The Cambodia Daily Khmer

មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ ចោទ​សួរ​អំពី​ទង្វើ​សហរដ្ឋ​អាមេរិក​ពី​ការ​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ថា​តើ​សំអាង​លើ​ច្បាប់​អ្វី?

ប្រធានាធិបតី​ប្រទេស​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) និង​ភរិយា​របស់​លោក ត្រូវ​បាន​កង​កុម្ម៉ង់ដូ Delta Forces នាំ​ខ្លួន​តាម​ឧទ្ធម្ភាគចក្រ​យក​ទៅ​ជិះ​យន្តហោះ​យោធា​សហរដ្ឋ​អាមេរិក ហោះ​ឆ្ពោះ​ទៅ​ទីក្រុង​ញូវយ៉ក (New York) កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦។

ប្រធានាធិបតី​ប្រទេស​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) និង​ភរិយា​របស់​លោក ត្រូវ​បាន​កង​កុម្ម៉ង់ដូ Delta Forces នាំ​ខ្លួន​តាម​ឧទ្ធម្ភាគចក្រ​យក​ទៅ​ជិះ​យន្តហោះ​យោធា​សហរដ្ឋ​អាមេរិក ហោះ​ឆ្ពោះ​ទៅ​ទីក្រុង​ញូវយ៉ក (New York) កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦។

ការ​ចាប់​ខ្លួន​ប្រធានាធិបតី​ប្រទេស​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) តាមរយៈ​ការ​លុកលុយ​ដោយ​កងកម្លាំង​អាមេរិកាំង បាន​បង្កើត​ការ​ភ័យ​ព្រួយ និង​ការ​ថប់​អារម្មណ៍​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក។

ការ​ធ្វើ​អន្តរាគមន៍​ពី​យោធា​សហរដ្ឋ​អាមេរិក ដោយ​បង្ខំ​ចាប់​លោក ម៉ាឌូរ៉ូ ជា​ប្រធានាធិបតី​ប្រទេស​វេណេហ្ស៊ុយអេឡា ពី​បក្ស​សង្គម​និយម បែប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​រដ្ឋប្រហារ​ដែល​ខុស​ច្បាប់​អន្តរជាតិ មិន​មាន​មូលហេតុ​សមរម្យ និង​អាច​បង្ក​អស្ថិរភាព​ទាំង​ក្នុង​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ។

មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ ជាពិសេស​ក្នុង​សហភាព​អឺរ៉ុប ចោទ​សួរ​អំពី​ទង្វើ​សហរដ្ឋ​អាមេរិក ថា​តើ​សំអាង​លើ​ច្បាប់​អ្វី?

អំពើ​បែប​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ផ្ទុយ​នឹង​បទដ្ឋាន​អន្តរជាតិ មិន​គោរព​សិទ្ធិ​អធិបតេយ្យ និង​អាច​នាំ​ឲ្យ​កើតមាន​ស្ថានភាព​អនាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា។ វា​ជា​គោលនយោបាយ​ដែល​កើត​ចេញពី​ភាព​វឹកវរ ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​លោក ដូណាល់ ត្រាំ (Donald Trump) នេះ​ជា​ពិភពលោក​ដែល​មនុស្ស​កំពុង​រស់នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា រង់ចាំ​ការ​មក​ដល់​របស់​កងទ័ព​អាមេរិកាំង។

អ្នក​ច្បាប់ នាយទាហាន​ជាន់ខ្ពស់ អ្នក​ការទូត​អាមេរិកាំង និង​អន្តរជាតិ បកស្រាយ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បំពាន​ធម្មនុញ្ញ​សហប្រជាជាតិ មាត្រា​២ (៤) ឬ​ប្រការ​៤ ដែល​ចែង​ថា៖ «រាល់​សមាជិក​ទាំងអស់ គប្បី​ហាមឃាត់​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​របស់​ខ្លួន​ពី​ការ​ប្រើ​កម្លាំង​ទ័ព​ប្រឆាំង​នឹង​បូរណភាព​ទឹកដី ឬ​ឯករាជភាព​នយោបាយ​នៃ​រដ្ឋ​ណា​មួយ ឬ​តាម​វិធី​ណា​មួយ ដែល​មិន​ស្រប​នឹង​គោលបំណង​នៃ​អង្គការ​សហប្រជាជាតិ។»

