ក្រសួងការពារជាតិប្រទេសកម្ពុជា អះអាងថា ករណីផ្ទុះគ្រាប់បែកចេញពីគំនរសំរាមនៅតំបន់មុំបី ខេត្តព្រះវិហារ ដែលបណ្តាលឱ្យទាហានកម្ពុជា ២នាក់រងរបួសធ្ងន់ និងស្រាល ត្រូវបានកងកម្លាំងកម្ពុជា-ថៃ ដោះស្រាយបញ្ហានេះចប់សព្វគ្រប់ហើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៦ មករា ថា នៅវេលាម៉ោង ៧ និង ២៧នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជា បានធ្វើការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ គ្រាប់កាំភ្លើងត្បាល់នោះ ហោះឆ្លងដែនទៅធ្លាក់ទៅខាងប៉ុស្តិ៍យាមទាហានថៃ នៅឆងបក ស្រុកណាំយឺន ខេត្តឧប៊ុនរាជធានី ក្នុងទឹកដីថៃ។
អ្នកស្រី ម៉ាលី សុជាតា អះអាងថា ក្នុងពេលរៀបចំសណ្ដាប់ធ្នាប់នេះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាមតែម្តង ដែលបណ្តាលឱ្យកងកម្លាំងកម្ពុជា កំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់ និងស្រាលចំនួន ២នាក់ ប៉ុន្តែករណីនេះត្រូវបានក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរសាកសួរ និងផ្តល់ព័ត៌មានទៅវិញទៅមកដើម្បីដោះស្រាយជាមួយគ្នារួចរាល់ហើយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា និងតាមសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា រួមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅផងដែរ ដើម្បីវិលទៅរកប្រក្រតីភាព និងសន្តិភាពឡើងវិញ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលភាគីកម្ពុជា-ថៃ បានឯកភាពគ្នាអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពចាប់ពីចុងខែធ្នូ ឆ្នាំ២០២៥ មក។
តាមប្រភពព័ត៌មានដទៃទៀត យោធាខ្មែរដំបូងថ្លែងថា គ្រាប់កាំភ្លើងត្បាល់នោះផ្ទុះដោយចៃដន្យ។ ក្រោយមកថាគ្រាប់នោះផ្ទុះចេញពីគំនរសំរាមដែលគេដុត។
នៅថ្ងៃទី៦ មករា នេះ កាសែតថៃ ខៅស៊ុត រាយការណ៍សម្ដីអ្នកនាំពាក្យកងទ័ពថៃ លោក វិនថៃ សុវារី (Winthai Suvaree) ដែលបានអះអាងថា បន្ទាប់ពីធ្វើការស៊ើបអង្កេត ថៃបានរកឃើញថាគ្រាប់ដែលបានផ្ទុះនោះ គឺជាគ្រាប់កាំភ្លើងត្បាល់ (Mortar) ដែលបាញ់ពីខាងកម្ពុជា និងបណ្ដាលឲ្យទាហានថៃ ម្នាក់រងរបួសស្រាល។
ប្រភពដដែលអះអាងថា ភាគីកម្ពុជាបានសារភាពហើយថា ហេតុការណ៍នេះបានកើតឡើងដោយចៃដន្យដែលបង្កទៅជាកំហុសក្នុងអំឡុងពេលប្រតិបត្តិការនៃកងកម្លាំងរបស់ខ្លួន។
អ្នកនាំពាក្យរូបនេះព្រមានថា កងទ័ពថៃ នៅតែមានការត្រៀមខ្លួនពេញលេញ និងមានផែនការបម្រុងសម្រាប់គ្រប់ស្ថានការណ៍ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិតាមបណ្តោយព្រំដែនជាមួយនឹងកម្ពុជា។
ចំណែកកាសែតថៃ The Natilon រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល បានអះអាងនៅថ្ងៃទី៦ មករា នេះថា ទាហានថៃ ត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប បន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់មួយគ្រាប់បានផ្ទុះចេញពីភាគីកម្ពុជា ធ្លាក់មកលើទឹកដីថៃ នោះ។ យោធាថៃ ព្រមានទៀតថា កុំមានលើកទីពីរទៀត។
នាយករដ្ឋមន្ត្រីថៃ រូបនេះបញ្ជាក់ថា ប្រទេសថៃឡង់ដ៍ មិនទាន់បានអនុវត្តបទបញ្ញត្តិនៃការប្រយុទ្ធគ្នា (Rules of Engagement) ឬចាត់វិធានការឆ្លើយតបណាមួយនៅឡើយទេ ប៉ុន្តែយោធាបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបចំពោះបញ្ហានេះ។
ជុំវិញបញ្ហានេះ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៥ ធ្នូ ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងអនាគតជាតិរបស់ខ្លួន ជាជាងការអនុវត្តលក្ខខណ្ឌទ្វេភាគីតែមួយមុខ។
លោកថា ការអនុវត្តលក្ខខណ្ឌទ្វេភាគីជាមួយថៃ តែមួយមុខ មិនគ្រប់គ្រាន់សម្រាប់បញ្ចប់ជម្លោះឡើយ ព្រោះជាក់ស្តែងកន្លងមក កម្ពុជាតែងរងការចោទប្រកាន់ទាំងអយុត្តិធម៌ពីភាគីថៃ ជាបន្តបន្ទាប់។
អ្នកឃ្លាំមើលរូបនេះបញ្ជាក់ថា ការប្រើយន្តការអន្តរជាតិមិនមែនមានន័យថា កម្ពុជាបង្កជម្លោះជាមួយថៃ នោះទេ ប៉ុន្តែជាការប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីរារាំងអំពើរំលោភបំពាន និងបង្កើតបរិយាកាសសន្តិភាពយូរអង្វែងតែប៉ុណ្ណោះ។
ក្រសួងការបរទេសនៃប្រទេសកម្ពុជា បញ្ជាក់ថា ភាគីទាំងបី ចិន កម្ពុជា និថៃឡង់ដ៍ គាំទ្រដល់ការងារនៃគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) រវាងភាគីទាំងពីរនៅដើមឆ្នាំ២០២៦ ដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
