The Cambodia Daily Khmer

យោធា​ថៃ ទម្លាក់​គ្រាប់បែក​បាញ់​ផ្លោង​ដាក់​ស្រុក​ខ្មែរ​ឥត​ដក​ដៃ កងទ័ព​ខ្មែរ​ក៏​បាញ់​ដាក់​ខេត្ត​ថៃ តបត​វិញ

យោធា​ថៃ ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

យោធា​ថៃ ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា អះអាង​ថា នៅ​ថ្ងៃ​សុក្រ​នេះ យោធា​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៤០​គ្រាប់ និង​ផ្លោង​គ្រាប់​កាំភ្លើងធំ​ជាង ២០០​គ្រាប់ (២៥០​គ្រាប់) ផង​ដែរ ចូល​ភូមិ​ជោគជ័យ ខណៈ​ជាង ១០០​គ្រាប់​ទៀត (១១០​គ្រាប់) ត្រូវ​ថៃ បាញ់​ផ្លោង​ចូល​ភូមិ​ព្រៃចាន់។

អ្នក​នាំពាក្យ​កងទ័ព​អាកាស​ថៃ ឧត្ដមសេនីយ៍ ចក្រិត ធម្មាវិច័យ (Jackrit Thammavichai) បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែ​ធ្នូ នេះ ថា​ប្រតិបត្តិការ​ចម្រុះ​កងទ័ព​ជើងគោក ជើង​អាកាស បាន​សម្រេច​ផល​ដោយ​កាន់កាប់​ភូមិ​បានណងចាន់ ក្នុង​ខេត្ត​ស្រះកែវ ទាំងស្រុង ចម្ងាយ ២៥​គីឡូម៉ែត្រ​ពី​ប៉ោយប៉ែត។

អ្នក​នាំពាក្យ​ទ័ព​អាកាស​ដដែល ថ្លែង​ថា ប្រតិបត្តិការ​សឹក​សំដៅ​កម្ទេច​ឃ្លាំង​ស្តុក​អាវុធ គឺ​ដើម្បី​ការពារ​ដែន​អធិបតេយ្យ ឯករាជភាព ប្រយោជន៍​ជាតិ និង​ប្រជារាស្ត្រ​ថៃ។ ចំណែកឯ​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន លោក អនុធីន ឆានវីរៈគុល ថ្លែង​នៅ​ថ្ងៃ​ដដែល​ថា លោក​សង្ឃឹម​ថា​ហត្ថលេខា​ចុះ​រួម​គ្នា​នៅ​ក្រុង​កូឡាឡាំពួរ លើក​នេះ ជា​ហត្ថលេខា​ចុងក្រោយ​បង្អស់​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ហើយ​ថា​ថៃ នឹង​មិន​ដក​កងទ័ព​ចេញពី​ព្រំប្រទល់​ដែន​ឡើយ បើ​ភាគី​កម្ពុជា មិន​ត្រង់។

ដំណាល​ពេល​គ្នា​នេះ ក្រោយពី​កាសែត​អាមេរិកាំង The New York Times បាន​រាយការណ៍​អំពី​អាវុធ​ចិន​ទំនើប​ទាហាន​យោធភូមិភាគ​ទី​២ ថៃ រឹបអូស​បាន​នៅ​សមរភូមិ យោធា​ថៃ បាន​បញ្ជូន​នាយសេនាធិការ​កងទ័ព​ជើងគោក ឧត្ដមសេនីយ៍ ឆាយាព្រឹក្ស ដួងប្រាផាត ទៅ​ជួប​មេទ័ព​ចិន ដើម្បី​សាកសួរ​អំពី​អាវុធ​ថ្មីចែស​នៅ​ក្នុង​កណ្ដាប់ដៃ​យោធា​ថៃ ទាំងនោះ។

យ៉ាងណាមិញ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ ចាប់ពី​ម៉ោង ៦:០៨​នាទី​ដល់​ម៉ោង ៧:១៥​នាទី យន្តហោះ​ចម្បាំង​ថៃ F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៤០​គ្រាប់ ចូល​ក្នុង​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​ចាប់ពី​ម៉ោង ៧ និង ០០​នាទី​ព្រឹក ដល់​ម៉ោង ១៤ និង ៣០​នាទី​រសៀល យោធា​ថៃ ក៏បាន​បាញ់​កាំភ្លើងធំ​ផ្លោង​ប្រមាណ ២៥០​គ្រាប់ ចូល​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ និង​ប្រមាណ ១១០​គ្រាប់​ផ្សេង​ទៀត​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ផង​ដែរ។

ដោយឡែក​ភូមិសាស្ត្រ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ក៏​ត្រូវ​ទាហាន​ថៃ ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ប្រមាណ​ជា ១០​គ្រាប់​ដែរ នៅ​វេលា​ម៉ោង ១​ថ្ងៃ​ត្រង់​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ។

