The Cambodia Daily Khmer

ក្រសួង​ព័ត៌មាន៖ ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ធំៗ​កំពុង​ផ្សាយ​ពី​សង្គ្រាម​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន

ក្រសួង​ព័ត៌មាន ចាត់ទុក​វត្តមាន​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ធំៗ ដូចជា Reuters និង Xinhua ជាដើម នៅ​ព្រំដែន កំពុង​រាយការណ៍​ពី​សង្គ្រាម​ឈ្លានពាន​របស់​ថៃ លើ​កម្ពុជា ទៅ​កាន់​ពិភពលោក​ឱ្យ​បាន​ដឹង​ការពិត ដើម្បី​ប្រឆាំង​នឹង​ការ​ភូត​កុហក និង​ព័ត៌មាន​ក្លែងក្លាយ​របស់​ភាគី​ថៃ។

រដ្ឋាភិបាល និង​យោធា​ថៃ ប្រាប់​ពិភពលោក​ថា គេ​បន្ត​វាយប្រហារ​លើ​ប្រទេស​កម្ពុជា ដើម្បី​រក្សា​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ពលរដ្ឋ​ថៃ ពី​ការ​គំរាមកំហែង​ពី​កងទ័ព​ខ្មែរ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ ធ្នូ នេះ​ថា ពេលនេះ ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​នានា​កំពុង​បង្ហាញ​វត្តមាន​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​យោធា​ថៃ ធ្វើ​សកម្មភាព​ឈ្លានពាន​ដោយ​ប្រដាប់​អាវុធ​មក​លើ​កម្ពុជា ដូចជា​ទីភ្នាក់ងារ​ព័ត៌មាន AFP, AP (Associated Press), Reuters, EPA, ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ ស៊ិនហួរ (Xinhua), ទូរទស្សន៍ CNA ពី​សិង្ហបុរី, ទូរទស្សន៍ Aljazeera ពី​មជ្ឈិមបូព៌ា និង​អ្នក​ឆ្លើយឆ្លង​ទូរទស្សន៍​ភាសា​ចិន Phoenix នៅ​ហុងកុង ជាដើម។

បន្ថែម​ពី​នេះ ក៏​មាន​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត​ដែល​បាន​ផ្សព្វផ្សាយ​អត្ថបទ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ធំៗ​ដែរ ដូចជា CNN, France 24, Le Monde, BBC, Bloomberg, Wall Street Journal, The Guardian, The Times, The Independent និង The Straits Times ជាដើម ក្នុង​នោះ អ្នក​សារព័ត៌មាន​ជាតិ​កម្ពុជា​នានា ក៏បាន​ចុះ​យក​ព័ត៌មាន​យ៉ាង​សស្រាក់សស្រាំ​នៅ​តាម​បណ្តា​ខេត្ត​ដែល​ជា​សមរភូមិ​ប្រយុទ្ធ​ផង​ដែរ។

លោក នេត្រ ភក្ដ្រា អះអាង​ថា ជុំវិញ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ នា​ពេលនេះ វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា (AKP) បាន​ដើរ​តួ​ជា​មជ្ឈមណ្ឌល​សម្រាប់​ផ្តល់​ព័ត៌មាន​ពី​សមរភូមិ​មុខ។ ចំណែក​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី​ផ្សេង​ទៀត រួម​ទាំង​អ្នក​សារព័ត៌មាន​គ្មាន​អង្គភាព អ្នក​មាន​ឥទ្ធិពល​ក្នុង​សង្គម និង​អ្នក​លេង​បណ្ដាញ​សង្គម ក៏បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជុំវិញ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន រូប​នេះ បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​ទទួល​ស្វាគមន៍​អ្នក​សារព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត​រួច​ជា​ស្រេច ក្នុង​ការ​មក​យក​ព័ត៌មាន​នៅ​កម្ពុជា ក្នុង​នោះ ក្រសួង​បាន​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​សុវត្ថិភាព​នៃ​អ្នក​សារព័ត៌មាន​អំឡុង​ពេល​មាន​សង្គ្រាម​ដែល​កំពុង​រង​ការ​ឈ្លានពាន​ពី​ភាគី​ថៃ ពេលនេះ ដើម្បី​ឱ្យ​ពួកគេ​នាំ​យក​សំឡេង​ពិត​ដើម្បី​ប្រឆាំង​នឹង​ការ​ភូត​កុហក​របស់​ថៃ រហូត​មក​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​បំណង​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​ការពិត​ជុំវិញ​សង្គ្រាម​រវាង​កម្ពុជា-ថៃ ដែល​កំពុង​ផ្ទុះ​ឡើង​តាម​បណ្តោយ​តំបន់​ព្រំដែន​ជា​លើក​ទី​២ នា​ពេលនេះ។

