រាជបណ្ឌិត្យសភាកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ផ្ទៃក្នុង ដោយការវះកាត់ លុបបំបាត់អំពើពុករលួយ និងការដឹកនាំបែបបក្សពួកនិយមដូចពេលបច្ចុប្បន្ននេះ ដើម្បីជាតិរឹងមាំ។
ប្រភពដដែលបញ្ជាក់ថា អំពើពុករលួយ គឺជាមេរោគស៊ីរូងផ្ទៃក្នុងបំផ្លាញជំនឿចិត្តរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យអំណាចរដ្ឋទន់ខ្សោយជាលំដាប់ ជាពិសេសពេលមានសត្រូវឈ្លានពានដូចថៃ កំពុងឈ្លានពានប្រទេសកម្ពុជា ក្នុងពេលនេះជាដើម។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ មករា នេះថា រដ្ឋាភិបាលត្រូវតែប្រើប្រាស់ធនធានមនុស្សដោយផ្អែកលើគោលការណ៍ និងលុបបំបាត់រចនាសម្ព័ន្ធរដ្ឋបាល និងមុខតំណែងសំពីងសំពោងដែលលើសពីសេចក្ដីត្រូវការជាក់ស្ដែងដែលកំពុងបង្ហិនថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ខែរហូតមកនោះ។
បណ្ឌិត គិន ភា លើកឡើងថា រដ្ឋបាលជាតិដែលស្អាតស្អំ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពធន់របស់ស្ថាប័នជាតិ ជាពិសេស គឺការធ្វើកំណែទម្រង់វិស័យការពារជាតិឱ្យបានស៊ីជម្រៅបំផុត។ បន្ថែមពីនេះ រដ្ឋាភិបាលក៏ត្រូវធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិ ធ្វើកំណែទម្រង់ការទូត និងលើកកម្ពស់ការទូតព័ត៌មានតាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការតភ្ជាប់ជាមួយបណ្ដាញសារព័ត៌មានអន្តរជាតិធំៗផងដែរ។
លោកបន្តថា មានតែលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយមឱ្យអស់ពីប្រព័ន្ធអភិបាលកិច្ចរដ្ឋប៉ុណ្ណោះ ទើបកម្ពុជាអាចពង្រឹងខឿនសេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់យុត្តិធម៌សង្គម ប្រកាន់ខ្ជាប់នយោបាយការបរទេសឆ្លាតវៃ និងពង្រឹងការទូតព័ត៌មាន ទៅកាន់ពិភពលោកបាន ហើយក៏អាចពង្រឹងការឯកភាពជាតិឱ្យរឹងមាំបានដែរ។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលរូបនេះបញ្ជាក់ថា យ៉ាងណាក៏ដោយ ភារកិច្ចចំពោះមុខដែលកម្ពុជា ត្រូវធ្វើជាបន្ទាន់នាពេលនេះ គឺការប្រញាប់ប្រញាល់ស្ដារ និងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលត្រូវបានបំផ្លិចបំផ្លាញពីការឈ្លានពានរបស់ថៃ និងស្នើឱ្យសហគមន៍អន្តរជាតិចូលរួមជួសជុលប្រាសាទបុរាណដែលរងការខូចខាតដោយសារអំពើឈ្លានពានរបស់ថៃ ផងដែរ។
បណ្ឌិត គិន ភា គូសបញ្ជាក់ថា កម្ពុជាត្រូវតែតស៊ូតាមផ្លូវច្បាប់ដាច់អហង្ការបំផុត ដើម្បីទាមទារយុត្តិធម៌ពីភាគីថៃ និងត្រូវទាមទាររាល់ការខូចខាតទាំងអស់ដែលថៃ បានបង្កឡើងដោយសារសង្គ្រាមឈ្លានពានរបស់ពួកគេមកលើប្រជាជាតិខ្មែរ ព្រោះយុត្តិធម៌ក្នុងអំពើឈ្លានពាននេះត្រូវតែមានសម្រាប់ជាតិសាសន៍ខ្មែរទាំងមូល។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការទម្លាយនូវអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល ស្របពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងសង្គ្រាមជាមួយប្រទេសជិតខាងនាពេលនេះ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីអធិការកិច្ចក្រសួងមហាផ្ទៃ បានសម្រេចបើកការស៊ើបអង្កេតលើអភិបាលស្រុកមេសាង ខេត្តព្រៃវែង លោក ហ៊ន សុផាត និងបក្ខពួក ក្រោយបាត់លុយជំនួយកងទ័ពជួរមុខ និងជនភៀសសឹកជាង ៨០លានរៀល។
ការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីមានការប្តឹងផ្តល់លោក ហ៊ន សុផាត ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីចុងខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដោយអះអាងថារដ្ឋបាលស្រុកមេសាង ប្រមូលលុយបានសរុបចំនួនជាង ១០០លានរៀល (១១៧ ០៣២ ៨០០រៀល) ប៉ុន្តែប្រគល់ថវិកានេះទៅរដ្ឋបាលខេត្តព្រៃវែង តែជាង ២០លានរៀលប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ សាច់ញាតិទាហានជួរមុខខ្លះ បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៥ មករា នេះថា ប្តីរបស់ពួកគេដែលយាមកាមនៅតំបន់ព្រំដែន ត្រូវបានមេទាហានក្នុងជំរំកាត់ប្រាក់អស់ ១ខែ នៅពេលដែលនាយទាហានទាំងនោះសុំច្បាប់មកលេងផ្ទះ បន្ទាប់ពីស្ថានការណ៍ធូរស្រាល ខណៈជំនួយផ្សេងៗ ទាហានជួរមុខទទួលបានតិចតួច និងដោយកន្លែងប៉ុណ្ណោះ។
នាយទាហានទាំងនោះបញ្ជាក់ថា ជំនួយភាគច្រើនត្រូវបានបញ្ជូនទៅក្នុងឃ្លាំង ជាជាងការប្រគល់ឱ្យកងទ័ពដោយផ្ទាល់ ប៉ុន្តែប្រើប្រៀបធៀបការបញ្ជូនរក្សាទុកក្នុងឃ្លាំង និងការបញ្ចេញពីឃ្លាំងមកផ្គត់ផ្គង់កងទ័ព គឺមិនសមតុល្យភាពនឹងគ្នាឡើយ ដែលមានន័យថា ចូលក្នុងឃ្លាំងច្រើន តែពេលបញ្ចេញមកវិញ គឺមានចំនួនតិចតួច។
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការធ្វើកំណែទម្រង់ដើម្បីបំបាត់អំពើពុករលួយនៅកម្ពុជា មានលក្ខណៈទន់ខ្សោយបំផុត ហើយកាន់តែទន់ខ្សោយថែមទៀតនោះ គឺផ្នែកខាងកងទ័ពតែម្តង ព្រោះរាល់ប្រាក់បៀវត្សរ៍របស់ទាហានទាំងអស់ មិនត្រូវបានបើកតាមធនាគារដូចមន្ត្រីស៊ីវិលនោះទេ គឺត្រូវបើកពីអង្គភាព ដូច្នេះអំពើពុករលួយនៅតែបន្តកើតមានដដែល ហើយធ្ងន់ធ្ងរថែមទៀត។
កាលពីអំឡុងឆ្នាំ២០២៥ អង្គការតម្លាភាពអន្តរជាតិកម្ពុជា បានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៤ ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ខាងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរក្បែរបាតតារាង ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១០ ខណៈប្រទេសភូមា ជាប់លេខ១៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
