The Cambodia Daily Khmer

សង្គ្រាម​គ្មាន​ថ្ងៃ​បុណ្យទាន មិន​ថា​ជាតិ​សាសន៍​ណា នៅ​ប្រទេស​ណា​ឡើយ

ស្ថានភាព​នៃ​ជនភៀសសឹក​នៅ​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៥។

ស្ថានភាព​នៃ​ជនភៀសសឹក​នៅ​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៥។

នៅ​រៀងរាល់​ឆ្នាំ ថ្ងៃទី​២៥ ធ្នូ ប្រជាជន​ទូទាំង​ពិភពលោក​កាន់​សាសនា​គ្រិស្ត នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​គ្រីស្តម៉ាស​ដែល​ជា​ការ​រំឭក​ថ្ងៃកំណើត​ព្រះយេស៊ូ​គ្រីស្ទ។ មនុស្ស​ជាច្រើន ទោះជា​មិនមែន​ជា​គ្រិស្ត​សាសនិក​ក្តី ក៏​តែងតែ​ប្រើប្រាស់​ពេលវេលា​នេះ​ដើម្បី​ជួបជុំ​គ្រួសារ មិត្តភក្ដិ អបអរ​សាទរ​ដល់​ការ​ប្រារព្ធ​ពិធីបុណ្យ​គ្រិស្តម៉ាស ឬ​បុណ្យ​ណូអែល ហើយ​គេ​តែងតែ​បន់ស្រន់​ប្រាថ្នា​ផ្សង​ឱ្យ​ខ្លួនឯង និង​មនុស្ស​ជា​ទី​ស្រឡាញ់​ជួប​នូវ​សុខ​សុភមង្គល និង​សំណាង​ល្អ។

ដោយឡែក​ប្រជាជន​នៅ​ប្រទេស​កម្ពុជា ក៏​មាន​បំណង​ប្រាថ្នា​ដូច​នឹង​ប្រជាជន​ប្រទេស​ផ្សេង​ដែរ នោះ​គឺ​សន្តិភាព​សម្រាប់​ប្រជាជាតិ​ខ្មែរ។ តែ​នៅ​ថ្ងៃទី​២៥ ធ្នូ ជា​ទិវា​បុណ្យ​គ្រីស្តម៉ាស ប្រជាជន​ខ្មែរ​ជាង​កន្លះ​លាន​នាក់​ដេក​ក្រោម​រោង​ក្រណាត់​កៅស៊ូ​តង់។ ពួកគេ​ជា​ជនភៀសសឹក​ពី​ការ​វាយប្រហារ​ពី​សំណាក់​យោធា​ថៃ ដែល​ជា​អ្នក​ជិតខាង​របស់​ខ្លួន។

គួរ​កត់សម្គាល់​អំពី​ចំណារ​កំណត់ហេតុ​ប្រវត្តិសាស្ត្រ​ថា ប្រទេស​មួយ ឬ​ក្រុម​មួយ ដែល​មាន​ចេតនា​រំលោភ​ឈ្លានពាន​ប្រទេស​ដទៃ ឬ​វាយប្រហារ​ទៅ​លើ​បច្ចាមិត្ត​របស់​ខ្លួន គេ​មិន​បាន​គិត​អំពី​ថ្ងៃ​បុណ្យ​អ្វី​ទេ៖ ទ័ព​ព្រៃ​ខ្មែរក្រហម​ក៏​ផ្លោង​ដាក់​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ខែ​មេសា ឆ្នាំ​១៩៧៥ ទ័ព​ព្រៃ​យៀកណាម​ខាងជើង-យៀកកុង ក៏​វាយប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​យៀកណាម​ខាងត្បូង ខែ​ចូល​ឆ្នាំ ហៅថា តេត នា​ឆ្នាំ​១៩៦៨ ក្រុង​ហាណូយ ក៏​វាយ​លុកលុយ​រំលំ​របប​ខ្មែរក្រហម​នា​ទិវា​បុណ្យ​គ្រិស្តម៉ាស ឆ្នាំ​១៩៧៨ ប្រទេស​អេហ្សីប និង​ស៊ីរី វាយប្រហារ​លើ​ប្រទេស​អ៊ីស្រាអែល ថ្ងៃ​បុណ្យ​យុមគីពួរ និង​ខែ​បួស​រ៉ាម៉ាឌន ឆ្នាំ​១៩៧៣ អ៊ី​ស្រាអែល វាយប្រហារ​ដែនដី​ប៉ាឡេស្ទីន ក្នុង​ខែ​អ៊ីស្លាមិក​ជន​បួស នៅ​ឆ្នាំ​២០១៤, ២០២១, ២០២២, ២០២៣ និង ២០២៤។

ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​កម្ពុជា​បាត់បង់​ជីវិត​កើន​ឡើង​ដល់ ៣១​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ភៀស​ខ្លួន​ចេញពី​លំនៅឋាន​របស់​ខ្លួន​នៅ​តំបន់​ជាច្រើន​តាម​បន្ទាត់​ព្រំដែន​កម្ពុជា កាន់តែ​មាន​ចំនួន​កើន​ឡើង​ជាង​កន្លះ​លាន​នាក់​ហើយ។

ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ចាប់ពី​ម៉ោង ១​រសៀល​ដល់​ម៉ោង ៦​ល្ងាច កាលពី​ថ្ងៃ​ពុធ សកម្មភាព​ឈ្លានពាន​របស់​រដ្ឋាភិបាល និង​យោធា​ថៃ ប្រឆាំង​នឹង​ទឹកដី​អធិបតេយ្យភាព​របស់​កម្ពុជា ជាពិសេស​ការ​បាញ់​អាវុធ​ធុន​ធ្ងន់ និង​ការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ស៊ីវិល បាន​បណ្តាល​ឱ្យ​ជនស៊ីវិល ៣០​នាក់​បាត់បង់​ជីវិត។

ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ជនស៊ីវិល​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​២៥ ធ្នូ នេះ អំឡុង​ពេល​មាន​ការ​វាយប្រហារ​ដោយ​កងកម្លាំង​ថៃ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់ ៣១​នាក់។

ចាប់តាំងពី​ថ្ងៃទី​៧ ខែ​ធ្នូ មក ចំនួន​ជនភៀសសឹក​កម្ពុជា​បាន​កើន​ឡើង​សរុប​ចំនួន​ជិត ៦៤​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៣៣១៧០៧​នាក់ និង​កុមារ ២០២៤៥៥​នាក់ ខណៈ​តួលេខ​នេះ​នៅតែ​បន្ត​ផ្លាស់ប្ដូរ​តាម​ការ​វិវត្ត​ស្ថានការណ៍។

គួរ​កត់សម្គាល់​ថា ការ​ខូចខាត​ទ្រព្យសម្បត្តិ ជាពិសេស​ទ្រព្យសម្បត្តិ​របស់​ជនស៊ីវិល បាន​និង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង។

មក​ទល់​ពេលនេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​កន្លះ​លាន​នាក់ កំពុង​ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់ពី​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញ​ពី​លំនៅឋាន និង​សាលារៀន​របស់​ខ្លួន ដោយសារ​ការ​បាញ់​កាំភ្លើង​ការ​បាញ់​ផ្លោង​ដោយ​អាវុធ​ធុន​ស្រាល និង​ធុន​ធ្ងន់ ព្រមទាំង​ការ​ទម្លាក់​គ្រាប់បែក​ពី​លើ​អាកាស​ពី​សំណាក់​កង​យន្តហោះ​ចម្បាំង​របស់​យោធា​ថៃ។ សម្រាប់​ហេតុផល​នេះ ក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ដល់​មិត្ត​បរទេស ជាពិសេស​សហរដ្ឋ​អាមេរិក ចិន ម៉ាឡេស៊ី និង​អាស៊ាន ឱ្យ​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ថយ​ភាព​តានតឹង និង​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង ដែល​ឆ្លុះបញ្ចាំង​ពី​សេចក្តី​ប្រាថ្នា​ដ៏​យូរអង្វែង​របស់​កម្ពុជា។

កម្ពុជា បន្ត​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់ និង​អនុញ្ញាត​ឱ្យ​ជនស៊ីវិល​ជាង ១​លាន​នាក់ ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​នៅ​សងខាង​ព្រំដែន អាច​វិលត្រឡប់​ទៅ​លំនៅឋាន​របស់​ខ្លួន​វិញ​ដោយ​សុវត្ថិភាព។