ទីភ្នាក់ងារ​ព័ត៌មាន Associated Press ផ្សាយ​ថ្ងៃទី​១៥ ខែ​ធ្នូ ដោយ​ស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ថា យន្តហោះ​ចម្បាំង​ថៃ ទម្លាក់​គ្រាប់បែក​ទៅ​លើ​ស្រុក​ចុងកាល់ ខេត្ត​ឧត្ដរមានជ័យ និង​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប។

ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ គេ​សង្កេត​ឃើញ​ថា​ភាគី​ទាំង​សងខាង​បាន​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក ដោយ​ចាត់ទុក​ភាគី​ម្ខាង​ទៀត​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។ ឧទាហរណ៍​ជាក់ស្តែង កាសែត​ថៃ ខៅស៊ុត បាន​រាយការណ៍​ថា កងទ័ព​ភូមិភាគ​ទី​២ ថៃ បាន​ព្រមាន​ថា កម្ពុជា​នឹង​ប្រើ​គ្រាប់​រ៉ុក្កែត BM-21 តម្រង់​ទៅ​តំបន់​ជនស៊ីវិល​ក្នុង​ប្រទេស​ថៃ ក្នុង​បំណង​បង្ក​ឲ្យ​មាន​មនុស្ស​របួស ស្លាប់​បាត់បង់​ជីវិត ភ័យខ្លាច និង​ភិតភ័យ​នៅ​តាម​ព្រំដែន។

កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ យន្តហោះ​ថៃ ទម្លាក់​គ្រាប់​ផ្តាច់​ស្ពាន​ជ័យជម្នះ​ភ្ជាប់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង កម្ទេច​កាស៊ីណូ​ឧកញ៉ា ទ្រី ភាព Eternal Diamond Casino និង​កាស៊ីណូ​ថៅកែ ហេង ហឺ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ យោធា​ថៃ បាន​ប្រកាស​ថា​នឹង​បិទ​ច្រក​នាំចូល​ទំនិញ​ជា​ប្រេងឥន្ធនៈ​ឆ្លងកាត់​ឈូងសមុទ្រ​ថៃ ចូល​ទៅ​កំពង់ផែ​ប្រទេស​កម្ពុជា ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​នាវាចរណ៍​អន្តរជាតិ​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​ច្រានចោល​នូវ​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ ទាំងស្រុង ដែល​បាន​ចោទ​កម្ពុជា​ថា​បាន​ដាក់​គោលដៅ​ទៅ​លើ​តំបន់​ប្រជាជន​ស៊ីវិល។ ប្រភព​ដដែល​អះអាង​ថា ភាគី​ថៃ​ទៅវិញ​ទេ​ដែល​បាន​វាយប្រហារ​លើ​ទីតាំង​ជនស៊ីវិល​របស់​កម្ពុជា ដូចជា ផ្ទះសម្បែង​ជនស៊ីវិល ស្ពាន ថ្នល់ សាលារៀន និង​មន្ទីរពេទ្យ ជាដើម ចំណែក​កម្ពុជា​គ្មាន​យន្តហោះ​ចម្បាំង គ្មាន​យន្តហោះ​បាញ់​ផ្សែង​ពុល គ្មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចង្កោម គ្មាន​ដ្រូន​ទម្លាក់​គ្រាប់បែក​ដូច​ដែល​ថៃ បាន​ប្រើ ដើម្បី​វាយប្រហារ​មក​លើ​កម្ពុជា នោះ​ទេ។

ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា កម្ពុជា​កំណត់​គោលដៅ​ផ្ដោត​លើ​តែ​យោធា​ថៃ ដែល​បាន​ឈ្លានពាន​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី (Australia) សហរដ្ឋ​អាមេរិក (USA) កូរ៉េខាងត្បូង (South Korea) និង​ប្រទេស​ជប៉ុន (Japan) ជាដើម បាន​នាំគ្នា​ចេញ​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​របស់​ថៃ លើ​កម្ពុជា ដើម្បី​ឱ្យ​ពិភពលោក​បាន​ដឹង​កាលពី​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ។

ដោយឡែក​ពលរដ្ឋ​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ប្រមាណ​ជា ៣០០​នាក់ កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ ក៏បាន​នាំគ្នា​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន ផង​ដែរ ដើម្បី​ទាមទារ​ឱ្យ​លោក ដូណាល់ ត្រាំ បញ្ឈប់​ថៃ ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​កម្ពុជា និង​បើក​ឱ្យ​មាន​អ្នក​សង្កេតការណ៍​ឯករាជ្យ​ដោយ​ផ្ទៀងផ្ទាត់​តាម​ផ្កាយរណប​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​បាញ់​ប្រហារ​ពី​ប្រទេស​ថៃ លើ​ប្រទេស​កម្ពុជា និង​ទាមទារ​ឱ្យ​ថៃ ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​អន្តរជាតិ បើ​រក​ឃើញ​ថា​ឈ្លានពាន​មែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version