The Cambodia Daily Khmer

ថៃ មិន​ទាន់​សម្រេច​ចូលរួម​ក្រុម​អភិបាល​សន្តិភាព​របស់​លោក ត្រាំ តែ​ត្រូវ​រង់ចាំ​រដ្ឋាភិបាល​ថ្មី​សិន

អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ លោក ឆាតឆៃ បាងឆួត (Chatcai Bangchuad)

អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ លោក ឆាតឆៃ បាងឆួត (Chatcai Bangchuad)

ទាក់ទង​នឹង​សេចក្តី​អញ្ជើញ​រដ្ឋ​នានា​ចូល​ជា​សមាជិក​ក្រុម​អភិបាល​សន្តិភាព​ពី​សេតវិមាន រដ្ឋាភិបាល​ថៃ បណ្ដោះអាសន្ន បាន​ជូនដំណឹង​ទៅ​រដ្ឋការ​ក្រុង​វ៉ាស៊ីនតុន ថា ក្នុង​ស្ថានភាព​ត្រៀម​បោះឆ្នោត​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ ប្រទេស​ថៃឡង់ដ៍ ពុំ​មាន​សមត្ថភាព​ចូលរួម​តាម​ការ​អញ្ជើញ​ទេ​ក្នុង​កាលៈទេសៈ​នេះ ត្រូវ​រង់ចាំ​រដ្ឋាភិបាល​ថ្មី។

សារព័ត៌មាន​ថៃ រួម​ទាំង​បណ្ដាញ​សង្គម X បាន​ចុះផ្សាយ​សម្ដី​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ លោក ឆាតឆៃ បាងឆួត ដែល​ថា​គេ​នឹង​បន្ត​ដាក់​ពាក្យ​ប្តឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដោយ​ចោទ​ថា លោក​ទាំង​ពីរ​រូប​ជា​មេបញ្ជាការ​យោធា​វាយប្រហារ​លើ​ប្រទេស​ថៃឡង់ដ៍ បន្ទាប់ពី​ព្រះរាជអាជ្ញា​ថៃ និង​មន្ត្រី​រដ្ឋាភិបាល ទៅ​ពិនិត្យ​ការ​ខូចខាត​នៅ​តាម​ព្រំដែន​ថៃ-ខ្មែរ។

ដំណាល​ពេល​គ្នា​នេះ មេទ័ព​ថៃ ខ្លះ​និយាយ​ថា សង្គ្រាម​រវាង​ប្រទេស​ថៃឡង់ដ៍ និង​ប្រទេស​កម្ពុជា អាច​នឹង​កើតឡើង​ជា​លើក​ទី​បី បើ​ពិនិត្យ​លើ​សភាពការណ៍ ថ្វីត្បិតតែ​តាម​ព្រំដែន​មាន​ភាព​ស្ងប់ស្ងាត់។

សារព័ត៌មាន​ថៃ ខៅស៊ុត ផ្សាយ​ពី​ថ្ងៃទី​២៦ ខែ​មករា ថា ឧត្ដមសេនីយ៍ អ៊ុកឫទ្ធិ ប៊ូនថានន្ទ មិន​បាន​បដិសេធ​សេចក្តី​រាយការណ៍​ថា​លោក ទៀ បាញ់ បាន​ទាក់ទង​មន្ត្រី​ថៃ ស្វែងរក​ការ​ឈប់​បាញ់​គ្នា។ មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ រូប​នេះ​ថ្លែង​ថា គេ​មិន​ត្រូវ​មើល​តែ​សញ្ញា សម្ដី​សំដៅ និង​សារ​ប៉ុណ្ណោះ​ទេ គេ​ត្រូវ​មើល​អាកប្បកិរិយា​ផង​ដែរ ខណៈ​មាន​សេចក្តី​រាយការណ៍​ថា កងកម្លាំង​យោធា​ខ្មែរ​កំពុង​ជីក​លេណដ្ឋាន​នៅ​ព្រំប្រទល់​ដែន​ទល់​មុខ​ខេត្ត​ត្រាត ដែល​គេ​ថា​លយ​ចូល​ទឹកដី​គេ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version