The Cambodia Daily Khmer

មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា​គម្រោង​សង់​ផ្ទះ​សម្រាប់​ជនភៀសសឹក មិនមែន​ជា​ការ​ទទួលស្គាល់​ការ​បាត់បង់​ទឹកដី​ទេ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បដិសេធ​នូវ​ការ​ឃោសនា​ដែល​ថា​ការ​សាងសង់​ជម្រក​បណ្ដោះអាសន្ន​ឱ្យ​ពលរដ្ឋ​ភៀស​សឹក ជា​ការ​ទទួលស្គាល់​នូវ​ការ​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​ថៃ។

លោក កែវ រ៉េមី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ទឹកដី​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ទាហាន​ថៃ កាន់កាប់​ដោយ​ខុស​ច្បាប់ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​តវ៉ា​យក​មក​វិញ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ការ​រស់នៅ​របស់​ពលរដ្ឋ​ភៀស​សឹក ក៏​ត្រូវតែ​គិតគូរ​ឱ្យ​បាន​មុន​រដូវ​វស្សា​មក​ដល់​នា​ពេល​ខាងមុខ​នេះ​ដែរ។

លោក កែវ រ៉េមី អះអាង​ថា រាជរដ្ឋាភិបាល​បាន​ចេញ​លិខិត​បដិសេធ​មិន​ទទួលស្គាល់​ចំពោះ​ការ​ឈ្លានពាន​ទឹកដី​ដោយ​ប្រើ​កម្លាំង​ពី​យោធា​ថៃ ជាបន្តបន្ទាប់។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏​ប្រើ​គ្រប់​យន្តការ​ទាំងអស់​ផង​ដែរ ទាំង​ការទូត និង​ផ្លូវច្បាប់ ដើម្បី​ទាមទារ​ទឹកដី និង​ផ្ទះសម្បែង​ទាំងនោះ​ត្រឡប់​មក​វិញ។

មន្ត្រី​ជាន់ខ្ពស់​រូប​នេះ​លើកឡើង​ថា ការ​ទាមទារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ថៃ មិនមែន​ជា​រឿង​លេង​សើច​ទេ ហើយ​ក៏​មិនមែន​ប្រើ​រយៈពេល​ខ្លី​ដែរ ដូច្នេះ​បើ​ត្រូវ​ប្រើ​រយៈពេល​វែង រដ្ឋាភិបាល​ក៏​មិន​អាច​ទុក​ឱ្យ​ពលរដ្ឋ​ភៀស​សឹក​ទាំងអស់​រស់នៅ​ក្រោម​តង់​កៅស៊ូ​រាប់​សិប​ឆ្នាំ ឬ​រាប់​ទសវត្សរ៍​ទៅ​ថ្ងៃ​មុខ​ទៀត​ឡើយ ខណៈ​ក្មេងៗ​ក៏​ត្រូវការ​ទីតាំង​សម្រាប់​អប់រំ​ដែរ​នោះ។

លោក កែវ រ៉េមី បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​មាន​ការ​ឈឺចាប់​ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ តែ​ពិបាក​និយាយ ខណៈ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ក៏​មិន​បាន​សម្រាក​ដែរ ទោះ​ថ្ងៃបុណ្យ ឬ​ថ្ងៃ​ឈប់​សម្រាក​ក៏ដោយ ក៏​ប្រឹង​រួម​គ្នា​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​ការពារ​ទឹកដី និង​សេចក្តី​សុខ​របស់​ពលរដ្ឋ។

កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៦ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បើក​កិច្ចប្រជុំ​ជ្រើសរើស​ទីតាំង​រៀបចំ​លំនៅឋាន​បណ្ដោះអាសន្ន​សម្រាប់​ពលរដ្ឋ​ភៀស​សឹក​ដែល​បាត់បង់​ផ្ទះសម្បែង​នៅ​តាម​បណ្តោយ​ព្រំដែន បន្ទាប់ពី​ទាហាន​ថៃ បាន​ឈ្លានពាន​យក​ទៅ​កាន់កាប់​ដោយ​ខុស​ច្បាប់។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំអាល់ បញ្ជាក់​ថា ទីតាំង​ទាំងនេះ​ធ្វើឡើង​សម្រាប់​ពលរដ្ឋ​ដែល​បាត់បង់​លំនៅឋាន​មិន​អាច​ត្រឡប់​ទៅវិញ​បាន និង​សម្រាប់​ពលរដ្ឋ​ភៀស​សឹក​ដែល​រង់ចាំ​ពេលវេលា​ណា​មួយ​សមស្រប​អាច​វិលត្រឡប់​ទៅ​រក​លំនៅឋាន​របស់​ខ្លួន​វិញ រួម​ទាំង​សម្រាប់​ពលរដ្ឋ​ភៀស​សឹក​ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​សុវត្ថិភាព​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​ខ្លី​ផង​ដែរ។

បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី បញ្ចេញ​គម្រោង​សាងសង់​នេះ ក៏​ត្រូវ​រង​ការ​រិះគន់​ជាបន្តបន្ទាប់​ពី​អ្នក​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​អះអាង​ថា ការ​ដាក់​ចេញ​ផែនការ​នេះ គឺ​ស្មើ​នឹង​រដ្ឋាភិបាល​ទទួលស្គាល់​ពី​ការ​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​ថៃ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា យោធា​ថៃ បាន​ឈ្លានពាន​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ចំនួន ១៤​តំបន់ ក្នុង​ខេត្ត​ចំនួន​៤ រួម​មាន ខេត្ត​បន្ទាយមានជ័យ ៣​តំបន់ ខេត្ត​ពោធិ៍សាត់ ២​តំបន់ ខេត្ត​ព្រះវិហារ ៣​តំបន់ និង​ខេត្ត​ឧត្ដរមានជ័យ ៦​តំបន់។

យ៉ាងណាក៏ដោយ គណបក្ស​ប្រឆាំង​បាន​អះអាង​ថា រយៈពេល​សង្គ្រាម ២១​ថ្ងៃ​ជាមួយ​ថៃ កម្ពុជា​បាន​បាត់បង់​រហូត​ដល់​ជាង ៤០​ទីតាំង (៤១​ទីតាំង) ឯណោះ ដែល​បណ្តាល​ឱ្យ​ប្រជាជន​ខ្មែរ​ជាង ១១​ម៉ឺន​នាក់​បាត់បង់​ដីធ្លី ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ជាច្រើន ទៅ​ក្នុង​អំពើ​ឈ្លានពាន​របស់​ថៃ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version