កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានសម្រេចឱ្យសេចក្តីថ្លែងការណ៍មួយដែលគេហៅថាសេចក្ដីថ្លែងការណ៍ប្រធានអាស៊ាន។
សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ដើម្បីជជែកអំពីការអនុវត្ត និងការពិនិត្យផ្ទៀងផ្ទាត់បទឈប់បាញ់។
សេចក្ដីថ្លែងការណ៍ប្រធានអាស៊ាននេះ ត្រូវបានគេមើលឃើញនៅលើគេហទំព័រនៃលេខាធិការដ្ឋានអាស៊ាន ចុះផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះកិច្ចពិភាក្សាស្ដីពីការបន្តបទឈប់បាញ់ឡើងវិញ និងការបញ្ឈប់អរិភាពរវាងកម្ពុជា-ថៃ។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍អះអាងថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជជែកអំពីការអនុវត្ត និងការពិនិត្យផ្ទៀងផ្ទាត់បទឈប់បាញ់។
សេចក្ដីថ្លែងការណ៍ប្រធានអាស៊ានមាន ១០ចំណុចដែលមានខ្លឹមសារដូចតទៅនេះ៖
- រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោះប្រជុំពិសេសមួយ ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
- ប្រទេសម៉ាឡេស៊ី បានជម្រាបជូននូវកិច្ចប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន ដោយលើកទឹកចិត្តទាំងកម្ពុជា និងថៃ ឱ្យបញ្ឈប់ជម្លោះនឹងគ្នា។ កិច្ចប្រជុំនេះក៏បានប្រកាសថាក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ត្រូវត្រៀមខ្លួនបំពេញបេសកកម្មរបស់ខ្លួនឡើងវិញទៅកាន់ប្រទេសកម្ពុជា និងថៃ។
- កិច្ចប្រជុំបានកោតសរសើរចំពោះតួនាទី និងការចូលរួមជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចូលរួមយ៉ាងសកម្មពីរដ្ឋសមាជិកអាស៊ាន និងប្រទេសចិន សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពនៃជម្លោះព្រំដែនដែលកំពុងកើតមានរវាងប្រទេសថៃ និងកម្ពុជា។ កិច្ចប្រជុំបានបញ្ជាក់ពីការត្រៀមខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក អនុធីន ឆានវីរៈគុល ក្នុងការបន្តចូលរួមជាមួយប្រធានអាស៊ាន ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ការយល់ច្រឡំណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។
- កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តចំពោះឯកភាព និងសាមគ្គីភាពនៃសមាជិកអាស៊ាន ក្នុងការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន។
- កិច្ចប្រជុំបានរំលឹកឡើងវិញនូវកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា, ការសម្រេចចិត្តរបស់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ក៏ដូចជាសេចក្តីប្រកាសរួមនៃទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបានជំរុញកម្ពុជា និងថៃ អនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវបទឈប់បាញ់។
- កិច្ចប្រជុំបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងបង្កឱ្យផ្ទុះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធបន្តទៀត ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។ ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងការផ្លាស់ទីលំនៅរបស់ជនស៊ីវិលនៃប្រទេសទាំងពីររាប់ម៉ឺននាក់។ ការអំពាវនាវដល់ភាគីទាំងពីរ ឱ្យធានាថាជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះសម្បែង និងទៅរកជីវភាពរស់នៅធម្មតារបស់ពួកគេវិញបាន ដោយគ្មានការរារាំង និងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
- កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយត្រូវដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនជាអន្តរជាតិ និងច្បាប់អន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះឯករាជភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
- កិច្ចប្រជុំបានជំរុញឱ្យប្រទេសកម្ពុជា និងប្រទេសថៃ អនុវត្តការអត់ធ្មត់ដ៏អតិបរមា និងចាត់វិធានការជាបន្ទាន់ឆ្ពោះទៅរកការបញ្ឈប់គ្រប់ទម្រង់នៃជម្លោះ។ កិច្ចប្រជុំក៏បានអំពាវនាវឱ្យប្រទេសទាំងពីរស្ដារទំនុកចិត្តទៅវិញទៅមកឡើងវិញ និងវិលត្រឡប់ទៅរកការសន្ទនាតាមរយៈយន្តការទ្វេភាគី ក៏ដូចជាការសន្ទនាគ្នាជាមួយនឹងប្រធានអាស៊ាន ក្នុងការស្ដារកិច្ចសហប្រតិបត្តិការលើការដោះមីនមនុស្សធម៌ និងអនុវត្តការកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែនរួមនៃប្រទេសទាំងពីរ ក្រោមការសង្កេតរបស់ក្រុម AOT ដោយអនុលោមតាមគោលការណ៍នៃច្បាប់អន្តរជាតិបង្ហាញពីការរួមរស់ដោយសន្តិភាព យូរអង្វែងជាមួយគ្នាឡើងវិញ។
- រដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះការពិភាក្សាស្ដីពីការបន្តបទឈប់បាញ់ឡើងវិញ និងការបញ្ឈប់អរិភាព។ កិច្ចប្រជុំ GBC នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្ដែងក្តីសង្ឃឹមចំពោះការបន្ធូរបន្ថយអរិភាពឱ្យបានឆាប់រវាងប្រទេសទាំងពីរ។
- ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅតែប្រកាន់យកគោលការណ៍ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដោយឈរលើការយោគយល់គ្នា និងដោយសន្តិវិធី។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Theresa Lazaro ដែលប្រទេសរបស់អ្នកស្រីនឹងក្លាយជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៦ បានបង្ហាញឆន្ទៈក្នុងការសម្របសម្រួលការចរចារវាងកម្ពុជា និងថៃ ខណៈដែលជម្លោះព្រំដែននៅតែបន្ត។
អ្នកស្រីអះអាងថា ទីក្រុងម៉ានីល ត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីសម្របសម្រួល ប្រសិនបើភាគីទាំងពីរ កម្ពុជា-ថៃ សម្រេចចិត្តប្រើប្រាស់យន្តការប្រធានអាស៊ាននៅពេលដែលហ្វីលីពីន ចូលកាន់តំណែងជាប្រធានអាស៊ាននៅខែមករា ឆ្នាំ២០២៦៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
