អ្នកឃ្លាំមើលលើកឡើងថា បទល្មើសព្រៃឈើមិនពិបាកបង្ក្រាបដូចគ្រឿងញៀនដែលអាចដាក់ក្នុងហោប៉ៅ ឬក្នុងស្បែកជើងនោះទេ ប៉ុន្តែដោយសារសព្វថ្ងៃនេះមានមន្ត្រីទុច្ចរិតមួយចំនួនមិនមែនធ្វើការដើម្បីជាតិ និងប្រជាជនឡើយ ប៉ុន្តែពួកគេធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកប៉ុណ្ណោះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ឥន សុផល សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ វិច្ឆិកា នេះថា ក្នុងក្រមព្រហ្មទណ្ឌមាត្រា៥០២ ហាមជេរប្រមាថអ្នករាជការសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ប៉ុន្តែជាក់ស្តែង មន្ត្រីទុច្ចរិតគ្មានភាពថ្លៃថ្នូរទេ ព្រោះពួកគេបានក្លាយជាជនទុច្ចរិតទៅហើយ។
បណ្ឌិត ឥន សុផល និយាយបែបបញ្ឈឺថា លោកមិនគាំទ្រការជេរប្រមាថលើមន្ត្រីទុច្ចរិតទេ ប៉ុន្តែច្បាប់ផ្ដន្ទាទោសទៅលើអ្នកជេរប្រមាថចំពោះអ្នករាជការសាធារណៈគ្រាន់តែដាក់គុក ៦ថ្ងៃ និងពិន័យទឹកប្រាក់ ១០ម៉ឺនរៀលប៉ុណ្ណោះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះបញ្ជាក់ថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរភាគច្រើនខឹងសម្បានឹងមន្ត្រីទុច្ចរិតខ្លាំងណាស់ ហើយបើពួកគេមានសិទ្ធិចាប់មន្ត្រីទាំងនោះវិញ សឹងតែចិញ្ច្រាំឱ្យដូចសាច់ប្រហិតទៅហើយ ព្រោះមន្ត្រីទុច្ចរិតទាំងនេះហើយដែលជាជំងឺមហារីកធ្វើឱ្យសង្គមមិនរីកចម្រើនរុងរឿងនោះ។
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្ដមសេនីយ៍ សៅ សុខា បានចេញសេចក្តីសម្រេចមួយ ស្ដីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតីនៃការប្រតិបត្តិតួនាទី ភារកិច្ចរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
សេចក្តីសម្រេចដដែលនេះ បញ្ជាក់ថា ក្រុមការងារមានសិទ្ធិជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ ដើម្បីធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសពិនិត្យ និងសម្រេច។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកតាមដានបទល្មើសព្រៃឈើឈ្មោះ តាន់ គឹមសួរ (Tan Kimsour) បានបង្ហោះវីដេអូឃ្លីបមួយជុំវិញការប៉ះសម្ដីគ្នាជាមួយមន្ត្រីកងកម្លាំងកងរាជអាវុធហត្ថក្នុងស្រុកសំបូរ ខេត្តក្រចេះ ដោយសារមន្ត្រីប៉េអឹម ទាមទាររកលិខិតបេសកកម្ម និងតម្រូវឱ្យអ្នកតាមដានបទល្មើសព្រៃឈើរូបនេះទៅជួបជាមួយមេបញ្ជាការអាវុធហត្ថខេត្ត លោក សាក់ សារាំង ក្រោយលោក តាន់ គឹមសួរ ស្នើឱ្យមានការអន្តរាគមន៍ជុំវិញបទល្មើសព្រៃឈើដែលខ្លួនកំពុងឃ្លាំមើលនាពេលនោះ។
ជុំវិញបញ្ហានេះ លោក តាន់ គឹមសួរ បានលាតត្រដាងលិខិតមួយនៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ ដែលលោកបានប្តឹងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីចុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ដោយសុំឱ្យបើកការស៊ើបអង្កេតលើមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោក សាក់ សារាំង ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ កន្លងមក។
ក្នុងលិខិតដដែលនេះ បញ្ជាក់ថា លោក សាក់ សារាំង មានទំនាក់ទំនងជាមួយមេឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះ ហាច ដែលមានទីលំនៅក្នុងឃុំហាន ស្រុកឆ្លូង ខេត្តក្រចេះ រហូតឈានដល់សហការគ្នាចរាចរឈើខុសច្បាប់ថែមទៀត ប៉ុន្តែរហូតមកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយនៅមិនទាន់មានការឆ្លើយតបនៅឡើយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បញ្ជាក់នៅថ្ងៃទី២៧ វិច្ឆិកា នេះថា កងរាជអាវុធហត្ថកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើជុំវិញករណីនេះ ដើម្បីអនុវត្តតាមច្បាប់ជាធរមាន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
