ការចាប់ខ្លួនប្រធានាធិបតីប្រទេសវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) តាមរយៈការលុកលុយដោយកងកម្លាំងអាមេរិកាំង បានបង្កើតការភ័យព្រួយ និងការថប់អារម្មណ៍យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។
ការធ្វើអន្តរាគមន៍ពីយោធាសហរដ្ឋអាមេរិក ដោយបង្ខំចាប់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីប្រទេសវេណេហ្ស៊ុយអេឡា ពីបក្សសង្គមនិយម បែបនេះ ត្រូវបានគេមើលឃើញថាជារដ្ឋប្រហារដែលខុសច្បាប់អន្តរជាតិ មិនមានមូលហេតុសមរម្យ និងអាចបង្កអស្ថិរភាពទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
មេដឹកនាំប្រទេសប្រជាធិបតេយ្យ ជាពិសេសក្នុងសហភាពអឺរ៉ុប ចោទសួរអំពីទង្វើសហរដ្ឋអាមេរិក ថាតើសំអាងលើច្បាប់អ្វី?
អំពើបែបនេះត្រូវបានចាត់ទុកថាផ្ទុយនឹងបទដ្ឋានអន្តរជាតិ មិនគោរពសិទ្ធិអធិបតេយ្យ និងអាចនាំឲ្យកើតមានស្ថានភាពអនាធិបតេយ្យនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។ វាជាគោលនយោបាយដែលកើតចេញពីភាពវឹកវរ ប៉ុន្តែតាមការបញ្ជាក់របស់លោក ដូណាល់ ត្រាំ (Donald Trump) នេះជាពិភពលោកដែលមនុស្សកំពុងរស់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា រង់ចាំការមកដល់របស់កងទ័ពអាមេរិកាំង។
អ្នកច្បាប់ នាយទាហានជាន់ខ្ពស់ អ្នកការទូតអាមេរិកាំង និងអន្តរជាតិ បកស្រាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក បំពានធម្មនុញ្ញសហប្រជាជាតិ មាត្រា២ (៤) ឬប្រការ៤ ដែលចែងថា៖ «រាល់សមាជិកទាំងអស់ គប្បីហាមឃាត់ក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួនពីការប្រើកម្លាំងទ័ពប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជភាពនយោបាយនៃរដ្ឋណាមួយ ឬតាមវិធីណាមួយ ដែលមិនស្របនឹងគោលបំណងនៃអង្គការសហប្រជាជាតិ។»
ម្យ៉ាងវិញទៀត រដ្ឋធម្មនុញ្ញអាមេរិកាំង មាត្រា១ ប្រការ៨ ចែងថា៖ «អំណាចប្រកាសសង្គ្រាមស្ថិតលើសភាជាតិ មុននឹងប្រធានាធិបតីបញ្ជូនទ័ពទៅប្រទេសណាមួយ។»
ប្រធានាធិបតី ត្រាំ មិនបានពិភាក្សាសុំការអនុញ្ញាតពីសភាជាតិជាមុនទេ។
ការវាយប្រហារដោយផ្ទាល់លើប្រទេសវេណេហ្ស៊ុយអេឡា ត្រូវបានគេពិចារណាថា ជាការបង្ហាញអំណាចដ៏គ្រោះថ្នាក់។ ការវិវត្តនេះកើតឡើងក្នុងសប្តាហ៍តែមួយដែលលោក ត្រាំ បានគំរាមកំហែងអំពីការវាយប្រហារយោធាប្រឆាំងនឹងរបបមួយផ្សេងទៀតដែលមិនគាំទ្រចំពោះលោកខាងលិច គឺប្រទេសអ៊ីរ៉ង់។
ស្ថានការណ៍នេះក៏កើតឡើងបន្ទាប់ពីរយៈពេលជាច្រើនខែនៃការកើនឡើងសម្ពាធផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលដាក់ចុះដោយសហរដ្ឋអាមេរិកលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ រួមទាំងប្រតិបត្តិការតាមសមុទ្រដ៏តឹងរ៉ឹងប្រឆាំងនឹងកាណូតរបស់អ្នកជួញដូរគ្រឿងញៀន ដែលត្រូវបានអាមេរិកចោទប្រកាន់ជាបណ្ដាញភេរវកម្មគ្រឿងញៀន។
ការងាកទៅរកអំពើហិង្សាដោយបង្កហេតុរបស់លោក ដូណាល់ ត្រាំ មិនខុសគ្នាច្រើនពីសកម្មភាពរបស់លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន ឡើយ។ មេដឹកនាំទាំងពីរបានវាយប្រហារលើប្រទេសជិតខាងដោយខុសច្បាប់ ហើយព្យាយាមដកចេញ ឬផ្តួលរំលំការដឹកនាំរបស់ប្រទេសទាំងនោះ។
