The Cambodia Daily Khmer

អ្នកវិភាគ​កិច្ចការ​យោធា​ថា​ចិន​ជា​អ្នក​ចំណេញ​ក្នុង​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ព្រោះ​លក់​អាវុធ​បាន​ទាំង​សងខាង

(រូប​ពី​ឆ្វេង) លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ត្រីភាគី​ជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រី​ការបរទេស​ថៃ នៅ​ខេត្ត​យូណាន ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៥។

(រូប​ពី​ឆ្វេង) លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ត្រីភាគី​ជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រី​ការបរទេស​ថៃ នៅ​ខេត្ត​យូណាន ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៥។

ប្រទេស​ចិន បាន​ជួយ​ផ្សះផ្សា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ កាលពី​ចុង​សប្តាហ៍​មុន បន្ទាប់ពី​មាន​កិច្ចប្រជុំ​ពីរ​លើក​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ធ្វើ​សាក្សី មិន​បាន​រក្សា​បទ​ឈប់​គ្នា​បាញ់​គ្នា​បាន​ជាប់លាប់។ ភាគី​មួយ​ចោទ​ភាគី​មួយ​ជា​អ្នក​បំពាន​បទ​ឈប់​បាញ់​គ្នា ហើយ​ភាគី​មួយ​ទៀត​បដិសេធ។

អ្នកវិភាគ​កិច្ចការ​យោធា​នៅ​តំបន់​អាស៊ី និយាយ​ប្រាប់​កាសែត Thai Enquirer ក្នុង​ជម្លោះ​រវាង​ខ្មែរ និង​ថៃ ថា ចិន​ជា​អ្នក​ចំណេញ ពីព្រោះ​បាន​លក់​អាវុធ​ឱ្យ​ទាំង​សងខាង។

សារព័ត៌មាន​យោធា​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន Defense News ផ្សាយ​ថា ប្រទេស​ថៃឡង់ដ៍ បាន​ទិញ​រថក្រោះ​ចិន VT-4 (MBT-3000) ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ ចំនួន​ជិត ៤០​គ្រឿង និង​រថពាសដែក​ចំនួន ៣៤​គ្រឿង​ពី​ក្រុមហ៊ុន​ផលិត​យុទ្ធភណ្ឌ ណូរិនកូ (China North Industry Corporation, NORINCO)។ ចុង​ឆ្នាំ​២០២៥ ចិន​លក់​រ៉ុក្កែត​ទំនើប​បាញ់​រថក្រោះ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ ដែល​បាញ់​បាន​ចម្ងាយ ១០​គីឡូម៉ែត្រ ទាញ​តម្រង់​ចំ​ចំណុច​គោលដៅ ប្រភេទ GAM-102LR ដែល​ទាហាន​ខ្មែរ​បោះបង់​នៅ​សមរភូមិ​អានសេះ ឬ​ទំនួល​៥០០ ខេត្ត​ព្រះវិហារ។

ប្រភព​យោធា​នៅ​ប្រទេស​ថៃឡង់ដ៍ អធិប្បាយ​ថា លោក ហ៊ុន សែន បាន​ត្រៀម​លក្ខណៈ​បើក​សមរភូមិ​ច្បាំង​នៅ​ប៉ែក​ខាងលិច​ប្រទេស​តាំងពី​ឆ្នាំ​២០១១ ព្រោះ​គេ​បាន​តាមដាន​ឃើញ​មាន​ការ​រៀបចំ​បោះ​ទីតាំង​រថក្រោះ កាំជ្រួច​ផ្លោង ដែល​ជា​យុទ្ធវិធី​ត្រៀម​ធ្វើ​ចម្បាំង។

អ្នកវិភាគ​និយាយ​ថា លោក ហ៊ុន សែន គណនា​វិភាគ​ខុស ដោយ​មិន​នឹកស្មាន​ថា​ប្រទេស​ថៃ អាច​នឹង​ឆ្លើយតប​វិញ​យ៉ាង​ចាស់ដៃ​ដូច្នោះ​ឡើយ។ មន្ត្រី​ថៃ មើល​ឃើញ​លោក ហ៊ុន សែន នៅតែ​ប្រកាន់​ជំហរ​ច្រឡើសបើស​ដើម្បី​ស្វែងរក​ការ​កោត​ស្ញប់ស្ញែង​ផ្ទៃក្នុង ស្វែងរក​កិច្ច​គាំទ្រ​អន្តរជាតិ ហើយ​យល់​ថា​ថៃ នឹង​មិន​វាតទី​ចូល​ទឹកដី​ខ្មែរ​តទៅទៀត​ឡើយ។

ជាមួយ​គ្នា​នេះ មន្ត្រី​ថៃ អះអាង​ថា គេ​គ្មាន​ចេតនា​ដណ្តើម​យក​ទឹកដី​មាន​វិវាទ​ទៅ​កាន់កាប់​ឡើយ។

ទោះជា​មាន​អន្តរាគមន៍​ពី​មហាអំណាច​ឲ្យ​មាន​កិច្ចសន្យា​ឈប់​បាញ់​គ្នា ការ​ដោះលែង​ទាហាន​ខ្មែរ ចិន​សន្យា​ផ្តល់​ជំនួយ​ជិត ៣​លាន​ដុល្លារ​ជួយ​ដល់​ការ​ខូចខាត និង​ឧបត្ថម្ភ​ជនភៀសសឹក​ក៏ដោយ យោធា​ថៃ នៅតែ​បន្ត​ប្រុងប្រយ័ត្ន​ត្រៀម​ខ្លួន​ការពារ​សន្តិសុខ​ជានិច្ច ពីព្រោះ​គេ​គិត​ថា​ភាគី​ខ្មែរ​អាច​នឹង​ផ្តើម​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​ពេល​ណា​មួយ​ជា​ថ្មី​ទៀត ក្រោយពី​បង្ហោះ​យាន​គ្មាន​មនុស្ស​បើក ២៥០​គ្រឿង​ចូល​ដែនដី​ថៃឡង់ដ៍៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version