The Cambodia Daily Khmer

បញ្ញវន្ត​ខ្មែរ​អះអាង​ថា​ថៃ​ប្រើ​លេស​ពន្យារ​ពេល​ប្រជុំ JBC ដើម្បី​កម្ទេច​ភស្តុតាង​នៅ​ទីតាំង ១៤​កន្លែង​ដែល​ពួកគេ​កាន់កាប់

កងទ័ព​ថៃ រាយ​បន្លា​លួស និង​កុងតឺន័រ​នៅ​ភូមិ​បឹងត្រកួន ក្នុង​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦។ (រូបភាព៖ ខេមបូចា)

កងទ័ព​ថៃ រាយ​បន្លា​លួស និង​កុងតឺន័រ​នៅ​ភូមិ​បឹងត្រកួន ក្នុង​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦។ (រូបភាព៖ ខេមបូចា)

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ អះអាង​ដោយ​ចោទ​ថា ថៃ​ប្រើ​លេស​លើក​ពេល​កិច្ចប្រជុំ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ក្នុង​បំណង​កម្ទេច​ផ្ទះ​ពលរដ្ឋ និង​អគារ​រដ្ឋបាល​ផ្សេងៗ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ដែល​ពួកគេ​បាន​កាន់កាប់ ដើម្បី​លុបបំបាត់​ភស្តុតាង​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​ទាំង ១៤​កន្លែង​ឱ្យ​ចប់​សព្វគ្រប់​ឱ្យ​អស់​មុន​ពេល​រដ្ឋាភិបាល​ថ្មី​របស់​ថៃ កើតឡើង ទើប​ថៃ យល់ព្រម​ចូល​តុ​ប្រជុំ​ចរចា​ជាមួយ​ប្រទេស​កម្ពុជា។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ មករា ថា ការ​ពន្យារ​ពេល​កិច្ចប្រជុំ​នេះ គឺជា​សេណារីយ៉ូ​មួយ​ដែល​ថៃ ប្រើ​ដើម្បី​ពន្យារ​ពេល​ឱ្យ​ដល់​ក្រោយ​បោះឆ្នោត និង​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី។

លោក​ថា ផ្ទុយទៅវិញ បើ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ជាប់​គាំង ការ​ពន្យារ​ពេលនេះ​អាច​នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា ៣​ខែ​ទៅ ៥​ខែ​បន្ថែម​ទៀត។

បណ្ឌិត ឥន សុផល លើកឡើង​ថា ក្រោយ​សាងសង់​សំណង់​រឹង​បាន​រឹងមាំ ថៃ​នឹង​បើក​ផ្លូវ​ចរចា​ជាមួយ​កម្ពុជា ប៉ុន្តែ​ពេល​នោះ ពួកគេ​ប្រាកដជា​ទាមទារ​ឱ្យ​កម្ពុជា ទទួលស្គាល់​ការ​កាន់កាប់​លើ​ដី​ជាក់ស្តែង​យ៉ាង​ពិតប្រាកដ។ ផ្ទុយទៅវិញ បើ​កម្ពុជា​មិន​ព្រម ហើយ​បើ​មើល​ទៅ​កម្ពុជា​ខ្សោយ​ខាង​យោធា និង​ការទូត ថៃ​នឹង​លើក​យក​សង្គ្រាម​មក​គំរាម​កម្ពុជា ម្តង​ទៀត​ជាមិនខាន។

លោក​បន្ថែម​ថា បើ​នយោបាយ​ការទូត​នៃ​ប្រទេស​កម្ពុជា ខ្លាំង និង​មាន​សម្ពាធ​ពី​អន្តរជាតិ ដូចជា ចិន និង​សហរដ្ឋ​អាមេរិក ជាដើម ថៃ​អាច​នឹង​យល់ព្រម​ទទួលយក​ផែនទី​ខ្នាត ១/២០០០០០ តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ប៉ុន្តែ​ថៃ ក៏​ទំនង​ជា​មិន​ព្រម​ដក​កងទ័ព​ចេញពី​តំបន់​ទាំង ១៤ ដែល​ពួកគេ​បាន​យក​ទៅ​កាន់កាប់​ដែរ។

លោក​អះអាង​ថា ថៃ​អាច​នឹង​លើក​សំណើ​តាម​គោលការណ៍​កាន់កាប់​លើ​ដី​ជាក់ស្តែង ដោយ​សំអាង​ថា ថៃ​មិន​អាច​រុះរើ​សំណង់​រឹង​របស់​ខ្លួន​បាន​ទេ ដូច្នេះ ថៃ​អាច​នឹង​ស្នើសុំ​ដោះដូរ​ដី​ជំនួស​វិញ ប៉ុន្តែ​បើ​កម្ពុជា​មិន​ព្រម​តាម​សំណើ​នេះ ថៃ​អាច​នឹង​ដាក់​សម្ពាធ​ដោយ​លើក​ហេតុផល​បិទ​ដែនសមុទ្រ​កម្ពុជា ព្រោះ​ថៃ ដឹង​ថា ដែនសមុទ្រ គឺជា​ដង្ហើម​រស់​ធំ​បំផុត​របស់​ខ្មែរ។

