The Cambodia Daily Khmer

ទាហាន​ថៃ ចាប់ផ្តើម​ពង្រីក​ការ​ឈ្លានពាន​ចូល​ដល់​តំបន់​មិន​មែន​ជម្លោះ​ខាង​ក្នុង​ទឹកដី​កម្ពុជា

ទាហាន​ថៃ

ឈាន​ចូល​មក​ដល់​ថ្ងៃទី​បី គឺ​នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ សង្គ្រាម​ថៃ ឈ្លានពាន​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា កងទ័ព​ថៃ បាន​បើក​ការ​វាយប្រហារ​បាញ់​កាំភ្លើងធំ និង​ទម្លាក់​គ្រាប់បែក បាញ់​ផ្សែង​ពុល​ចូល​មក​ក្នុង​ដល់​តំបន់​ជាច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ហើយ​កាន់តែ​ពង្រីក​ការ​វាយប្រហារ​ចូល​មក​ដល់​តំបន់​ដែល​មិន​មាន​ជម្លោះ ខណៈ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និយាយ​ថា ជំនួប​របស់​លោក​ជាមួយ​សមភាគី​ថៃ មិន​ទាន់​មាន​លទ្ធផល​អ្វី​នោះ​ទេ។

បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ប្រជាជន​ជាង​កន្លះ​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ថៃ បាន​បន្ត​ភៀស​ខ្លួន​ទៅ​កាន់​វត្ត​អារាម សាលារៀន និង​ជម្រក​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥ ខណៈ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​អះអាង​ថា​លោក​នឹង​ព្យាយាម​សម្របសម្រួល​ម្តង​ទៀត។

ការ​ផ្ទុះ​ឡើងវិញ​នូវ​សង្គ្រាម​ព្រំដែន​កម្ពុជា-ថៃ បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្នុង​ចំណោម​សហគមន៍​អន្តរជាតិ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​មួយ​លើ​ពិភពលោក គឺ​អង្គការ​សហប្រជាជាតិ។ តាមរយៈ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​បណ្តា​ប្រទេស​មួយ​ចំនួន រួម​ទាំង​ប្រទេស​មហាអំណាច​ទាំង​៥ និង​សហភាព​អឺរ៉ុប ២៧​ប្រទេស បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​ឈាន​ដល់​ផ្ទុះ​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​ជា​ថ្មី។

អន្តរជាតិ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​ពីរ​ប្រកាន់​យក​នូវ​គោលការណ៍​អត់ធ្មត់​ជា​អតិបរមា និង​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ដែល​មាន​ជម្លោះ​ទាំង​ពីរ​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ដោយ​មាន​អាមេរិក និង​ម៉ាឡេស៊ី ជា​សាក្សី​ដឹង​ឮ​ផង​ដែរ។

ជាមួយ​គ្នា​នេះ គេ​សង្កេត​ឃើញ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ក៏បាន​អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ ប្ដេជ្ញាចិត្ត​សាជាថ្មី​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៦​ខែ​តុលា កន្លង​ទៅ​នៅ​ទីក្រុង​កូឡាឡាំពួរ។

អាមេរិក ព្រួយបារម្ភ​យ៉ាង​ខ្លាំង បន្ទាប់ពី​មាន​ការ​បន្ត​ប្រយុទ្ធ​គ្នា​នៅ​ទីតាំង​មួយ​ចំនួន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ បណ្តាល​ឱ្យ​មាន​ការ​ស្លាប់ និង​របួស​ជាច្រើន​នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio នៅ​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ដូចនេះ​ថា៖ «យើង​ជំរុញ​យ៉ាង​មុតមាំ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​អរិភាព ហើយ​ការពារ​ជនស៊ីវិល ដោយ​ភាគី​ទាំង​សងខាង​ត្រូវ​ត្រឡប់​ទៅ​រក​វិធានការ​បន្ធូរបន្ថយ​ភាព​តានតឹង ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ និង​ធ្វើ​ជា​សាក្សី​ដោយ​លោក​ប្រធានាធិបតី ត្រាំ (Trump) និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។»

ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​បើក​កិច្ចសន្ទនា​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ដើម្បី​ពិភាក្សា​ពី​ជម្លោះ​ដែល​កំពុង​កើតឡើង​នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

លោក អាន់វ៉ា បញ្ជាក់​ថា ជំនួប​តាម​ទូរសព្ទ​របស់​លោក​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែ​ធ្នូ។ សារ​របស់​លោក អាន់វ៉ា មាន​ខ្លឹមសារ​ថា៖ «ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ការ​បើក​ចំហ និង​ឆន្ទៈ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​បន្ត​ចរចា​សំដៅ​បន្ធូរបន្ថយ​ភាព​តានតឹង និង​បញ្ចៀស​ការ​យល់​ច្រឡំ​ដែល​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង។»

ទោះជា​យ៉ាងណា លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​សមាគម​អាស៊ាន​សម្រាប់​ឆ្នាំ​២០២៥ នេះ និយាយ​ថា កិច្ចសន្ទនា​របស់​លោក​ជាមួយ​មេដឹកនាំ​កម្ពុជា និង​ថៃ មិន​មាន​លទ្ធផល​ភ្លាមៗ​ទេ​នៅ​ពេលនេះ ខណៈ​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន បាន​សន្យា​ថា​នឹង​ទៅ​រក​ការ​ចរចា​ឡើងវិញ។

លោក អាន់វ៉ា បន្ថែម​ថា ម៉ាឡេស៊ី នឹង​បន្ត​គាំទ្រ​ដល់​កិច្ចសន្ទនា​ដំណោះស្រាយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​តំបន់​ដើម្បី​ថែរក្សា​ស្ថិរភាព និង​សុវត្ថិភាព​នៃ​តំបន់។

យ៉ាងណា នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ និយាយ​ថា ថៃ​មិន​ចរចា​ជាមួយ​កម្ពុជា ទេ ហើយ​មិន​ត្រូវការ​ឱ្យ​មាន​អ្នក​សម្របសម្រួល​ដូច​លោក ដូណាល់ ត្រាំ ឬ​អ្នក​ផ្សេង​ទៀត​នោះ​ដែរ។ លោក​ថា ថៃ​នឹង​ប្រើ​កម្លាំង​យោធា​ដើម្បី​ការពារ​ប្រទេស​របស់​ខ្លួន។

ចំណែក​ភាគី​កម្ពុជា បើ​ទោះបីជា​ខ្លួន​ចាប់ផ្ដើម​ធ្វើការ​វាយបក​វិញ ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស្ដារ​បទ​ឈប់​បាញ់​ឡើងវិញ ដោយ​ប្រាប់​ភាគី​ថៃ គោរព​តាម​ច្បាប់​អន្តរជាតិ និង​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃទី​២៦ ខែ​តុលា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version