ប្រធានបក្សក្រៅរដ្ឋាភិបាលសញ្ជាតិខ្មែរ-អាមេរិកាំង មួយរូប ស្នើសុំប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញភស្តុតាងពីការប្រើយន្តហោះ F-16 ពីសំណាក់កងទ័ពថៃ ទម្លាក់គ្រាប់បែកចូលដែនអធិបតេយ្យជាតិខ្មែរដោយបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ តាមរយៈផ្កាយរណបសហរដ្ឋអាមេរិក។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី នៅថ្ងៃទី១៦ ធ្នូ នេះ បានដាក់លិខិតមួយច្បាប់ជូនស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងបំណងឱ្យសហរដ្ឋអាមេរិក ជួយធ្វើអន្តរាគមន៍បញ្ឈប់កងទ័ពថៃ ដែលកំពុងឈ្លានពានទឹកដីកម្ពុជា នាពេលនេះ។
មេបក្សក្រៅរដ្ឋាភិបាលរូបនេះ ស្នើឱ្យលោក ដូណាល់ ត្រាំ ដាក់សម្ពាធជាលក្ខណៈអន្តរជាតិ និងសម្ពាធការទូត រួមទាំងសម្ពាធផ្នែកសេដ្ឋកិច្ចលើរដ្ឋាភិបាលទីក្រុងបាងកក ដើម្បីបញ្ឈប់អំពើឈ្លានពានរបស់ថៃ មកលើប្រទេសកម្ពុជា ព្រោះប្រទេសថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16ទម្លាក់គ្រាប់បែក និងបាញ់ផ្សែងពុលមិនរើសទីតាំង ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃនេះ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ក្នុងលិខិតនេះថា ការវាយប្រហារដ៏ឃោរឃៅនេះ បានបង្ខំឱ្យជនស៊ីវិលស្លូតត្រង់រាប់សែននាក់ត្រូវផ្លាស់ទីលំនៅ ដែលនេះគឺជាភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមមិនអាចប្រកែកបាន ដែលប្រទេសថៃ បានធ្វើមកលើប្រទេសកម្ពុជា ខណៈពលរដ្ឋភៀសសឹកកំពុងរងនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។
មេបក្សក្រៅរដ្ឋាភិបាលរូបនេះ គូសបញ្ជាក់ថា ផ្កាយរណបរបស់សហរដ្ឋអាមេរិក ពិតជាចាប់បានយ៉ាងច្បាស់ពីការដាក់ពង្រាយយន្តហោះចម្បាំង F-16 និងការទម្លាក់គ្រាប់បែកយ៉ាងឃោរឃៅដែលរំលោភបំពានលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក ជាសាក្សីនោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលយោធាថៃ នៅបន្តវាយប្រហារដោយអាវុធគ្រប់ធុនមកលើប្រទេសកម្ពុជា អស់រយៈពេល ១០ថ្ងៃមកនេះ ទោះសហរដ្ឋអាមេរិកចេញមុខអន្តរាគមន៍ហើយក៏ដោយ។
កាសែតថៃ ខៅស៊ុត (Khaosod) ស្រង់សម្ដីនាយករដ្ឋមន្ត្រីចាំផ្ទះប្រទេសថៃ នៅថ្ងៃទី១៦ ធ្នូ នេះថា លោក អនុធីន ឆានវីរៈគុល បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យស្នើកម្ពុជាបញ្ឈប់ការបាញ់មុន ព្រោះថៃ មិនមែនជាអ្នកចាប់ផ្តើមជម្លោះនេះទេ។
ប្រភពដដែលអះអាងថា លោក អនុធីន ឆានវីរៈគុល បានធ្វើការប្រៀបធៀបប្រភេទអាវុធរវាងកម្ពុជា និងថៃ ខណៈកម្ពុជា បានបាញ់រ៉ុក្កែត BM-21 បាញ់ចូលក្នុងទឹកដីថៃ ដូច្នេះសួរថាតើភាគីណាប្រើអាវុធដែលមានអំពើហិង្សាខ្លាំងជាង។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ធ្នូ នេះថា ចាប់ពីម៉ោង ១២ និង ១៦នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ០៤ និង ១៧នាទី រសៀលថ្ងៃទី១៦ ខែធ្នូ យោធាថៃ បានបាញ់ប្រហារមកលើកម្ពុជា ចំនួន ២០លើក ក្នុងរយៈពេល ១៧ម៉ោងនេះ។
ប្រភពដដែល អះអាងថា ការវាយប្រហារទាំង ២០លើកនេះ ថៃបានប្រើអាវុធគ្រប់ធន់ រួមមានកាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ កាំភ្លើងបំពាក់លើរថក្រោះ ផ្សែងពុល រថក្រោះ កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់ ដ្រូនអត្តឃាត ដ្រូនពាំក្បាលគ្រាប់ ដ្រូនខ្នាតធំ រថយន្តបាញ់រ៉ុក្កែតប្រភេទ DTI-2 និងយន្តហោះចម្បាំង F-16 ផងដែរ។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា អាវុធទាំងជាង ១០ប្រភេទនេះ យោធាថៃ បានវាយប្រហារយ៉ាងសន្ធាប់ និងខ្លាំងក្លាបំផុតទៅលើតំបន់ជាច្រើនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដូចជា ប្រាសាទតាក្របី, ភ្នំ៣៣៣, ថ្មឆត្រ, ជប់អង្គញ់, ថ្មដូន, ភ្នំខ្មោច, អូរស្មាច់ ខណៈតំបន់ផ្សេងទៀតក៏ត្រូវរងការវាយប្រហារដែរ។
ក្រសួងការពារជាតិ គូសបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី១៦ ធ្នូ នេះ វីរកងទ័ពកម្ពុជា កំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ដើម្បីការពារបូរណភាពទឹកដីប្រទេសកម្ពុជា។
ជុំវិញការវាយប្រហារពីសំណាក់កងទ័ពថៃ មកលើកម្ពុជា រយៈពេល ១០ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានអះអាងនៅថ្ងៃទី១៦ ធ្នូ នេះថា គិតត្រឹមម៉ោង ១២ និង ៣០នាទី ថ្ងៃទី១៦ ខែធ្នូ នេះ ជនភៀសសឹកមានចំនួនជាង ១សែនគ្រួសារហើយ (១២៧៤៦៩គ្រួសារ) ដែលស្មើនឹងចំនួនពលរដ្ឋជាង ៤សែននាក់ (៤២៥៤៥៣នាក់)។
ជាមួយគ្នានេះ លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ក្នុងចំណោមនោះ មានស្ត្រីជាង ២សែននាក់ (២១៩០៥២នាក់) និងកុមារជាង ១សែននាក់ផងដែរ (១៣១២៧០នាក់)។
ទោះជាជម្លោះបានឈានចូលដល់អាទិត្យទីពីរក៏ដោយ សារព័ត៌មានបរទេសជាច្រើនផ្សាយសម្ដីនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន លោក អនុធីន ឆានវីរៈគុល ថា ភាគីកងទ័ពខ្មែរត្រូវបញ្ឈប់ការបាញ់ប្រហារជាមុន ទើបយោធាថៃ ឈប់វាយប្រហារលើទឹកដីប្រទេសកម្ពុជា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
