The Cambodia Daily Khmer

យោធា​ថៃ ដោះលែង​វីរកងទ័ព​កម្ពុជា​ទាំង ១៨​នាក់ និង​បញ្ជូន​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ

វីរកងទ័ព​កម្ពុជា ទាំង ១៨​នាក់​ដែល​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់​មក​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥។ (រូបថត៖ AKP)

វីរកងទ័ព​កម្ពុជា ទាំង ១៨​នាក់​ដែល​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់​មក​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥។ (រូបថត៖ AKP)

ទីបំផុត វីរកងទ័ព​កម្ពុជា ទាំង ១៨​នាក់​ដែល​យោធា​ថៃ ប្រើ​ល្បិច​ចាប់​ខ្លួន និង​ឃុំគ្រង​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ អស់​រយៈពេល ១៥៥​ថ្ងៃ ត្រូវ​បាន​ដោះលែង និង​បញ្ជូន​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ដោយ​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ ឱ្យ​ដឹង​ថា យោធា​កម្ពុជា ទាំង ១៨​នាក់​ដែល​ស្ថិត​នៅ​ក្រោម​ការ​ឃុំគ្រង​ដោយ​ភាគី​ថៃ អស់​រយៈពេល ១៥៥​ថ្ងៃ ត្រូវ​បាន​ដោះលែង និង​បញ្ជូន​ត្រឡប់​មក​មាតុប្រទេស​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន នៅ​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដោយ​សុវត្ថិភាព។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា ការ​ដោះលែង​យោធិន​កម្ពុជា ចំនួន ១៨​រូប​ត្រឡប់​មក​កម្ពុជា​វិញ គឺ​ធ្វើឡើង​ក្រោម​ការ​ឯកភាព​គ្នា​រវាង​កម្ពុជា និង​ថៃ នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា-ថៃ (GBC) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​មាន ១៦​ចំណុច ដោយ​ប្រកាស​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ក្នុង​រយៈពេល ៧២​ម៉ោង គិត​ចាប់ពី​វេលា​ម៉ោង ១២ និង ០០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​២៧ ដល់​វេលា​ម៉ោង ១២ និង ០០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៥ ហើយ​ប្រសិនបើ​ការ​អនុវត្ត​បទ​ឈប់​បាញ់​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល ៧២​ម៉ោង​នេះ ទាហាន​កម្ពុជា ទាំង ១៨​នាក់ ក៏​នឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​ទៅ​ប្រទេស​កម្ពុជា វិញ នៅ​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់​ថ្ងៃទី​៣០ ខែ​ធ្នូ។

ទោះជាយ៉ាងណា មុន​កិច្ចចរចា​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ចូល​ធរមាន​បញ្ញត្តិ យន្តហោះ​ចម្បាំង​ថៃ F-16 ទម្លាក់​គ្រាប់បែក​លើ​អគារ​កាស៊ីណូ​តាម​ព្រំដែន ដែល​គេ​ចោទ​ថា​ជា​កន្លែង​ប្រើ​ជា​បញ្ជាការដ្ឋាន​បង្ហោះ​ដ្រូន និង​ស្តុក​អាវុធ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា ក្នុង​ចំណុច​ទី​១១ នៃ​សេចក្ដី​ប្រកាស​រួម​នេះ បាន​កំណត់​អំពី​ការ​ដោះលែង​យោធិន​កម្ពុជា​ទាំង ១៨​រូប បន្ទាប់ពី​ការ​គោរព​យ៉ាង​ពេញលេញ​ក្នុង​រយៈពេល ៧២​ម៉ោង​នៃ​បទ​ឈប់​បាញ់​ដែល​ត្រូវ​បាន​ចូល​ជា​ធរមាន​កាលពី​វេលា​ម៉ោង ១២:០០​ថ្ងៃ​ត្រង់ (ម៉ោង​ក្នុង​ស្រុក) នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

ប្រភព​ដដែល​លើកឡើង​ថា ការ​ដោះលែង​យោធិន​កម្ពុជា​ទាំង ១៨​នាក់​នេះ ក៏​ស្រប​ជាមួយ​នឹង​ស្មារតី​នៃ​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ រវាង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​នៃ​សហរដ្ឋ​អាម៉េរិក និង​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ធ្វើ​ជា​សាក្សី។

អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) និង​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) ក៏បាន​ចូលរួម​សង្កេតការណ៍​ដំណើរ​នៃ​ការ​វិលត្រឡប់​របស់​យោធិន​ទាំង ១៨​រូប​របស់​កម្ពុជា​ដែរ។

គួរ​បញ្ជាក់​ថា កងទ័ព​ថៃ បាន​ប្រើ​ល្បិច​លួច​ចាប់​កងទ័ព​កម្ពុជា ប្រមាណ ២០​រូប​នៅ​វេលា​ម៉ោង ៧ និង ៥០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា រយៈពេល​ប្រមាណ​ជាង ៧​ម៉ោង​តែប៉ុណ្ណោះ​ក្រោយ​ពី​បទ​ឈប់​បាញ់​ចូល​ជាធរមាន​នៅ​ម៉ោង ០០ ឈាន​ចូល​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥។ ចាប់តាំងពី​ចាប់​ខ្លួន​យក​ទៅ ភាគី​ថៃ បាន​បញ្ជូន​យោធិន​កម្ពុជា មក​តែ ២​រូប​តែប៉ុណ្ណោះ ដែល​ការ​បញ្ជូន​មក​វិញ​នោះ គឺ​ក្នុង​សភាព​ម្នាក់​រង​របួស​រាងកាយ​ធ្ងន់ធ្ងរ​មិន​អាច​ដើរ​ថ្មើរ​ជើង​បាន ចំណែក​ម្នាក់​ទៀត​អាច​ដើរ​ថ្មើរ​ជើង​បាន ប៉ុន្តែ​រង​របួស​ផ្នែក​ស្មារតី៕

© 2025 – 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version