុល្លារ ជាប់ពន្ធនាគារ ៣ឆ្នាំ។
ប៉ូលិសសិង្ហបុរី បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា អ្នកណាដែលពាក់ព័ន្ធនឹងសកម្មភាពឆបោក នឹងត្រូវទទួលការពិន័យតាមច្បាប់។ សាធារណជនត្រូវបានអំពាវនាវឲ្យប្រុងប្រយ័ត្ន មិនឲ្យអ្នកដទៃប្រើប្រាស់គណនីធនាគារ ឬលេខទូរសព្ទរបស់ខ្លួន ព្រោះវាអាចនាំឲ្យជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មដោយមិនដឹងខ្លួន។ នេះបើយោងតាមគេហទំព័ររបស់ប៉ូលិសប្រទេសសិង្ហបុរី ចុះផ្សាយកាលពីថ្ងៃទី៧ វិច្ឆិកា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
