មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យជឿនលឿន អំពាវនាវឱ្យយុវជនខ្មែរចូលរួមឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីអនាគតខ្លួនឯងផង ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋានផង ហើយក៏ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យជឿនលឿន លោក សួន រីដា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ មករា នេះថា ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាកន្លែងដែលយុវជនអាចបញ្ចេញថ្វីដៃដឹកនាំក្នុងការអភិវឌ្ឍឃុំ-សង្កាត់ ហើយក៏ដើម្បីផ្តល់ផលប្រយោជន៍ជូនពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោក សួន រីដា លើកឡើងថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ជាកន្លែងដែលយុវជនអាចកសាងប្រជាប្រិយភាពរបស់ខ្លួនដែរ ប្រសិនបើពួកគេមានគោលបំណងចង់ក្លាយជាអ្នកដឹកនាំប្រទេស ឬជាអ្នកតំណាងរាស្ត្រតាមរយៈគណបក្សនយោបាយណាមួយនោះ ដូច្នេះយុវជនគ្រប់រូបមិនគួរមើលរំលងមុខនាទីក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ។
មន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ក្រៅពីអាចចូលរួមកសាងប្រទេសជាតិ និងបម្រើពលរដ្ឋនៅមូលដ្ឋាន សម្រាប់ខ្លួនពួកគេផ្ទាល់ក៏ទទួលបានអត្ថប្រយោជន៍ពីកិច្ចការនេះដែរ ព្រោះប្រាក់ឧបត្ថម្ភប្រចាំខែ គឺស្មើទៅនឹងកងកម្លាំង ឬមន្ត្រីរាជការធម្មតាទៅហើយ។
ជាក់ស្តែង ប្រាក់ឧបត្ថម្ភប្រចាំខែដែលកំណត់ដោយរាជរដ្ឋាភិបាល បានចែងថា មេឃុំ ឬចៅសង្កាត់ ទទួលបានប្រាក់ឧបត្ថម្ភជាង ១លាន ២សែនរៀល (១ ២៤០ ០០០រៀល) ខណៈជំទប់ ចៅសង្កាត់រង ទទួលបានប្រាក់ឧបត្ថម្ភជាង ៩សែនរៀល (៩៣០ ០០០រៀល) រីឯសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ទទួលបានប្រាក់ឧបត្ថម្ភជាង ៨សែនរៀលដែរ (៨២០ ០០០រៀល) ក្នុង ១ខែៗនោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានកំណត់កាលបរិច្ឆេទបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៦ កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចមួយ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តាមសំណើក្រសួងមហាផ្ទៃ ដែលត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។
យោងតាមសេចក្តីសម្រេចនេះ រយៈពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅសល់រយៈពេលត្រឹមតែ ១ឆ្នាំ ៤ខែ ២៦ថ្ងៃ ឬស្មើនឹងជាង ៥០០ថ្ងៃទៀតប៉ុណ្ណោះ (៥០២ថ្ងៃ) បើគិតចាប់ពីថ្ងៃជូនដំណឹងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។
ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មក កម្ពុជាបានទទួលយករបបប្រជាធិបតេយ្យសេរីពហុបក្ស ដោយការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងមន្ត្រីនៅមូលដ្ឋានរបស់ខ្លួន ដូចជាតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ជាដើម ខណៈការបោះឆ្នោតឃុំ-សង្កាត់ ក៏បានដំណើរការចំនួន ៥អាណត្តិមកហើយដែរ។
ប្រទេសកម្ពុជា បានអនុវត្តការបោះឆ្នោតអសកល ឬបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួន ៥លើកហើយ ដែលមានរយៈពេល ៥ឆ្នាំម្តង ដោយឆ្នាំដំបូង គឺចាប់ផ្តើមនៅឆ្នាំ២០០២ និងឆ្នាំបន្តបន្ទាប់គឺនៅឆ្នាំ២០០៧ ឆ្នាំ២០១២ ឆ្នាំ២០១៧ និងឆ្នាំ២០២២ កន្លងទៅ។
ទាក់ទិននឹងបញ្ហានេះ ទិន្នន័យសង្គមបានរកឃើញថា រាល់អាណត្តិដែលការបោះឆ្នោតជិតចូលមកដល់ ការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ តែងតែកើតមានជាហូរហែ ដូចជា ការចោទប្រកាន់ ការចាប់ខ្លួន និងការគំរាមកំហែងជាដើម ជាពិសេស គឺតែងកើតមានអំឡុងពេលដំណើរការបោះឆ្នោតកាន់តែខិតជិតចូលមកដល់នោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ននេះ កម្ពុជានៅតែមិនទាន់មានប្រព័ន្ធបោះឆ្នោតមួយដែលធានាបាននូវការរៀបចំការប្រកួតប្រជែងប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឡើយទេ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