ប្រភព​ដដែល អះអាង​ថា គិត​ចាប់ពី​វេលា​ម៉ោង ៤ និង ៣០​នាទី​ទៀបភ្លឺ រហូត​ដល់​ម៉ោង ២ និង ០០​នាទី​រសៀល ទាហាន​ថៃ បាន​វាយប្រហារ​លើ​ទឹកដី​កម្ពុជា ជាង ២០​លើក ដោយ​ប្រើ​យន្តហោះ​ចម្បាំង F-16 ដ្រូន​ទម្លាក់​គ្រាប់បែក ដ្រូន​ស៊ើបការណ៍ កាំភ្លើងធំ​ប្រភេទ ១៥៥​មិល្លីម៉ែត្រ ផ្សែង​ពុល រថក្រោះ និង​ទាហាន​ថ្មើរជើង​រុល​ចូល​ទឹកដី​ខ្មែរ។

សេចក្តី​រាយការណ៍​ពី​ខាង​ប្រទេស​ថៃឡង់ដ៍ ឲ្យ​ដឹង​ថា កងទ័ព​ជើងគោក​ខ្មែរ​បាន​បាញ់​គ្រាប់ BM-21 Grad កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ទី​២៤ ខែ​ធ្នូ ទៅ​លើ​ស្រុក​កន្ថារ៉ាឡាក់ ខេត្ត​ស៊ីសាកេត ចំនួន ១៣៤​គ្រាប់ ស្រុក​ណាំយឺន ខេត្ត​ឧប៊ុន ១​គ្រាប់ ស្រុក​បានក្រួត ខេត្ត​បុរីរម្យ ២៧​គ្រាប់ ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ ៣១​គ្រាប់ និង​ស្រុក​ដងរែក ខេត្ត​សុរិន្ទ ៥០២​គ្រាប់ បណ្តាល​ឲ្យ​ខូចខាត​អគារ ៨១​ខ្នង ជា​សាលារៀន វត្ត និង​មន្ទីរពេទ្យ។

ក្រសួង​មហាផ្ទៃ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ជា​កសិករ​រស់នៅ​ភូមិ​គោកត្រាច ឃុំ​រើល ស្រុក​ពួក ខេត្ត​សៀមរាប ស្លាប់​ភ្លាមៗ​ក្រោយ​លោត​ចុះ​ពី​លើ​គោយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ ព្រោះតែ​ការ​ភិតភ័យ​នឹង​សំឡេង​គ្រាប់​ផ្ទុះ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​យន្តហោះ F-16 ពី​ភាគី​ថៃ នៅ​ថ្ងៃ​សុក្រ​នេះ។

កាសែត​ថៃ ខៅស៊ុត រាយការណ៍​នៅ​ថ្ងៃទី​២៦ ធ្នូ បញ្ជាក់​ថា ទោះជា​យ៉ាងណាក៏ដោយ បទ​ឈប់​បាញ់​កម្ពុជា-ថៃ ត្រូវ​រំពឹង​ថា​នឹង​កើតមាន​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ប៉ុន្តែ​ស្ថានភាព​ត្រូវ​តាមដាន​រយៈពេល ៧២​ម៉ោង។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ ធ្នូ ថា នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ គឺជា​ថ្ងៃ​ទី​បី នៃ​កិច្ចប្រជុំ​ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ដែល​ធ្វើឡើង​នៅ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ទល់​នឹង​ច្រក​ផាកកាត ខេត្ត​ចន្ទបុរី ប្រទេស​ថៃ។

ប្រភព​ដដែល អះអាង​ថា នៅ​ថ្ងៃ​ទី​បី​នេះ កិច្ចប្រជុំ​បាន​បន្ត​ពិភាក្សា​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បញ្ឈប់​អរិភាព និង​ស្វែងរក​នូវ​ដំណោះស្រាយ ដើម្បី​ឱ្យ​មាន​ស្ថិរភាព​ឡើងវិញ​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ការ​វិលត្រឡប់​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ​ផង​ដែរ។

អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់​ថា កិច្ចប្រជុំ​ក្រុម​លេខាធិការ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នេះ ធ្វើឡើង​ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

ចាប់តាំង​ពី​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ មាន​រយៈពេល ២០​ថ្ងៃ​ហើយ​ដែល​សង្គ្រាម​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​ជា​លើក​ទី​២ នេះ ប៉ុន្តែ​ដំណោះស្រាយ​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ទោះ​មាន​ការ​អំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​ភាគី​ទាំង​ពីរ​វិល​ទៅ​រក​បទ​ឈប់​បាញ់​ជាបន្តបន្ទាប់​ក៏ដោយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version