ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និយាយនៅថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ថា លោកកំពុងតែថ្លឹងថ្លែងអំពីជម្រើសដើម្បីឆ្លើយតបនឹងភាពចលាចលដែលកំពុងកើនឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងជម្រើសយោធាដែលអាចធ្វើទៅបានផងដែរ។
លោក ត្រាំ ព្រមានថា អន្តរាគមន៍របស់កងទ័ពសហរដ្ឋអាមេរិកជួយបាតុករ គឺមានភាពខ្លាំងក្លាប្រឆាំងអាជ្ញាធរអ៊ីរ៉ង់ បាញ់សម្លាប់បាតុករយ៉ាងរង្គាលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Asia One News ចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
នៅពេលអ្នកសារព័ត៌មានសួរនៅលើយន្តហោះ Air Force One ថាតើអាជ្ញាធរអ៊ីរ៉ង់ បានឆ្លងកាត់បន្ទាត់ក្រហមកំណត់ដោយសហរដ្ឋអាមេរិកហើយឬនៅ? លោក ត្រាំ បានឆ្លើយថា ស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលកងសន្តិសុខបាញ់សម្លាប់បាតុករយ៉ាងរង្គាល មើលទៅកំពុងចាប់ផ្តើម ហើយដើរជាន់បន្ទាត់ក្រហមហើយ។
តែយ៉ាងណា លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិនិត្យមើលវាយ៉ាងហ្មត់ចត់ ហើយកងទ័ពកំពុងពិនិត្យមើល ហើយកំពុងពិនិត្យមើលជម្រើសដ៏រឹងមាំមួយចំនួនដែលត្រូវធ្វើអន្តរាគមន៍ជួយបាតុករអ៊ីរ៉ង់ ដែលករណីនេះលោកនឹងធ្វើការសម្រេចចិត្តដ៏ឆាប់នេះៗ។
ការថ្លែងរបស់លោក ត្រាំ ធ្វើឡើងនៅពេលដែលការតវ៉ាដ៏ធំនៅតែបន្តអង្រួនប្រទេសអ៊ីរ៉ង់ យ៉ាងធ្ងន់ធ្ងរ ខណៈកុបកម្មផ្ទុះពាសពេញទាំង ៣១ខេត្ត-ក្រុងនៃប្រទេសអ៊ីរ៉ង់។
យោងតាមតួលេខចុងក្រោយនៃក្រុមសិទ្ធិមនុស្ស HRANA អ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា មនុស្សស្លាប់មានចំនួន ៥៤៤នាក់ និងបុគ្គលិកសន្តិសុខចំនួន ៤៨នាក់ ហើយជាមួយគ្នានេះ មនុស្សជាង ១០៦០០នាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ២សប្តាហ៍តាំងពីភាពចលាចលបានផ្ទុះឡើង។
អ្នកជំនាញព្រមានថា បើសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ជួយបាតុករ ប្រហែលសហរដ្ឋអាមេរិកវាយប្រហារតែទៅលើទីតាំងយោធា និងទីតាំងស្តុកគ្រាប់មីស៊ីលអ៊ីរ៉ង់ ដែលធ្វើយ៉ាងណាឱ្យកងទ័ពអ៊ីរ៉ង់ ងាកមកទប់ទល់អាមេរិក ហើយនៅជួរក្នុងរដ្ឋាភិបាលអ៊ីរ៉ង់ ជាពិសេសក្រុមគ្រួសារជនផ្ដាច់ការ Ayatollah Ali Khamenei និងពួកមន្ត្រីជាន់ខ្ពស់រត់ចោលប្រទេស ព្រោះមិនអាចទប់ជាប់មហាបាតុកម្មពីពលរដ្ឋ។
អ្នកជំនាញមើលឃើញថា អ៊ីស្រាអែលក៏អាចអន្តរាគមន៍ជួយកងទ័ពអាមេរិកដែរ។ ក្រុមអ្នកការទូត និងនយោបាយអឺរ៉ុប ជាពិសេសអង់គ្លេស ថ្លែងក្នុងសភាកាលពីចុងសប្តាហ៍មុន ដោយចោទសួររដ្ឋាភិបាលថា ការរំលោភជិះជាន់ធ្វើបាបមនុស្ស មានពាសពេញពិភពលោក ហេតុអ្វីលោក ត្រាំ សំដៅជួយតែពលរដ្ឋក្នុងប្រទេសមានប្រេងកាត?
