ក្រសួងការពារជាតិកម្ពុជា អះអាងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ត្រូវបរាជ័យជាលើកទីពីរ ដែលជាហេតុនាំឱ្យកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ជាប់គាំងបន្តទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ កុម្ភៈ នេះថា ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំសាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។
ប្រភពដដែលបញ្ជាក់ថា ក្រោយកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងៗខ្លួនវិញ ដោយសារមិនទាន់រកឃើញនូវចំណុចកណ្ដាលរួមគ្នាមួយនៅឡើយ ប៉ុន្តែភាគីទាំងសងខាងនៅតែបន្តផ្លាស់ប្ដូរឯកសារ និងពិភាក្សាគ្នាដើម្បីឈានដល់ការឯកភាពគ្នានាពេលខាងមុខ ទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បន្តទៀត។
កាលពីថ្ងៃទី២៩ ខែមករា ក្រសួងការពារជាតិកម្ពុជា អះអាងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ប្រភពដដែល បញ្ជាក់ថា កិច្ចប្រជុំនេះបានដំណើរអស់រយៈពេល ៣ថ្ងៃ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៩ មករា ដដែលនោះ ប៉ុន្តែគម្រោងនេះត្រូវលុបចោលវិញ ដោយសារតែក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការ RBC របស់ប្រទេសទាំងពីរ មិនទាន់ឯកភាពគ្នាលើចំណុចរួមណាមួយនៅឡើយ។
ក្រោយកិច្ចប្រជុំនេះបរាជ័យ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កាលថ្ងៃទី៣១ ខែមករា ថា ក្នុងពេលដែលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវជាប់គាំង កិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ក៏កំពុងត្រូវបានពន្យារពេលពីសំណាក់ភាគីថៃ ដោយគ្មានការឆ្លើយតបដែររហូតដល់ពេលនេះ។
ប្រភពដដែល លើកឡើងថា ក្នុងពេលដែលភាគីទាំងពីររង់ចាំកិច្ចប្រជុំពិសេស JBC គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) របស់កម្ពុជា ស្នើឱ្យភាគីថៃ បន្តអនុវត្តការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២ ដល់លេខ៤៧ និងបង្គោលលេខ៥២ ដល់លេខ៥៩។
បន្ថែមពីនេះ កម្ពុជាក៏បានស្នើឱ្យភាគីថៃ រៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) រវាងកម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មាធិការបច្ចេកទេសចម្រុះព្រំដែនកម្ពុជា-ថៃ (JTSC) លើកទី៥ នៅអំឡុងសប្តាហ៍ទីពីរក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះផងដែរ។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ កុម្ភៈ នេះថា រដ្ឋាភិបាលកម្ពុជាត្រូវតែប្រញាប់ប្តឹងប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជាចាំបាច់ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងត្រូវតែដំឡើងកម្រិតការទូតអន្តរជាតិ ទាមទារឲ្យថៃ ត្រូវតែដកកងទ័ពចេញពីទឹកដីកម្ពុជា ថែមទៀត។
លោក ម៉ែន ណាត បញ្ជាក់ថា ក្នុងពេលនេះ កម្រិតការទូតរបស់កម្ពុជាស្ថិតក្នុងលំដាប់ទាបបំផុត ព្រោះកម្ពុជាមិនអាចជំរុញឲ្យអង្គប្រជុំ និងបណ្ដាញសារព័ត៌មានអន្តរជាតិលើកឡើងពីសកម្មភាពឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសហ្វីលីពីន ឱ្យបានផុសផុលឡើយកាលពីពេលថ្មីៗនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