ម្យ៉ាង​វិញ​ទៀត រដ្ឋធម្មនុញ្ញ​អាមេរិកាំង មាត្រា​១ ប្រការ​៨ ចែង​ថា៖ «អំណាច​ប្រកាស​សង្គ្រាម​ស្ថិត​លើ​សភា​ជាតិ មុន​នឹង​ប្រធានាធិបតី​បញ្ជូន​ទ័ព​ទៅ​ប្រទេស​ណា​មួយ។»

ប្រធានាធិបតី ត្រាំ មិន​បាន​ពិភាក្សា​សុំ​ការ​អនុញ្ញាត​ពី​សភា​ជាតិ​ជា​មុន​ទេ។

ការ​វាយប្រហារ​ដោយ​ផ្ទាល់​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​គេ​ពិចារណា​ថា ជា​ការ​បង្ហាញ​អំណាច​ដ៏​គ្រោះថ្នាក់។ ការ​វិវត្ត​នេះ​កើតឡើង​ក្នុង​សប្តាហ៍​តែ​មួយ​ដែល​លោក ត្រាំ បាន​គំរាមកំហែង​អំពី​ការ​វាយប្រហារ​យោធា​ប្រឆាំង​នឹង​របប​មួយ​ផ្សេង​ទៀត​ដែល​មិន​គាំទ្រ​ចំពោះ​លោកខាងលិច គឺ​ប្រទេស​អ៊ីរ៉ង់។

ស្ថានការណ៍​នេះ​ក៏​កើតឡើង​បន្ទាប់ពី​រយៈពេល​ជាច្រើន​ខែ​នៃ​ការ​កើន​ឡើង​សម្ពាធ​ផ្នែក​យោធា សេដ្ឋកិច្ច និង​នយោបាយ​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​ដាក់​ចុះ​ដោយ​សហរដ្ឋ​អាមេរិក​លើ​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ រួម​ទាំង​ប្រតិបត្តិការ​តាម​សមុទ្រ​ដ៏​តឹងរ៉ឹង​ប្រឆាំង​នឹង​កាណូត​របស់​អ្នក​ជួញដូរ​គ្រឿងញៀន ដែល​ត្រូវ​បាន​អាមេរិក​ចោទប្រកាន់​ជា​បណ្ដាញ​ភេរវកម្ម​គ្រឿងញៀន។

ការ​ងាក​ទៅ​រក​អំពើ​ហិង្សា​ដោយ​បង្កហេតុ​របស់​លោក ដូណាល់ ត្រាំ មិន​ខុស​គ្នា​ច្រើន​ពី​សកម្មភាព​របស់​លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី ក្នុង​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ឡើយ។ មេដឹកនាំ​ទាំង​ពីរ​បាន​វាយប្រហារ​លើ​ប្រទេស​ជិតខាង​ដោយ​ខុស​ច្បាប់ ហើយ​ព្យាយាម​ដក​ចេញ ឬ​ផ្តួល​រំលំ​ការ​ដឹកនាំ​របស់​ប្រទេស​ទាំងនោះ។

សម្រាប់​លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី​ចិន ដែល​កាលពី​សប្តាហ៍​មុន​ទើប​តែ​អនុវត្ត​សកម្មភាព​យោធា​ប្រឆាំង​នឹង​អ្វី​ដែល​ទីក្រុង​ប៉េកាំង ហៅថា “ក្រុម​បំបែក​ខ្លួន” នៅ​តៃវ៉ាន់ គឺ​សកម្មភាព​របស់​លោក ត្រាំ អាច​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​គំរូ​មួយ​ដែល​អាច​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​ថ្ងៃ​ណា​មួយ​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ។

