សហរដ្ឋអាមេរិក ចាត់ទុកការដោះលែងទាហានខ្មែរទាំង ១៨នាក់ដោយភាគីថៃ គឺជាជំហានវិជ្ជមានមួយដើម្បីឆ្ពោះទៅរកការកសាងទំនាក់ទំនង និងទំនុកចិត្តក្នុងនាមជាប្រទេសជិតខាងនឹងគ្នាឡើងវិញ។
អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Piggot បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលត្រូវបានស្ថានទូតអាមេរិកប្រចាំកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះថា សហរដ្ឋអាមេរិក ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់នៃរដ្ឋាភិបាលប្រទេសកម្ពុជា និងរដ្ឋាភិបាលប្រទេសថៃឡង់ដ៍ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
លោក Tommy Piggot អះអាងថា សកម្មភាពទាំងនេះបានបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះសន្តិភាពយូរអង្វែង តាមរយៈការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ កាលពីចុងខែតុលា កន្លងទៅ ដែលមានប្រធានាធិបតីអាមេរិកាំង លោក ដូណាល់ ត្រាំ ចេញមុខធ្វើជាសាក្សីនោះ។
មន្ត្រីការបរទេសអាមេរិកាំងរូបនេះបញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងពេលដែលប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ សម្រេចដោះលែងទាហានកម្ពុជាទាំង ១៨នាក់ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្រោយពីមានកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ។
ជុំវិញបញ្ហានេះ កាសែតថៃ The Nation បានរាយការណ៍អំពីខ្លឹមសារនៃសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសថៃ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ថា ប្រទេសថៃ បានបញ្ជូនទាហានខ្មែរចំនួន ១៨នាក់ឱ្យទៅប្រទេសកម្ពុជា វិញ បន្ទាប់ពីមានបទឈប់បាញ់រយៈពេល ៧២ម៉ោងជាប់គ្នា ហើយចាត់ទុកថាជាជោគជ័យទាំងសងខាង។
ក្រសួងការបរទេសថៃ បញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ទាហានកម្ពុជា ទាំង ១៨នាក់នេះ គឺអនុវត្តតាមប្រការ ១១ នៃសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយប្រទេសថៃ និងកម្ពុជា ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
គិតពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទាហានខ្មែរស្ថិតនៅក្នុងការឃុំខ្លួនដោយយោធាថៃ អស់រយៈពេល ១៥៥ថ្ងៃ។
ជុំវិញបញ្ហានេះ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានលើកឡើងនៅថ្ងៃទី១ មករា នេះថា ចំពោះការដោះលែងទាហានខ្មែរទាំង ១៨នាក់នេះ ពលរដ្ឋខ្មែរគួរពិចារណាហេតុផលចំនួន ៣ គឺទី១ ការដោះលែងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់ការជំរុញសន្តិភាពរវាងប្រទេសទាំងពីរ។ ចំណែកទី២ ប្រទេសកម្ពុជា ក៏គួរប្រុងប្រយ័ត្នចំពោះបទឈប់បាញ់នាពេលនេះដែរព្រោះរដ្ឋាភិបាលថៃ បច្ចុប្បន្នហាក់ដូចជាមិនមានឆន្ទៈ ឬគ្មានសមត្ថភាពក្នុងការអនុវត្តការដឹកនាំដើម្បីសម្រេចបានសន្តិភាពឡើយ ដូច្នេះកម្ពុជា ទំនងជាត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលថៃ បន្តកាន់អំណាចបន្ទាប់ពីការបោះឆ្នោតខែកុម្ភៈ ខាងមុខ។ រីឯភាគីថៃ វិញ ក៏គេរក្សាការប្រុងប្រយ័ត្នជានិច្ចដែរ ពីព្រោះគេថាគេមិនទុកចិត្តអ្នកដឹកនាំខ្មែរបច្ចុប្បន្ន។
លោក ឆាំង យុ បញ្ជាក់ថា ហេតុផលចុងក្រោយ កម្ពុជាមិនគួរភ្លេចពីការឈ្លានពានរបស់ថៃ ដោយខុសច្បាប់មកលើប្រទេសកម្ពុជាទេ ដែលចាំបាច់ត្រូវតែមានគណនេយ្យភាពយុត្តិធម៌នៃការខូចខាតដែលកើតឡើងដោយសារអំពើឈ្លានពានដ៏យង់ឃ្នងនេះ។
គួររំឭកថា ប្រទេសសមាជិកអាស៊ាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មិនបានប្រើពាក្យឈ្លានពាន (invade) សំដៅថ្កោលទោសចំពោះការវាយប្រហារពីកងទ័ពថៃ ចំទីតាំងបណ្ដាញឆបោកតាមព្រំដែនខ្មែរ-ថៃ នោះទេ។ ម្យ៉ាងទៀត ថៃគេចោទភាគីខ្មែរថា អគារទីតាំងឆបោកខ្លះសង់បំពាន (encroach) ចូលទឹកដីថៃ យ៉ាងតិច ៤០ម៉ែត្រ ហើយថាអគារខ្លះប្រើជាបញ្ជាការដ្ឋានយន្តហោះដ្រូន និងឃ្លាំងស្តុកអាវុធក៏មាន៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
