អ្នកឃ្លាំមើល លើកឡើងថា ការប្រទានជាចំហនូវព្រះរាជដំណាក់ទាំងពីរឱ្យនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ព្រោះទ្រង់ជ្រាបថា មរតក និងស្នាដៃអតីតព្រះមហាក្សត្រ និងមហាក្សត្របច្ចុប្បន្ន ច្បាស់ជាត្រូវកម្ទេចចោលនៅថ្ងៃណាមួយជាមិនខាន ដូច្នេះព្រះអង្គប្រទានទុកជាសម្បត្តិរដ្ឋឱ្យហើយ ដើម្បីឱ្យប្រជារាស្ត្រជួយដឹងឮ។
អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ វិច្ឆិកា ថា ការធ្វើបែបនេះ ក៏ដើម្បីបានបង្ហាញពីគំរូភាពជាមេដឹកនាំដែលត្រូវលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជាតិ និងប្រជារាស្ត្រដែរ។
លោកបន្តថា បើចៅហ្វាយរបបក្រុងភ្នំពេញចេះខ្មាសអៀន ពួកគេនឹងពិចារណាដើរតាមមាគ៌ាព្រះមហាក្សត្រ ដោយយកទ្រព្យសម្បត្តិដែលបានពីការកេងប្រវ័ញ្ចផលប្រយោជន៍ជាតិ និងសកម្មភាពឧក្រិដ្ឋនានា មកបរិច្ចាគចូលជាទ្រព្យរបស់រដ្ឋដូចជាព្រះអង្គជាមិនខាន។
លោក វ៉ន ចាន់ឡូត បញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ គឺជាក្សត្រក្របំផុតនៅលើពិភពលោក កុំថាឡើយប្រៀបធៀបជាមួយមហាក្សត្រប្រទេសដទៃ សូម្បីតែប្រៀបធៀបជាមួយចៅហ្វាយរបបក្រុងភ្នំពេញ ក៏ព្រះអង្គមិនអាចប្រៀបបាននឹងពួកគេដែរ។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជលិខិតមួយ ដោយព្រះរាជទានព្រះរាជដំណាក់ចំនួនពីរក្នុងរាជធានីភ្នំពេញ ឱ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
ក្នុងព្រះរាជសារលិខិតដដែលនេះ បញ្ជាក់ថា ព្រះរាជដំណាក់ទក្សិណ ទំហំជិត ៣ពាន់ម៉ែត្រការ៉េ (២៨៤៣ម៉ែត្រការ៉េ) និងព្រះរាជដំណាក់ព្កុល ទំហំជាង ៣ពាន់ម៉ែត្រការ៉េ (៣៥៣៩ម៉ែត្រការ៉េ) ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវប្រគល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ជួសជុលកែលម្អ ថែរក្សា ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ ក្រោយពេលដែលអស់ពីព្រះអង្គទៅ។
ក្រោយពីបានទទួលព្រះរាជសារនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រខ្មែររួមគ្នាភ្លាមៗ ដោយបញ្ជាក់ថា ជានិច្ចកាល ព្រះអង្គតែងតែប្រោសព្រះរាជទានព្រះរាជទ្រព្យដល់រដ្ឋាភិបាល ព្រមទាំងបានបរិច្ចាគ និងលះបង់គ្រប់បែបយ៉ាងសម្រាប់ប្រជារាស្ត្រកម្ពុជា ផងដែរ។
មាត្រា៧ នៃរដ្ឋធម្មនុញ្ញ ចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។
ទោះជាយ៉ាងណា កាលពីអំឡុងឆ្នាំ២០១៨ លោក ហ៊ុន សែន ក៏ធ្លាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរផងដែរ ជុំវិញជម្លោះផ្ទៃក្នុងនៃក្រុមហ៊ុនស្ថានីយទូរទស្សន៍ ស៊ីអ៊ិនស៊ី (CNC) ដែលលោក ហ៊ុន សែន គំរាមថា កុំថាឡើយត្រឹមម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ឧកញ៉ា គិត ម៉េង សូម្បីតែម៉ែឪស្ដេច ក៏លោកមិនខ្លាចដែរ ហើយបើយកម៉ែឪស្តេចមកការពារខ្លួន ក៏ការពារមិនបានទៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