ទន្ទឹម​នឹង​នេះ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) បាន​ចាប់ផ្តើម​ថ្ងៃទី​២ នៃ​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ម៉ោង ៩:០៥​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​អចិន្ត្រៃយ៍ Prom–Pak Kard រវាង​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា និង​ខេត្ត​ចាន់ថាបុរី ប្រទេស​ថៃ។

លេខាធិការដ្ឋាន​បាន​បន្ត​ការ​ពិភាក្សា​ដើម្បី​ធានា​ការ​បញ្ឈប់​អរិភាព ស្វែងរក​ដំណោះស្រាយ​ស្ដារ​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ និង​ជួយ​សម្រួល​ដល់​ការ​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​ឱ្យ​បាន​ឆាប់​រហ័ស។

កិច្ចប្រជុំ​លេខាធិការដ្ឋាន​នេះ ត្រូវ​បាន​កោះ​ប្រជុំ​ឡើង​ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ពិសេស GBC កម្ពុជា-ថៃ លើក​ទី​៣ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ នេះ។ នេះ​បើ​យោង​តាម​ក្រសួង​ការពារ​ជាតិ​កម្ពុជា។

ស្រប​ពេល​នេះ​ដែរ អង្គការ និង​សមាគម​ចំនួន ៨៩៦ ក្នុង​នោះ​មាន ៣៦៦​អង្គការ និង ៥៣០​ក្រុម​សហគមន៍ បាន​ចូលរួម​ថ្កោលទោស​ប្រទេស​ថៃ ដែល​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការ​លើក​កម្ពស់​សន្តិភាព សិទ្ធិមនុស្ស និង​សុខុមាលភាព​សហគមន៍។

អង្គការ​ទាំងនេះ​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​មួយ​ចំនួន​នៅ​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ដោយ​សកម្មភាព​យោធា​ថៃ វាយប្រហារ​ក្នុង​ដែនដី​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អង្គការ​សង្គម​ស៊ីវិល​កម្ពុជា បាន​ឱ្យ​ដឹង​ថា ស្ថានទូត និង​គណៈប្រតិភូ​ទាំង ១៧ នៅ​កម្ពុជា មាន​ដូចជា ស្ថានទូត​សាធារណរដ្ឋ​បារាំង សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស អៀរឡង់​ខាងជើង សាធារណរដ្ឋ​ប្រជាមានិត​ចិន សហព័ន្ធ​រុស្ស៊ី គណៈប្រតិភូ​សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ ស្ថានទូត​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ប្រ៊ុយណេ ដារូសាលឹម វៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និង​ទីម័រឡេស។

អង្គការ​សង្គម​ស៊ីវិល​កម្ពុជា បាន​ចុះហត្ថលេខា និង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ថ្កោលទោស​រាល់​ការ​រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា ស្រប​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។ អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ក៏បាន​ជំរុញ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់​ប្រតិបត្តិការ​យោធា​ទាំងអស់​ជាបន្ទាន់ ដក​កងកម្លាំង​របស់​ខ្លួន និង​រក្សា​ការ​ប្ដេជ្ញាចិត្ត​ទាំងស្រុង​ក្រោម​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​សេចក្តី​ប្រកាស​រួម​កាលពី​ថ្ងៃទី​២៦ តុលា កន្លង​មក​នេះ។

ចំណែក​ឯ​ខាង​ថៃ ក៏​គេ​បង្ហាញ​ព័ស្តុតាង​អំពី​ការ​វាយប្រហារ​ពី​កងទ័ព​ខ្មែរ​ទៅ​លើ​សហគមន៍​ជនស៊ីវិល​ថៃ ដូច​គ្នា។

ទោះជា​យ៉ាងណាក្ដី អង្គការ​សង្គម​ស៊ីវិល​ខាង​ប្រទេស​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា សន្តិភាព​យូរអង្វែង​មិន​អាច​សម្រេច​បាន​តាមរយៈ​អំពើ​ហិង្សា​នោះ​ទេ ពោល​គឺ​មាន​តែ​តាមរយៈ​ការ​សន្ទនា​ពិតប្រាកដ ការ​គោរព​គ្នា​ទៅវិញ​ទៅមក និង​ការ​ប្រកាន់ខ្ជាប់​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឱ្យ​សន្តិភាព និង​ស្ថិរភាព​រវាង​កម្ពុជា និង​ថៃ ត្រូវ​បាន​ស្ដារ​ឡើងវិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version