The Cambodia Daily Khmer

ទីបំផុត លោក ដូណាល់ ត្រាំ ចោទ​ថៃ ថា​ជា​អ្នក​បង្ក​សង្គ្រាម​សាជាថ្មី​ទៅ​លើ​កម្ពុជា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព

យោធា​ថៃ បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ F-16 ចំនួន ២​គ្រឿង​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​ចំនួន ៣​គ្រាប់​កាត់ផ្ដាច់​ស្ពាន​ជ័យជំនះ (ស្ពាន​មេ​ទឹក) ចំនួន ២​ស្ពាន (ស្ពាន​បេតុង​ថ្មី និង​ស្ពាន​ដែក​ចាស់) តភ្ជាប់​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥។

យោធា​ថៃ បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ F-16 ចំនួន ២​គ្រឿង​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​ចំនួន ៣​គ្រាប់​កាត់ផ្ដាច់​ស្ពាន​ជ័យជំនះ (ស្ពាន​មេ​ទឹក) ចំនួន ២​ស្ពាន (ស្ពាន​បេតុង​ថ្មី និង​ស្ពាន​ដែក​ចាស់) តភ្ជាប់​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចោទប្រកាន់​ថៃ ថា​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​តានតឹង​ជាមួយ​កម្ពុជា​បាន ហើយ​ក៏​ផ្ដើម​សង្គ្រាម​វាយប្រហារ​លើ​កម្ពុជា។ លោក ត្រាំ លើកឡើង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ថៃ និង​កម្ពុជា បាន​ផ្ទុះ​ឡើង​ជា​ថ្មី ទោះបីជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​កើតឡើង​ក្រោម​ការ​សម្របសម្រួល​របស់​លោក​ក៏ដោយ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ត្រាំ បាន​ថ្លែង​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ហើយ​រូបលោក​បាន​ចូលរួម​ជា​អធិបតី​ផ្ទាល់ ដោយ​មាន​គោលបំណង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​អាស៊ីអាគ្នេយ៍​ទាំង​ពីរ​មាន​ស្ថិរភាព​ឡើងវិញ។

លោក ត្រាំ បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ជោគជ័យ​ការទូត​ដ៏​សំខាន់​មួយ បន្ទាប់ពី​មាន​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​យ៉ាង​ខ្លាំង​តាម​បណ្តោយ​ព្រំដែន​រួម​នៃ​ប្រទេស​ទាំង​ពីរ​នេះ។

ក្នុង​ព្រឹត្តិការណ៍​នៃ​ពិធី​ចុះហត្ថលេខា​នោះ ត្រូវ​បាន​ផ្ដោត​សំខាន់​លើ​តួនាទី និង​សកម្មភាព​របស់​លោក ត្រាំ ផ្ទាល់ ហើយ​កើតឡើង​ស្រប​ពេល​ជាមួយ​នឹង​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​លោក​អំពី​ការ​ពិពណ៌នា​រូបភាព​ខ្លួនឯង​ជា​ប្រធានាធិបតី​នៃ​សន្តិភាព ពេល​នោះ​លោក ដូណាល់ ត្រាំ បាន​លើកឡើង​ពី​ស្នាដៃ​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​មួយ​ចំនួន​នៅ​លើ​ពិភពលោក ជាមួយ​នឹង​ការ​ពន្យល់​ទូលំទូលាយ​អំពី​កំណត់ត្រា​គោលនយោបាយ​ការបរទេស​របស់​លោក។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក​បាន​និយាយ​ដូចនេះ​ថា៖ «អ្នក​ដឹង​ទេ ខ្ញុំ​បាន​ដោះស្រាយ​សង្គ្រាម​ចំនួន​៨។ តែ​ឥឡូវ​នេះ ប្រទេស​ថៃ កំពុង​ចាប់ផ្តើម​សង្គ្រាម​នេះ​ឡើងវិញ។ អ្នក​ដឹង​ទេ ថៃ​បាន​ចាប់ផ្តើម​ប្រហារ​កម្ពុជា ហើយ​បាន​បង្ក​សង្គ្រាម​ឡើងវិញ។»

ការ​កត់សម្គាល់​របស់​លោក ត្រាំ ហាក់ដូចជា​ការ​ចោទប្រកាន់​លើ​ទីក្រុង​បាងកក ដែល​បាន​បង្ក​ការ​ប្រយុទ្ធ​ជា​ថ្មី ទោះបីជា​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ជាក់លាក់​អំពី​ឧប្បត្តិហេតុ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ក៏ដោយ។