រដ្ឋប្រហារ​ដែល​បាន​រាយការណ៍​ថា​ដឹកនាំ​ដោយ​លោក ត្រាំ បាន​បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​ក្នុង​ចំណោម​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​លោកខាងលិច​ទាំងមូល។ ប្រទេស​ទាំងនេះ​គួរតែ និង​ត្រូវតែ​ចេញ​មុខ​ថ្កោលទោស​យ៉ាង​ច្បាស់លាស់ ព្រោះ​សកម្មភាព​បែប​នេះ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ច្បាប់ និង​គោលការណ៍​នៃ​សណ្ដាប់ធ្នាប់​អន្តរជាតិ ដែល​ពួកគេ​អះអាង​ថា​គោរព។

ប៉ុន្តែ​ភាគច្រើន​ប្រទេស​នៅ​អឺរ៉ុប គ្រាន់តែ​រិះគន់​លោក ត្រាំ តែ​មិន​ថ្កោលទោស​លោក ត្រាំ នោះ​ទេ ព្រោះ​ប្រទេស​ទាំងនោះ​ធ្លាប់​បាន​ហៅ​លោក ម៉ាឌូរ៉ូ ជា​ជនផ្ដាច់ការ និង​ជា​មេដឹកនាំ​ខុស​ច្បាប់។

សហរដ្ឋ​អាមេរិក មិន​បាន​អើពើ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​អង្គការ​សហប្រជាជាតិ និង​វិធីសាស្ត្រ​ជា​ប្រពៃណី​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ ខណៈ​ដែល​សកម្មភាព​យោធា​នេះ​ហាក់ដូចជា​ត្រូវ​បាន​អនុវត្ត​ដោយ​ខ្វះ​ការ​គិតគូរ​យ៉ាង​ជ្រាលជ្រៅ​អំពី​អ្វី​ដែល​អាច​កើតមាន​បន្ត​ទៅ​ទៀត​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា។

ទោះបីជា​រដ្ឋាភិបាល​នៅ​ទីក្រុង​ការ៉ាកាស ត្រូវ​បាន​កាត់បន្ថយ​ឥទ្ធិពល​ក៏ដោយ សមាជិក​ជាន់ខ្ពស់​ផ្សេង​ទៀត​នៃ​របប​នេះ​ហាក់ដូចជា​នៅតែ​មាន​វត្តមាន និង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​តស៊ូ ព្រមទាំង​មាន​សក្ដានុពល​ក្នុង​ការ​សងសឹក​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​វិញ​ផង។

ប្រសិនបើ​ស្ថានភាព​អំណាច​ក្លាយ​ទៅ​ជា​សុញ្ញភាព សណ្ដាប់ធ្នាប់​សាធារណៈ​អាច​ដួល​រលំ នាំ​ឲ្យ​កើតមាន​សង្គ្រាម​ស៊ីវិល ឬ​រដ្ឋប្រហារ​យោធា​ដែល​អាច​កើតឡើង​បាន។ នៅ​ពេល​ដូច​គ្នា​នេះ វា​នៅតែ​មិន​ច្បាស់​ថា តើ​សកម្មភាព​យោធា​ចុងក្រោយ​ពី​សហរដ្ឋ​អាមេរិក បាន​បញ្ចប់​ហើយ​ឬ​នៅ ឬ​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត។

គំនិត​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន ដូចជា​លោកស្រី María Corina Machado ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ នឹង​អាច​ត្រឡប់​មក​វិញ​យ៉ាង​ឆាប់​រហ័ស ហើយ​ថា​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នឹង​ត្រូវ​បាន​ស្ដារ​ឡើងវិញ​ភ្លាមៗ នោះ​គឺជា​ការ​គិត​លឿន​រហ័ស។