សម្រាប់លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ដែលកាលពីសប្តាហ៍មុនទើបតែអនុវត្តសកម្មភាពយោធាប្រឆាំងនឹងអ្វីដែលទីក្រុងប៉េកាំង ហៅថា “ក្រុមបំបែកខ្លួន” នៅតៃវ៉ាន់ គឺសកម្មភាពរបស់លោក ត្រាំ អាចត្រូវបានមើលឃើញថាជាគំរូមួយដែលអាចត្រូវយកទៅអនុវត្តនៅថ្ងៃណាមួយដោយគ្មានការស្ទាក់ស្ទើរ។
រដ្ឋប្រហារដែលបានរាយការណ៍ថាដឹកនាំដោយលោក ត្រាំ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងនៅចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងក្នុងចំណោមប្រទេសលទ្ធិប្រជាធិបតេយ្យលោកខាងលិចទាំងមូល។ ប្រទេសទាំងនេះគួរតែ និងត្រូវតែចេញមុខថ្កោលទោសយ៉ាងច្បាស់លាស់ ព្រោះសកម្មភាពបែបនេះប៉ះពាល់ដោយផ្ទាល់ដល់ច្បាប់ និងគោលការណ៍នៃសណ្ដាប់ធ្នាប់អន្តរជាតិ ដែលពួកគេអះអាងថាគោរព។
ប៉ុន្តែភាគច្រើនប្រទេសនៅអឺរ៉ុប គ្រាន់តែរិះគន់លោក ត្រាំ តែមិនថ្កោលទោសលោក ត្រាំ នោះទេ ព្រោះប្រទេសទាំងនោះធ្លាប់បានហៅលោក ម៉ាឌូរ៉ូ ជាជនផ្ដាច់ការ និងជាមេដឹកនាំខុសច្បាប់។
សហរដ្ឋអាមេរិក មិនបានអើពើជាថ្មីម្តងទៀតចំពោះអង្គការសហប្រជាជាតិ និងវិធីសាស្ត្រជាប្រពៃណីក្នុងការដោះស្រាយជម្លោះរវាងរដ្ឋ ខណៈដែលសកម្មភាពយោធានេះហាក់ដូចជាត្រូវបានអនុវត្តដោយខ្វះការគិតគូរយ៉ាងជ្រាលជ្រៅអំពីអ្វីដែលអាចកើតមានបន្តទៅទៀតនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
ទោះបីជារដ្ឋាភិបាលនៅទីក្រុងការ៉ាកាស ត្រូវបានកាត់បន្ថយឥទ្ធិពលក៏ដោយ សមាជិកជាន់ខ្ពស់ផ្សេងទៀតនៃរបបនេះហាក់ដូចជានៅតែមានវត្តមាន និងកំពុងជំរុញឲ្យមានការតស៊ូ ព្រមទាំងមានសក្ដានុពលក្នុងការសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកវិញផង។
ប្រសិនបើស្ថានភាពអំណាចក្លាយទៅជាសុញ្ញភាព សណ្ដាប់ធ្នាប់សាធារណៈអាចដួលរលំ នាំឲ្យកើតមានសង្គ្រាមស៊ីវិល ឬរដ្ឋប្រហារយោធាដែលអាចកើតឡើងបាន។ នៅពេលដូចគ្នានេះ វានៅតែមិនច្បាស់ថា តើសកម្មភាពយោធាចុងក្រោយពីសហរដ្ឋអាមេរិក បានបញ្ចប់ហើយឬនៅ ឬអាចនឹងកើនឡើងបន្ថែមទៀត។
គំនិតថា មេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន ដូចជាលោកស្រី María Corina Machado ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ នឹងអាចត្រឡប់មកវិញយ៉ាងឆាប់រហ័ស ហើយថាលទ្ធិប្រជាធិបតេយ្យពេញលេញនឹងត្រូវបានស្ដារឡើងវិញភ្លាមៗ នោះគឺជាការគិតលឿនរហ័ស។
ថ្ងៃខាងមុខនឹងមានសារសំខាន់យ៉ាងខ្លាំង ហើយទិសដៅនៃវិបត្តិនេះនៅតែពឹងផ្អែកយ៉ាងច្រើនលើការសម្រេចចិត្តរបស់លោក ត្រាំ។ សកម្មភាពមិនប្រុងប្រយ័ត្នរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា គួរតែបញ្ចប់ការបំភាន់ខ្លួនឯងជាអ្នក “បង្កើតសន្តិភាពសកល”។ វាជាពេលវេលាដ៏សមស្របដែលលោកនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោក Keir Starmer និងមេដឹកនាំអឺរ៉ុប ផ្សេងទៀត ត្រូវទទួលស្គាល់លោក ត្រាំ ជាសាធារណៈចំពោះអ្វីដែលលោកពិតជាមានសភាពជាក់ស្តែង គឺជាអ្នកបង្កើនភាពតានតឹង និងជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។
