អ្នកឃ្លាំមើលសង្គម ចាត់ទុកចំណាត់ការរាជរដ្ឋាភិបាល និងតុលាការខេត្តបន្ទាយមានជ័យ លើអ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាកងទ័ពជួរមុខខ្វះទឹកប្រើប្រាស់ ថាជាទង្វើនាំឲ្យថៃ ប្រមាថមាក់ងាយថាជាជនជាតិដែលមិនចេះសាមគ្គីគ្នា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ កុម្ភៈ នេះថា ការចោទប្រកាន់លោក លួត សុផល ពីបទ «ញុះញង់ឱ្យមានការរើសអើង» ជាការចោទប្រកាន់ជ្រុលហួសហេតុ ដែលផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ និងគោលការណ៍ច្បាប់អន្តរជាតិ ជុំវិញសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា។
លោក ម៉ែន ណាត លើកឡើងថា ការបង្ក្រាបពលរដ្ឋខ្លួនឯងបែបនេះ គឺជារឿងគួរឱ្យអាម៉ាស់សម្រាប់ជាតិសាសន៍ខ្មែរបំផុត ដែលរដ្ឋាភិបាលត្រូវតែបញ្ឈប់ និងត្រូវតែជៀសវាងឲ្យបានចាប់ពីពេលនេះតទៅ ព្រោះថាបើពិនិត្យលើសេចក្តីរាយការណ៍របស់លោក លួត សុផល មិនគួរដល់ថ្នាក់មានទោសទណ្ឌបែបនេះឡើយ។
លោកបញ្ជាក់ថា ដើម្បីឱ្យខ្មែរមានការផ្សះផ្សាស្មារតីជាតិ និងការឯកភាពជាតិពិតប្រាកដ រដ្ឋាភិបាលត្រូវតែដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពពេញលេញស្របតាមច្បាប់ឡើងវិញ ដើម្បីប្រមូលជាកម្លាំងជាតិសម្រាប់តតាំងប្រឆាំងការឈ្លានពានពីប្រទេសជិតខាងមកលើប្រទេសកម្ពុជា នាពេលនេះ។
កាលពីថ្ងៃទី៧ ខែកុម្ភៈ លោក លួត សុផល បានផ្សាយផ្ទាល់លើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Sophal Osmach ចេញពីចំណុចភូមិអូរខ្លាឃ្មុំ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដាក់ចំណងជើងថា «អត់សូម្បីទឹក» ដោយបានរៀបរាប់អំពីការខ្វះទឹកប្រើប្រាស់ចំពោះកម្លាំងជួរមុខនៅតំបន់ព្រំដែន។
យ៉ាងណាក៏ដោយ ក្រោយការផ្សព្វផ្សាយវីដេអូនេះ គឺនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ បានទៅចាប់លោក លួត សុផល នៅគេហដ្ឋានរបស់លោកតែម្តងនៅឯភូមិចម្ការចេក សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
បន្ទាប់ពីការចាប់ខ្លួន នៅថ្ងៃទី១៤ កុម្ភៈ សាលាដំបូងខេត្តឧត្ដរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានថា តំណាងអយ្យការបានពិនិត្យឃើញថា ចំណារនៅក្នុងហ្វេសប៊ុក រួមជាមួយពាក្យសម្ដីដែលបាននិយាយនៅក្នុងវីដេអូ ជនសង្ស័យមានចេតនាចូលរួមធ្វើឱ្យខូចទឹកចិត្តកងទ័ព និងមានចរិតញុះញង់បង្កឱ្យមានបទល្មើស។
សាលាដំបូងខេត្តឧត្ដរមានជ័យ អះអាងថា ក្រោយពីពិនិត្យភស្តុតាង តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ លួត សុផល ពីបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិនៃមាត្រា ៤៧៦ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ដែលហៅកាត់ថា អាដហុក បានអះអាងកាលពីថ្ងៃទី១៤ កុម្ភៈ នេះថា សមាគមអាដហុក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីរបស់លោក លួត សុផល នាពេលនេះ។
សមាគមអាដហុក បញ្ជាក់ថា ក្នុងរយៈពេលមិនដល់ពីរខែផង នៅដើមឆ្នាំ២០២៦ នេះ មានអ្នកសារព័ត៌មានចំនួន ៤នាក់ហើយដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះមានចាងហ្វាងកាសែតអនឡាញ HVNN លោក ហែម វណ្ណា អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព ប្រចាំខេត្តតាកែវ លោក ព្រំ សុផៃ និងចាងហ្វាងសារព័ត៌មាន Sunday News លោក ស៊ាង ប៊ុនសុង ផងដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