ថ្ងៃ​ខាងមុខ​នឹង​មាន​សារសំខាន់​យ៉ាង​ខ្លាំង ហើយ​ទិសដៅ​នៃ​វិបត្តិ​នេះ​នៅតែ​ពឹងផ្អែក​យ៉ាង​ច្រើន​លើ​ការ​សម្រេច​ចិត្ត​របស់​លោក ត្រាំ។ សកម្មភាព​មិន​ប្រុងប្រយ័ត្ន​របស់​លោក ដូណាល់ ត្រាំ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គួរតែ​បញ្ចប់​ការ​បំភាន់​ខ្លួនឯង​ជា​អ្នក “បង្កើត​សន្តិភាព​សកល”។ វា​ជា​ពេលវេលា​ដ៏​សមស្រប​ដែល​លោក​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស លោក Keir Starmer និង​មេដឹកនាំ​អឺរ៉ុប ផ្សេង​ទៀត ត្រូវ​ទទួលស្គាល់​លោក ត្រាំ ជា​សាធារណៈ​ចំពោះ​អ្វី​ដែល​លោក​ពិត​ជា​មាន​សភាព​ជាក់ស្តែង គឺជា​អ្នក​បង្កើន​ភាព​តានតឹង និង​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ពិភពលោក។

រាល់​ពេល​ដែល​លោក ត្រាំ ចូលរួម​យ៉ាង​រំខាន​ទៅ​ក្នុង​តំបន់​ជម្លោះ ដូចជា រុស្ស៊ី-អ៊ុយក្រែន ឬ​អ៊ីស្រាអែល-ប៉ាឡេស្ទីន តាមរយៈ​ការ​ដាក់​ចេញ​នូវ​កាលកំណត់ ការ​ចេញ​ឱសានវាទ ការ​ជ្រើសរើស​ភាគី និង​ការ​ប្រើប្រាស់​ទុក្ខវេទនា​ដើម្បី​រក​អត្ថប្រយោជន៍ នោះ​ដំណើរ​ស្វែងរក​សន្តិភាព​ដ៏​យូរអង្វែង និង​មាន​និរន្តរភាព តែងតែ​ត្រូវ​បាន​ថយ​ក្រោយ​ជានិច្ច។

សន្តិភាព​គឺជា​រឿង​ស្មុគស្មាញ និង​ពិបាក​យល់ ហើយ​ជា​រឿង​ចម្លែក​ណាស់​ថា​សូម្បីតែ​ពេល​លោក ត្រាំ អះអាង​ខ្លួនឯង​ថា​ជា​អ្នក​បង្កើត​សន្តិភាព មិន​ចាប់អារម្មណ៍ និង​មិន​ធ្វើ​អន្តរាគមន៍​ក៏ដោយ សហរដ្ឋ​អាមេរិក​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​វិញ បាន​អនុវត្ត​សកម្មភាព​យោធា​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ។

ការ​ស្ទង់មតិ​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​មុន សហរដ្ឋ​អាមេរិក​បាន​កត់ត្រា​ចំនួន​ការ​វាយប្រហារ​តាម​អាកាស​ខ្ពស់​បំផុត​នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក។

ចាប់តាំងពី​ការ​វិលត្រឡប់​មក​កាន់​តំណែង​កាលពី​មួយ​ឆ្នាំ​មុន លោក ត្រាំ ដែល​អះអាង​ថា​ស្រឡាញ់​សន្តិភាព បាន​អនុញ្ញាត​ឱ្យ​មាន​ការ​វាយប្រហារ​យោធា​នៅ​ប្រទេស​យេមែន បន្ទាប់ពី​បន្ធូរបន្ថយ​ច្បាប់​នៃ​ការ​ចូលរួម ដែល​នាំ​ឱ្យ​មាន​ការ​ស្លាប់​ជនស៊ីវិល​ជាច្រើន។ ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​ក៏បាន​អនុវត្ត​សកម្មភាព​យោធា​នៅ​នីហ្សេរីយ៉ា សូម៉ាលី អ៊ីរ៉ាក់ និង​ស៊ីរី ហើយ​ថែមទាំង​បាន​វាយប្រហារ​លើ​អ៊ីរ៉ង់ ដោយ​លោក ត្រាំ បាន​អះអាង​អំពី​ភាព​ជោគជ័យ​នៃ​ការ​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ។