រាល់ពេលដែលលោក ត្រាំ ចូលរួមយ៉ាងរំខានទៅក្នុងតំបន់ជម្លោះ ដូចជា រុស្ស៊ី-អ៊ុយក្រែន ឬអ៊ីស្រាអែល-ប៉ាឡេស្ទីន តាមរយៈការដាក់ចេញនូវកាលកំណត់ ការចេញឱសានវាទ ការជ្រើសរើសភាគី និងការប្រើប្រាស់ទុក្ខវេទនាដើម្បីរកអត្ថប្រយោជន៍ នោះដំណើរស្វែងរកសន្តិភាពដ៏យូរអង្វែង និងមាននិរន្តរភាព តែងតែត្រូវបានថយក្រោយជានិច្ច។
សន្តិភាពគឺជារឿងស្មុគស្មាញ និងពិបាកយល់ ហើយជារឿងចម្លែកណាស់ថាសូម្បីតែពេលលោក ត្រាំ អះអាងខ្លួនឯងថាជាអ្នកបង្កើតសន្តិភាព មិនចាប់អារម្មណ៍ និងមិនធ្វើអន្តរាគមន៍ក៏ដោយ សហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោកវិញ បានអនុវត្តសកម្មភាពយោធាទូលំទូលាយនៅលើឆាកអន្តរជាតិ។
ការស្ទង់មតិបានបង្ហាញថា កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានកត់ត្រាចំនួនការវាយប្រហារតាមអាកាសខ្ពស់បំផុតនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។
ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងកាលពីមួយឆ្នាំមុន លោក ត្រាំ ដែលអះអាងថាស្រឡាញ់សន្តិភាព បានអនុញ្ញាតឱ្យមានការវាយប្រហារយោធានៅប្រទេសយេមែន បន្ទាប់ពីបន្ធូរបន្ថយច្បាប់នៃការចូលរួម ដែលនាំឱ្យមានការស្លាប់ជនស៊ីវិលជាច្រើន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានអនុវត្តសកម្មភាពយោធានៅនីហ្សេរីយ៉ា សូម៉ាលី អ៊ីរ៉ាក់ និងស៊ីរី ហើយថែមទាំងបានវាយប្រហារលើអ៊ីរ៉ង់ ដោយលោក ត្រាំ បានអះអាងអំពីភាពជោគជ័យនៃការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ។
លើសពីនេះ លោក ត្រាំ ក៏មិនបានបដិសេធយ៉ាងច្បាស់ចំពោះគំនិតចង់ឱបក្រសោបកោះ Greenland ដែលជាទឹកដីអធិបតេយ្យរបស់ប្រទេសដាណឺម៉ាក សមាជិកអង្គការណាតូ (NATO) ផងដែរ។
សំណួរធំមួយត្រូវបានលើកឡើងថា តើមានអ្វីកំពុងកើតឡើងនៅក្នុងការគិតគូររបស់លោក ត្រាំ?
ការបកស្រាយដ៏ទន់ភ្លន់ គឺថាក្នុងបញ្ហាសង្គ្រាម និងសន្តិភាព លោកមិនមានយុទ្ធសាស្ត្រ មិនមានទិសដៅច្បាស់លាស់ ហើយធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើអារម្មណ៍ជាងការគិតគូរយ៉ាងជ្រាលជ្រៅ។ លោកមិនបានផ្តល់ពិពណ៌នាអំពីមូលហេតុស្របច្បាប់ច្បាស់ដល់សភាជាតិនោះទេ គឺនិយាយផ្លាស់ប្ដូរពាក្យសម្ដីរហូត ម្តងថាត្រូវកម្ទេចបណ្ដាញរត់ពន្ធគ្រឿងញៀន និងភេរវកម្ម ម្តងថាត្រូវដូរមេដឹកនាំ ឬរបប ម្តងថាត្រូវកាន់កាប់ប្រទេសវេណេហ្ស៊ុយអេឡា ម្តងថាមិនកាន់កាប់ ម្តងថាត្រូវគ្រប់គ្រងអណ្តូងប្រេងកាត ហើយប្រាប់អនុប្រធានាធិបតីនៃរបប ម៉ាឌូរ៉ូ អ្នកស្រី Delcy Rodrigez ឲ្យគោរពលក្ខខណ្ឌពីក្រុងវ៉ាស៊ីនតុន។
ខណៈនេះ នាយទាហានជាន់ខ្ពស់ក្រុងការ៉ាកាស់ បានបញ្ជាឲ្យកងទ័ពត្រៀមខ្លួនការពារសណ្ដាប់ធ្នាប់សង្គម ទប់ទល់នឹងការប៉ុនប៉ងត្រួតត្រាដោយកងទ័ពសហរដ្ឋអាមេរិក។
នៅបុរីញីវយ៉ក លោក នីកូឡាស ម៉ាឌូរ៉ូ ឆ្លើយប្រាប់ចៅក្រមអាមេរិកាំងថា៖ ខ្លួនជាមេដឹកនាំវេណេហ្ស៊ុយអេឡា ជាឈ្លើយសឹកដែលសហរដ្ឋអាមេរិកប្រើកម្លាំងទ័ពចាប់ខ្លួនទាំងបង្ខំ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

