The Cambodia Daily Khmer

បញ្ញវន្ត​ខ្មែរ​ស្នើ​ពលរដ្ឋ​កុំ​បង្អួត​ម្ហូប​អាហារ និង​ស្រា​ថ្លៃៗ អំឡុង​ពេល​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល

ជនភៀសសឹក​ដែល​រត់​ចេញពី​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥។ (រូបភាព៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ)

ជនភៀសសឹក​ដែល​រត់​ចេញពី​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥។ (រូបភាព៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ)

រាជបណ្ឌិត្យសភា​កម្ពុជា អំពាវនាវ​ដល់​ពលរដ្ឋ​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម កុំ​បង្អួត​ការ​កម្សាន្ត ម្ហូប​អាហារ និង​ស្រា​ថ្លៃៗ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២៥ ចូល​ឆ្នាំ​២០២៦ នា​ពេលនេះ ដោយសារ​ប្រទេស​ជាតិ​កំពុង​ជួប​ទុក្ខសោក​ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​បរទេស​ជិតខាង។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ ធ្នូ នេះ ដោយ​ពោល​សារទុក្ខ​ថា ប្រជាជន​ស្ទើរ​ពាសពេញ​ពិភពលោក​បាន​នាំគ្នា​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ដោយ​សេចក្តី​សប្បាយ​រីករាយ ប៉ុន្តែ​សម្រាប់​ប្រជាជន​ខ្មែរ​កំពុង​ជួប​ទុក្ខសោក និង​ដំបៅ​ដួងចិត្ត​យ៉ាង​ជ្រៅ​បំផុត ដែល​លោក​ថា​បង្ក​ឡើង​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ថៃ។

បណ្ឌិត គិន ភា លើកឡើង​ថា ក្នុង​កាលៈទេសៈ​ដ៏​សែន​សោកសៅ​នេះ ប្រជាពលរដ្ឋ​ដែល​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល មិន​គួរ​សម្ញែង​បង្អួត​អំពី​ជីវិត​សប្បាយ​រីកថ្លើម​ជាមួយ​សាច់ញាតិ ឬ​ក្រុម​គ្រួសារ​នៅ​តាម​រមណីយដ្ឋាន ឬ​ភោជនីយដ្ឋាន​ទំនើបៗ​ឡើយ ព្រោះ​ខណៈ​នេះ វីរកងទ័ព​ខ្មែរ​នៅ​កំពុង​ដេក​ត្រាំ​ទឹក​ក្នុង​លេណដ្ឋាន​ដើម្បី​ការពារ​ទឹកដី​អស់​រយៈពេល​ជាង ២០​ថ្ងៃ​មក​ហើយ ដែល​មិន​ទាន់​ងូត​ទឹក​លាង​ជម្រះ​ខ្លួន​ម្តង​ផង។

ជាង​នេះ​ទៀត ក៏​មិន​គួរ​បង្អួត​អាហារ និង​ស្រា​ថ្លៃៗ​ដែល​សល់​ពោរពាស​សល់​ពេញ​តុ​ដែរ ព្រោះ​វីរកងទ័ព និង​ពលរដ្ឋ​ភៀស​សឹក​កំពុង​ខ្វះខាត​អាហារ និង​ទឹកស្អាត​នៅ​សមរភូមិ​មុខ និង​នៅ​តាម​មណ្ឌល​ជនភៀសសឹក​នានា​នោះ។

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា រូប​នេះ​បញ្ជាក់​ថា ការ​អំពាវនាវ​នេះ​មិនមែន​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ជួបជុំ​គ្រួសារ​ដើម្បី​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ទេ ឬ​ក៏​ដោយសារ​លោក​ច្រណែន​ដែរ គ្រាន់តែ​លោក​មិន​ចង់​ឱ្យ​មាន​រូបភាព​បង្ហាញ​ពី​គម្លាត​សង្គម​ដែល​នាំ​ទៅ​ដល់​ការ​រើសអើង​ប៉ុណ្ណោះ។

គេ​សួរ​ថា តើ​គំនិត​សមធម៌​ក្នុង​សង្គម​នេះ​មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់​ស្តាប់ ហើយ​ធ្វើតាម ជាពិសេស​កូនចៅ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​រង​ការ​បំផ្លាញ​ដោយសារ​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ យ៉ាង​ដំណំ​ទាំង​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​ផង​ដែរ។

គិត​ចាប់តាំងពី​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ សង្គ្រាម​កម្ពុជា-ថៃ មាន​រយៈពេល ២១​ថ្ងៃ​ហើយ ដែល​បាន​ប៉ះពាល់ និង​សម្លាប់​ជីវិត​មនុស្ស រួម​ទាំង​បង្ខំ​ឱ្យ​ពលរដ្ឋ​ភៀស​សឹក ព្រមទាំង​បង្ក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាង​ធំធេង។

ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៣០ ខែ​ធ្នូ ពលរដ្ឋ​ភៀស​សឹក​បាន​វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ជាង ២​ម៉ឺន​នាក់​ហើយ (២០១៦២​នាក់) ប៉ុន្តែ​ពលរដ្ឋ​ដែល​កំពុង​បន្ត​ស្នាក់នៅ​តាម​ជំរំ​ភៀស​សឹក​នៅតែ​មាន​ច្រើន គឺ​ជិត ៦​សែន​នាក់​ទៀត (៥៧៤៣៨៣​នាក់) ដែល​មាន​ស្ត្រី​ជាង ៣​សែន​នាក់ (៣០០២៩២​នាក់) និង​កុមារ​ជិត ២​សែន​នាក់​ផង​ដែរ (១៨០៤៨៣​នាក់)។

ក្រសួង​មហាផ្ទៃ អះអាង​ថា សង្គ្រាម​រយៈពេល​ជាង ២០​ថ្ងៃ​មក​នេះ បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​កម្ពុជា​ស្លាប់ ៣២​នាក់ ដែល​ក្នុង​នោះ គឺ​មាន​កុមារ​ម្នាក់​ថែមទៀត និង​របួស ៩៥​នាក់​ផង​ដែរ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​បាន​រង​ការ​ខូចខាត​ជាង ២០០​កន្លែង (២១៣​កន្លែង)។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ នេះ​ថា ទុក្ខ​លំបាក និង​ការ​ធ្វើ​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់​នៃ​វីរជន​នៅ​សមរភូមិ គឺជា​ការ​ដាស់តឿន​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​បំភ្លេច​នូវ​ពាក្យ​ថា «បែកបាក់ គឺ​ស្លាប់ សាមគ្គី​រឹងមាំ គឺ​រស់»។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ពេលនេះ ប្រជាពលរដ្ឋ​ភៀស​សឹក​ជាង​កន្លះ​លាន​នាក់​កំពុង​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​ពួកគេ​អាច​វិលត្រឡប់​ទៅ​កាន់​គេហដ្ឋាន​វិញ ចំណែក​កុមារ​រាប់​ពាន់​នាក់​ក៏​កំពុង​រង់ចាំ​ថ្ងៃ​ដែល​ពួកគេ​អាច​វិលត្រឡប់​ទៅ​ថ្នាក់រៀន​វិញ​ដែរ ខណៈ​ក្រុម​គ្រួសារ​កងទ័ព កងកម្លាំង​នគរបាល​រាប់​ពាន់​នាក់ ក៏​កំពុង​រង់ចាំ​ផ្លូវ​ឪពុក ប្តី កូន ពូ មីង បងប្អូន​របស់​ពួកគេ​ពី​សមរភូមិ​យ៉ាង​អន្ទះសា​បំផុត​ដូច​គ្នា​ដែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version