លើស​ពី​នេះ លោក ត្រាំ ក៏​មិន​បាន​បដិសេធ​យ៉ាង​ច្បាស់​ចំពោះ​គំនិត​ចង់​ឱបក្រសោប​កោះ Greenland ដែល​ជា​ទឹកដី​អធិបតេយ្យ​របស់​ប្រទេស​ដាណឺម៉ាក សមាជិក​អង្គការ​ណាតូ (NATO) ផង​ដែរ។

សំណួរ​ធំ​មួយ​ត្រូវ​បាន​លើកឡើង​ថា តើ​មាន​អ្វី​កំពុង​កើតឡើង​នៅ​ក្នុង​ការ​គិតគូរ​របស់​លោក ត្រាំ?

ការ​បកស្រាយ​ដ៏​ទន់ភ្លន់ គឺ​ថា​ក្នុង​បញ្ហា​សង្គ្រាម និង​សន្តិភាព លោក​មិន​មាន​យុទ្ធសាស្ត្រ មិន​មាន​ទិសដៅ​ច្បាស់លាស់ ហើយ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ផ្អែកលើ​អារម្មណ៍​ជាង​ការ​គិតគូរ​យ៉ាង​ជ្រាលជ្រៅ។ លោក​មិន​បាន​ផ្តល់​ពិពណ៌នា​អំពី​មូលហេតុ​ស្រប​ច្បាប់​ច្បាស់​ដល់​សភា​ជាតិ​នោះ​ទេ គឺ​និយាយ​ផ្លាស់ប្ដូរ​ពាក្យ​សម្ដី​រហូត ម្តង​ថា​ត្រូវ​កម្ទេច​បណ្ដាញ​រត់ពន្ធ​គ្រឿងញៀន និង​ភេរវកម្ម ម្តង​ថា​ត្រូវ​ដូរ​មេដឹកនាំ ឬ​របប ម្តង​ថា​ត្រូវ​កាន់កាប់​ប្រទេស​វេណេហ្ស៊ុយអេឡា ម្តង​ថា​មិន​កាន់កាប់ ម្តង​ថា​ត្រូវ​គ្រប់គ្រង​អណ្តូង​ប្រេងកាត ហើយ​ប្រាប់​អនុប្រធានាធិបតី​នៃ​របប ម៉ាឌូរ៉ូ អ្នកស្រី Delcy Rodrigez ឲ្យ​គោរព​លក្ខខណ្ឌ​ពី​ក្រុង​វ៉ាស៊ីនតុន។

ខណៈ​នេះ នាយទាហាន​ជាន់ខ្ពស់​ក្រុង​ការ៉ាកាស់ បាន​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ខ្លួន​ការពារ​សណ្ដាប់ធ្នាប់​សង្គម ទប់ទល់​នឹង​ការ​ប៉ុនប៉ង​ត្រួតត្រា​ដោយ​កងទ័ព​សហរដ្ឋ​អាមេរិក។

នៅ​បុរី​ញីវយ៉ក លោក នីកូឡាស ម៉ាឌូរ៉ូ ឆ្លើយ​ប្រាប់​ចៅក្រម​អាមេរិកាំង​ថា៖ ខ្លួន​ជា​មេដឹកនាំ​វេណេហ្ស៊ុយអេឡា ជា​ឈ្លើយសឹក​ដែល​សហរដ្ឋ​អាមេរិក​ប្រើ​កម្លាំង​ទ័ព​ចាប់​ខ្លួន​ទាំង​បង្ខំ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version