រហូត​មក​ដល់​ពេលនេះ រដ្ឋាភិបាល​ថៃ និង​កម្ពុជា មិន​ទាន់​បាន​ឆ្លើយតប​ជា​ផ្លូវការ​ចំពោះ​ការ​លើកឡើង​ចុងក្រោយ​នេះ​នៅឡើយ​ទេ។

ទោះជា​យ៉ាងណា ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​អះអាង​ថា ពួកគេ​នៅតែ​ប្ដេជ្ញាចិត្ត​គោរព និង​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​កូឡាឡាំពួរ ដែល​បាន​កំណត់​វិធានការ​កសាង​ទំនុកចិត្ត និង​យន្តការ​សម្រាប់​ការ​សន្ទនា​បន្តបន្ទាប់ពី​ការ​ប៉ះទង្គិច​កន្លង​មក។

ចំណែក​ប្រទេស​ចិន វិញ ក៏​កំពុង​ជំរុញ​ឱ្យ​កម្ពុជា និង​ថៃ ឆាប់​បញ្ឈប់​ការ​វាយប្រហារ​គ្នា​ដែរ។

នៅ​ថ្ងៃទី​២៣ ធ្នូ នេះ ក្រសួង​ការបរទេស​ចិន បាន​បង្ហាញ​លទ្ធផល​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​របស់​ខ្លួន​ដែល​បាន​ទៅ​កាន់​កម្ពុជា និង​ថៃ។ ប្រេសិត​ពិសេស​ចិន គឺ​លោក Deng Xijun។ លោក​ទទូច​ថា អាទិភាព​បន្ទាន់​បំផុត គឺ​បទ​ឈប់​បាញ់​ឲ្យ​បាន​លឿន​បំផុត ហើយ​ចិន សង្ឃឹម​ភាគី​ទាំង​ពីរ​នឹង​ស្ដារ​ទំនុកចិត្ត និង​ឈាន​ដល់​កសាង​ព្រំដែន​សន្តិភាព​ឡើងវិញ។

ប្រេសិត​ពិសេស​សម្រាប់​កិច្ចការ​អាស៊ី​នៃ​ក្រសួង​ការបរទេស​ចិន Deng Xijun បាន​ធ្វើ​ដំណើរ​មក​កម្ពុជា និង​ថៃ កាលពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៣ ខែ​ធ្នូ ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​នៃ​ប្រទេស​ទាំង​ពីរ។

ក្នុង​ទស្សនកិច្ច​នេះ លោក Deng បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ និង​មន្ត្រី​ការទូត​ជាន់ខ្ពស់។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ការបរទេស​ចិន នៅ​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ។

តាម​ក្រសួង​ការបរទេស​ចិន ប្រេសិត​ចិន​រូប​នេះ​បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​ខ្លាំង​ពី​ស្ថានភាព​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ ដែល​ចិន មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់ និង​ការ​ភៀសខ្លួន​របស់​ប្រជាជន។ អាទិភាព​បន្ទាន់​បំផុត គឺ​ការ​សម្រេច​ឲ្យ​បាន​បទ​ឈប់​បាញ់​ភ្លាមៗ បញ្ឈប់​ការ​ប្រយុទ្ធ និង​ការ​បន្ត​ការ​សន្ទនា​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​តាមរយៈ​មធ្យោបាយ​សន្តិភាព។ ចិន​គាំទ្រ​ការ​ប្រឹងប្រែង​របស់​អាស៊ាន និង​គាំទ្រ​តួនាទី​សំខាន់​របស់​ក្រុម​សង្កេតការណ៍​អាស៊ាន​ក្នុង​ការ​តាមដាន​បទ​ឈប់​បាញ់។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Deng ប្រេសិត​ចិន។

បើ​តាម​ក្រសួង​ការបរទេស​ចិន ទីក្រុង​ប៉េកាំង ក៏​ត្រៀម​ខ្លួន​ជួយ​បង្កើត​លក្ខខណ្ឌ និង​ផ្ដល់​វេទិកា​សម្រាប់​ការ​សន្ទនា និង​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ។

យ៉ាងណា ទាំង​មេដឹកនាំ​កម្ពុជា និង​ថៃ បាន​សាទរ​ការ​ប្រឹងប្រែង​របស់​ចិន ក្នុង​ការ​ជំរុញ​សន្តិភាព និង​ការ​ចរចា​ដែល​អាច​ទទួលយក​បាន​សម្រាប់​ភាគី​ទាំងអស់។

ចំពោះ​មុខ​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ថៃ ដែល​កំពុង​បន្ត​អូស​បន្លាយ​ពេលនេះ គឺ​ជំហរ​របស់​កម្ពុជា ចង់​ឱ្យ​មាន​ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រយុទ្ធ​គ្នា។ លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ក្រោយ​វិលត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ស្ដីពី​បញ្ហា​ជម្លោះ​កម្ពុជា និង​ថៃ នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ។

