26.9 C
Phnom Penh

ក្រសួង​មហាផ្ទៃ ព្រមាន​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ទទួល​ខុសត្រូវ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​អនឡាញ​បន្ត​មាន​នៅ​មូលដ្ឋាន​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ ព្រមាន​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​រាជរដ្ឋាភិបាល ប្រសិនបើ​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បន្ត​មាន​នៅ​ក្នុង​មូលដ្ឋាន​ដែល​ពួកគេ​កំពុង​គ្រប់គ្រង។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ផ្សព្វផ្សាយ​ចំណាត់ការ​តាមរយៈ​វីដេអូ​ឃ្លីប​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា ពេលនេះ​ជា​ដំណាក់កាល​ផ្ដាច់​ដង្ហើម​ក្រុម​ឆបោក​តាម​អនឡាញ​ឱ្យ​អស់ ដើម្បី​លុបបំបាត់​ការ​ភាន់​ច្រឡំ​ពី​អន្តរជាតិ​ចំពោះ​កម្ពុជា ជុំវិញ​ឧក្រិដ្ឋកម្ម​មួយ​នេះ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ អះអាង​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុង​ការ​បង្ក្រាប​បទល្មើស​អនឡាញ​តាំងពី​អាណត្តិ​មុនៗ​មក ជាពិសេស​នៅ​ឆ្នាំ​២០១៩ ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នា​ពេល​នោះ ក៏បាន​ចេញ​បទបញ្ជា​ឱ្យ​បិទ​អាជីវកម្ម​អនឡាញ​ខុស​ច្បាប់​ទាំងអស់​ដែរ។

លោក​បន្ត​ថា ពេលនេះ កម្ពុជា​ត្រូវតែ​បោស​សម្អាត​បទល្មើស​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ ខាងមុខ​នេះ ព្រោះ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​រងគ្រោះ​ពី​បទល្មើស​មួយ​នេះ​រហូត​មក។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ រូប​នេះ​បញ្ជាក់​ថា ចាប់ពី​ពេលនេះ​តទៅ កម្ពុជា​នឹង​មិន​ប្រើ​ពាក្យ​បង្ក្រាប​បទល្មើស​អនឡាញ​ទៀត​ទេ គឺ​ត្រូវ​បាន​ប្រើ​ពាក្យ​បោស​សម្អាត​តែម្តង ដើម្បី​ផ្តាច់​ដង្ហើម​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​បន្លំ​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម​ផ្សេងៗ កុំ​ឲ្យ​មាន​នៅ​ក្នុង​ទឹកដី​ខ្មែរ​បន្ត​ទៀត។

លោក ទូច សុឃៈ គូសបញ្ជាក់​ថា តាម​ការពិត មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី មិនមែន​ជា​កម្ពុជា ទេ គឺជា​ប្រទេស​ដែល​នៅ​ក្បែរ​ខាង​កម្ពុជា​ប៉ុណ្ណោះ ដែល​កំពុង​ចែកចាយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​រហូត​មក ខណៈ​កម្ពុជា​ក៏​ជា​ប្រទេស​រងគ្រោះ​មួយ​ក្នុង​ចំណោម​ប្រទេស​រងគ្រោះ​ជាច្រើន​ទៀត​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ។

ក្នុង​ពិធី​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ឆ្នាំ​២០២៦ កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ព្រមាន​វះកាត់​ដោយ​គ្មាន​ការ​លើកលែង​ចំពោះ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​នានា ជាពិសេស​បទល្មើស​ឆបោក​តាម​អនឡាញ។

ជុំវិញ​បញ្ហា​នេះ គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា មាន​ជនបរទេស​ជាង ១១​ម៉ឺន​នាក់​ដែល​មកពី ៦​សញ្ជាតិ ដូចជា ជនជាតិ​ចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស និង​ប៉ាគីស្ថាន បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ចាប់ពី​ខែ​មករា មក​ដល់​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា ចាត់​វិធានការ​ក្តៅ​បង្ក្រាប​ក្នុង​បទល្មើស​ឆបោក​អនឡាញ​ជាបន្តបន្ទាប់​មក​នោះ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៦ ថា ចំពោះ​សមត្ថកិច្ច​ដែល​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ភាព​ស្មោះត្រង់ និង​មាន​ចេតនា​លាក់បាំង​ជនបរទេស​ដែល​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ឱ្យ​ស្នាក់នៅ​ក្នុង​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​ណា​មួយ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន នឹង​រង​នូវ​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ការងារ ព្រមទាំង​ត្រូវ​ផ្ដន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ជា​ធរមាន​ផង​ដែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស