ក្រសួងមហាផ្ទៃ ព្រមានអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ប្រសិនបើជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបន្តមាននៅក្នុងមូលដ្ឋានដែលពួកគេកំពុងគ្រប់គ្រង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានផ្សព្វផ្សាយចំណាត់ការតាមរយៈវីដេអូឃ្លីបរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ កុម្ភៈ នេះថា ពេលនេះជាដំណាក់កាលផ្ដាច់ដង្ហើមក្រុមឆបោកតាមអនឡាញឱ្យអស់ ដើម្បីលុបបំបាត់ការភាន់ច្រឡំពីអន្តរជាតិចំពោះកម្ពុជា ជុំវិញឧក្រិដ្ឋកម្មមួយនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អះអាងថា រដ្ឋាភិបាលមានឆន្ទៈយ៉ាងមុតមាំក្នុងការបង្ក្រាបបទល្មើសអនឡាញតាំងពីអាណត្តិមុនៗមក ជាពិសេសនៅឆ្នាំ២០១៩ ក្នុងពេលដែលលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាពេលនោះ ក៏បានចេញបទបញ្ជាឱ្យបិទអាជីវកម្មអនឡាញខុសច្បាប់ទាំងអស់ដែរ។
លោកបន្តថា ពេលនេះ កម្ពុជាត្រូវតែបោសសម្អាតបទល្មើសអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ព្រោះកម្ពុជាបានក្លាយជាប្រទេសរងគ្រោះពីបទល្មើសមួយនេះរហូតមក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កម្ពុជានឹងមិនប្រើពាក្យបង្ក្រាបបទល្មើសអនឡាញទៀតទេ គឺត្រូវបានប្រើពាក្យបោសសម្អាតតែម្តង ដើម្បីផ្តាច់ដង្ហើមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបន្លំជ្រកក្រោមស្លាកអាជីវកម្មផ្សេងៗ កុំឲ្យមាននៅក្នុងទឹកដីខ្មែរបន្តទៀត។
លោក ទូច សុឃៈ គូសបញ្ជាក់ថា តាមការពិត មជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញដ៏ធំប្រចាំតំបន់អាស៊ី មិនមែនជាកម្ពុជា ទេ គឺជាប្រទេសដែលនៅក្បែរខាងកម្ពុជាប៉ុណ្ណោះ ដែលកំពុងចែកចាយក្រុមឧក្រិដ្ឋជនទាំងនោះរហូតមក ខណៈកម្ពុជាក៏ជាប្រទេសរងគ្រោះមួយក្នុងចំណោមប្រទេសរងគ្រោះជាច្រើនទៀតក្នុងប្រតិបត្តិការនេះដែរ។
ក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានវះកាត់ដោយគ្មានការលើកលែងចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធក្នុងបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមអនឡាញ។
ជុំវិញបញ្ហានេះ គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា មានជនបរទេសជាង ១១ម៉ឺននាក់ដែលមកពី ៦សញ្ជាតិ ដូចជា ជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស និងប៉ាគីស្ថាន បានចាកចេញពីប្រទេសកម្ពុជា ចាប់ពីខែមករា មកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦ នេះ បន្ទាប់ពីអាជ្ញាធរកម្ពុជា ចាត់វិធានការក្តៅបង្ក្រាបក្នុងបទល្មើសឆបោកអនឡាញជាបន្តបន្ទាប់មកនោះ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា ចំពោះសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ និងមានចេតនាលាក់បាំងជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងរងនូវការបណ្ដេញចេញពីក្របខ័ណ្ឌការងារ ព្រមទាំងត្រូវផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានផងដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