បណ្ឌិត ឥន សុផល ផ្តាំ​កូន​ខ្មែរ​ថា កម្ពុជា​និង​ថៃ គ្មាន​សន្តិភាព​ទេ​អស់​រយៈពេល​ជិត ៧០០​ឆ្នាំ​មក​ហើយ (៦៧៥​ឆ្នាំ) ចាប់ពី​ឆ្នាំ​១៣៥១ ដល់​ឆ្នាំ​២០២៦ នេះ គឺ​ថៃ ប្រើ​វិធីសាស្ត្រ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​រូបភាព​ដដែលៗ​មិន​ផ្លាស់ប្ដូរ និង​យក​ទឹកដី​ខ្មែរ​បាន​ជាបន្តបន្ទាប់។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ថៃ ស្នើសុំ​ពន្យារ​ពេល​កិច្ចប្រជុំ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ជា​លើក​ទី​២ ក្រោយ​ភាគី​កម្ពុជា ស្នើ​បើក​កិច្ចប្រជុំ​នៅ​ចុង​ខែ​មករា ឆ្នាំ​២០២៦ នេះ។

កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៦ រដ្ឋលេខាធិការ​កិច្ចការ​ព្រំដែន​របស់​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា គម្រោង​កិច្ចប្រជុំ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ដែល​កម្ពុជា បាន​ស្នើ​ទៅ​កាន់​ភាគី​ថៃ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​សប្តាហ៍​ទី​២ និង​សប្តាហ៍​ទី​៣ ខែ​មករា ឆ្នាំ​២០២៦ នេះ ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​ភាគី​ថៃ ស្នើ​លើក​ពេល​ជា​លើក​ទី​២ ហើយ។

ប្រភព​ដដែល​អះអាង​ថា ភាគី​ថៃ បាន​លើក​ហេតុផល​ថា ពួកគេ​រង់ចាំ​នីតិវិធី​ផ្ទៃក្នុង​ដើម្បី​តែងតាំង​សមាសភាព​ថ្មី​នៃ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ថ្មី​សិន បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​សភា​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៦ ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ក្រោយ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា-ថៃ (GBC) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ ដោយ​ឯកភាព​គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន (JBC) បន្ត​អនុវត្ត​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៦ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ភាគី​ទាំង​ពីរ​ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​សប្តាហ៍​ទី​១ ខែ​មករា ឆ្នាំ​២០២៦ នៅ​ខេត្ត​សៀមរាប តាម​សំណើ​របស់​ភាគី​កម្ពុជា ត្រូវ​បាន​ភាគី​ថៃ ស្នើសុំ​លើក​ពេល ដោយ​លើក​ហេតុផល​រង់ចាំ​នីតិវិធី​ផ្ទៃក្នុង។

រហូត​ដល់​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៦ កម្ពុជា​បាន​ដាក់​កំណត់​ទូត​ជា​លើក​ទី​២ ទៅ​ភាគី​ថៃ ម្តង​ទៀត ដើម្បី​សុំ​បើក​កិច្ចប្រជុំ​ពិសេស​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៅ​ក្នុង​សប្តាហ៍​ទី​២ ឬ​ទី​៣ នៅ​ខែ​មករា ដដែល​នេះ ប៉ុន្តែ​ភាគី​ថៃ បាន​ស្នើសុំ​ពន្យារ​ពេល​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​បន្ត​ទៀត។

ចំពោះ​ការ​យឺតយ៉ាវ ពន្យារ​ពេល​លើក​ពេលនេះ យោង​តាម​កាសែត The Nation របស់​ថៃ កាលពី​សប្តាហ៍​មុន ភាគី​ថៃ បាន​ប្រាប់​ភាគី​ខ្មែរ​អំពី​ហេតុផល​បី​យ៉ាង​ទាក់ទង​នឹង​របៀប​ដឹកនាំ​ប្រទេស​ថៃឡង់ដ៍។

នាយករដ្ឋមន្ត្រី អនុធីន ឆានវីរៈគុល ពន្យល់​ថា៖

ទាក់ទង​នឹង​វិវាទ​ព្រំដែន​ដែល​បង្ក​ទៅ​ជា​ចម្បាំង​រាំងជល់​ចោទ​គ្នា​ទៅវិញ​ទៅមក បាញ់​ផ្លោង​ដាក់​គ្នា​ទៅវិញ​ទៅមក​ប្រមាណ ២៧​ថ្ងៃ​នោះ រាជរដ្ឋាភិបាល​មិន​បាន​ផ្តល់​ព័ត៌មាន​ជា​សាធារណៈ​អំពី​ស្ថិតិ​ទាហាន​ខាង​ខ្មែរ​ស្លាប់ របួស ឬ​បាត់​ខ្លួន​ប៉ុន្មាន​នាក់​ច្បាស់លាស់​ទេ។

សារព័ត៌មាន​ជប៉ុន Nikkei Asia ផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែ​មករា កន្លង​ទៅ​នេះ តាមរយៈ​ការ​ស្រាវជ្រាវ​ស្រង់​ស្ថិតិ​ពី​សមាជិក​គ្រួសារ​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ ថត​ពី​ធី​បុណ្យ​បូជាសព​ទាហាន​ពលី​ជីវិត​ក្នុង​សមរភូមិ ថា​មាន​ប្រមាណ​ជាង ១០០​នាក់។ រូបភាព​បន្ថែម​ទៀត​ពី​សមាជិក​ក្រុម​គ្រួសារ​កាន់ទុក្ខ​គោរព​វិញ្ញាណក្ខន្ធ​សព គេ​សន្មត​ថា​អាច​ឡើង​ដល់ ១៣០​នាក់ ទោះជា​គេ​មិន​អាច​បញ្ជាក់​បាន​ជាក់លាក់​ទាំងស្រុង​ដោយ​ប្រភព​ឯករាជ្យ​ណា​មួយ​ក្តី៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version