តែបែបនេះក្ដី មេដឹកនាំកំពូលៗអ៊ីរ៉ង់ បានចោទថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅពីក្រោយការញុះញង់ឲ្យមានបាតុកម្ម ដោយចង់នាំរាជវង្សព្រះចៅ Shah Muhammad Reza Pahlavi មកកាន់អំណាចវិញ ហើយព្រមានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក និងអ៊ីស្រាអែល បើអាមេរិកធ្វើអន្តរាគមន៍ដោយប្រើកម្លាំងសព្វាវុធ និងយោធាវាយប្រហារលើកងទ័ពអ៊ីរ៉ង់។
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានថ្លែងទៅសម័យប្រជុំសភាកាលពីថ្ងៃអាទិត្យ ទី១១ មករា ថា ករណីមានការវាយប្រហារលើអ៊ីរ៉ង់ គឺមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ និងអ៊ីស្រាអែល នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់ពីសំណាក់កងទ័ពអ៊ីរ៉ង់ ដែលអ៊ីរ៉ង់ត្រូវវាយយ៉ាងសន្ធប់។
ការលើកឡើងរបស់ប្រធានសភាអ៊ីរ៉ង់ ធ្វើឡើងស្របពេលអ៊ីស្រាអែល មានការប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពនៃការធ្វើអន្តរាគមន៍ពីសហរដ្ឋអាមេរិក ដើម្បីគាំទ្រចលនាតវ៉ាទូទាំងប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងរបបដឹកនាំប្រទេសអ៊ីរ៉ង់ សព្វថ្ងៃ។ ទាំងកងទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានត្រៀមរួចហើយដើម្បីធ្វើអន្តរាគមន៍ បើលោក ត្រាំ ចេញបទបញ្ជាឱ្យអន្តរាគមន៍យោធាជួយបាតុករអ៊ីរ៉ង់។
ជាមួយគ្នានេះ បុត្រាអតីតស្តេច Shah ម្នាក់នៃប្រទេសអ៊ីរ៉ង់ បានចេញព្រះភ័ក្ត្រទទូចឱ្យបុគ្គលិករដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ ចូលរួមជាមួយចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលព្រះអង្គម្ចាស់រាជទាយាទ Reza Pahlavi បញ្ជាក់ថា ដល់ពេលដែលត្រូវបញ្ចប់របបផ្ដាច់ការនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
ព្រះអង្គម្ចាស់មានបន្ទូលទៀតថា៖ «បុគ្គលិកស្ថាប័នរដ្ឋ ព្រមទាំងសមាជិកនៃកម្លាំងប្រដាប់អាវុធ និងកម្លាំងសន្តិសុខ ត្រូវជ្រើសរើសយកជម្រើសមួយ គឺឈរនៅជាមួយប្រជាជន ហើយក្លាយជាសម្ពន្ធមិត្តរបស់ប្រជាជាតិ ដោយមិនត្រូវនៅជាមួយរបបកាប់សម្លាប់ប្រជាជនខ្លួនឯងនោះទេ។»
នៅក្នុងសង្គមអ៊ីរ៉ង់ សព្វថ្ងៃនេះ មេដឹកនាំអំណាចខ្ពស់បំផុត គឺ Ayatollah Ali Khamenei អាយុ ៨៦ឆ្នាំ។ គេហៅថាជាមេដឹកនាំកំពូល Supreme Leader មានឋានៈលើប្រធានាធិបតី។ Ali Khamenei កាន់អំណាចតាំងពីឆ្នាំ១៩៨៩ បន្ទាប់ពីមេដឹកនាំកំពូល Ayatollah Ruhollah Khomeini ស្លាប់នៅក្នុងឆ្នាំ១៩៨៩។ អំណាចរបស់មេដឹកនាំកំពូលនៃរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺគ្រប់គ្រងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ គ្រប់គ្រងនយោបាយសន្តិសុខ ប្រព័ន្ធសភា ប្រព័ន្ធតុលាការ ជាអ្នកសម្រេចលើយុទ្ធសាស្ត្រសង្គ្រាម និងជាមេដឹកនាំកំពូលនៃក្រុមបព្វជិតឥស្លាមទៀតផង។
ចំណែកឯប្រធានាធិបតីមានមុខនាទីគ្រប់គ្រងរដ្ឋាភិបាល សេដ្ឋកិច្ច និងគោលនយោបាយប្រចាំថ្ងៃ តែនៅក្រោមអំណាចមេដឹកនាំកំពូល Supreme Leader។ ពួកបស្ចិមប្រទេសបានហៅ Ayatollah Ali Khamenei ជាកំពូលជនផ្ដាច់ការតែមួយគត់ដែលប្រជាជនអ៊ីរ៉ង់ គាំទ្ររបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ត្រូវទទួលស្គាល់ Ali Khamenei ជាទីសក្ការៈដែលខ្វះមិនបាន៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