បើ​តាម​លោក ប្រាក់ សុខុន អ្វី​ដែល​យើង​ចង់បាន គឺ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា បញ្ចប់​នូវ​ទុក្ខ​វេទនា​របស់​ប្រជាជន ការ​ស្លាប់​ទាំង​សងខាង មិន​ថា​យោធា មិន​ថា​ប្រជាជន រង​របួស ការ​ខូចខាត បាត់បង់​ទ្រព្យសម្បត្តិ​របស់​ប្រជាជន។

លោក​ប្រមុខ​ការទូត​កម្ពុជា ក៏បាន​បញ្ជាក់​ពី​បំណង​របស់​កម្ពុជា ដែល​ចង់​ឱ្យ​ភាគី​ជម្លោះ​វិលត្រឡប់​ទៅ​រក​ការ​ចរចា​គ្នា​វិញ ធ្វើ​យ៉ាងណា​កសាង​ទំនុកចិត្ត​រវាង​គ្នា​ទៅវិញ​ទៅមក សំដៅ​ការ​ធានា​ឱ្យ​ប្រជាជន​ដែល​ភៀសខ្លួន​ទាំង​ពីរ​ប្រទេស បាន​វិល​ទៅ​ផ្ទះសម្បែង​របស់​ពួកគាត់​វិញ​ដែល​ជា​ការ​បញ្ចប់​ទុក្ខ​លំបាក​របស់​ពួកគាត់។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ទៀត​ថា ដើម្បី​បញ្ចៀស​ការ​ច្បាំង​គ្នា កម្ពុជា​នៅតែ​ជ្រើសរើស​យក​ផ្លូវ​ដើរ គឺ​ដំណោះស្រាយ​ការទូត ទាំង​ទ្វេភាគី និង​ពហុភាគី ដែល​លោក ប្រាក់ សុខុន ថា​ជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដោយ​សន្តិវិធី​រវាង​កម្ពុជា និង​ថៃ ហើយ​ចំពោះ​កម្ពុជា ពិត​ជា​អត់​ចង់​ប្រើ​កម្លាំង​យោធា​នោះ​ឡើយ។

បើ​តាម​លោក ប្រាក់ សុខុន កម្ពុជា​បាន​ត្រៀម​លក្ខណៈ​ដើម្បី​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​តាម​ផ្លូវ​ការទូត ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ផ្នែក​ការទូត មិន​ថា​ទ្វេភាគី មិន​ថា​ពហុភាគី ឬ​មួយ​ក៏​ទទួល​បាន​ពី​ការ​ជួយ​សម្របសម្រួល​ពី​ខាងក្រៅ គឺ​កម្ពុជា​ទទួលយក​ទាំងអស់ សំដៅ​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​ជម្លោះ​នឹង​គ្នា។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក ប្រាក់ សុខុន បាន​ឱ្យ​ដឹង​ថា ចាប់តាំងពី​ការ​ផ្ទុះ​អាវុធ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ មក ប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ស្នើ​ចំនួន ៣​ដង ហើយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ស្នើ​ម្ដង​ឱ្យ​កម្ពុជា-ថៃ ងាក​ទៅ​គោរព​បទ​ឈប់​បាញ់។

លោក​បញ្ជាក់​ថា កម្ពុជា​ទទួលយក​ភ្លាម​ទៅ​តាម​ការ​ស្នើ​របស់​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ តែ​លោក​ថា​ភាគី​ថៃ បាន​ច្រានចោល។

ប្រមុខ​ការទូត​កម្ពុជា ក៏​រំលឹក​ពី​ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​ទាហាន​កម្ពុជា ១៨​រូប​ពី​សំណាក់​ក្រុម​យោធា​ថៃ ដោយ​លោក​ស្នើ​ឱ្យ​អង្គប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន អំពាវនាវ​រួម​គ្នា​ឱ្យ​មាន​ការ​ដោះលែង​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ។

លោក ប្រាក់ សុខុន បាន​អះអាង​ថា បណ្តា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត សុទ្ធតែ​មាន​កង្វល់​ដូច​គ្នា​ទាក់ទង​នឹង​អំពើ​ហិង្សា​ដែល​បាន​កើតឡើង បង្ក​ទុក្ខ​លំបាក​ជនភៀសខ្លួន ហើយ​អ្វីៗ​ទាំងអស់​មាន​និន្នាការ​ដូច​ទៅ​នឹង​ជំហរ​របស់​កម្ពុជា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version