អ្នកសារព័ត៌មានខ្មែរនៅក្រៅប្រទេស ចាត់ទុកសម្ដីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ FRANCE 24 កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយចោទថាជាសម្ដីភូតកុហក ឬហៅម្យ៉ាងទៀតថាពីអ្នកជំនាញការទូតប្រទេសថៃ បានក្លាយជាអ្នកជំនាញខាងភូតប្រចាំប្រទេសថៃ ទៅវិញ។
លោក ម៉ែន គឹមសេង លើកឡើងថា អ្នកសារព័ត៌មាននៃទូរទស្សន៍បារាំង France 24 បានបកអាក្រាតល្បិចកលរបស់រដ្ឋមន្ត្រីការបរទេសថៃ រូបនេះគ្មានសល់ជុំវិញការសាកសួរអំពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលធ្វើឱ្យលោក ស៊ីហាសាក់ ភួងកេតកែវ ប្រែក្លាយពីអ្នកជំនាញការទូត មកជាអ្នកជំនាញខាងភូតវិញ។
ប៉ុន្តែរដ្ឋមន្ត្រីកិច្ចការបរទេសថៃ ប្រាប់ពិភពលោកថា លោកមានភារកិច្ចត្រូវតែបកស្រាយបំភ្លឺការពិត។
ទូរទស្សន៍បារាំង France 24 កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្សព្វផ្សាយបទសម្ភាសន៍របស់ខ្លួនជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លើបណ្ដាញ YouTube របស់ខ្លួន។
ក្នុងបទសម្ភាសន៍ប្រវែងជាង ១១នាទី (១១,២៤នាទី) ក្រោយការចោទសួរដដែលៗពាក់ព័ន្ធនឹងយោធាថៃ កាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជា ដោយការដាក់ទូកុងតឺន័រ និងរបងលួសបន្លាលើទីតាំងដែលថៃ ធ្លាប់ទទួលស្គាល់ថាជារបស់កម្ពុជាតាំងពីយូរមកហើយនោះ លោក ស៊ីហាសាក់ ភួងកេតកែវ ឆ្លើយថា តំបន់ទាំងនេះ គឺស្ថិតនៅក្នុងទឹកដីថៃ ហើយគឺជាតំបន់ដែលប្រទេសកម្ពុជា បានបំពានយកអស់រយៈពេលជាយូរមកហើយ តាំងពីសម័យជម្លោះនៅប្រទេសកម្ពុជា ដែលមានជនភៀសខ្លួនខ្មែរបានចូលទៅរស់នៅក្នុងប្រទេសថៃ នោះ។
រដ្ឋមន្ត្រីការបរទេសថៃ រូបនេះអះអាងថា ការចូលទៅកាន់កាប់នៅតំបន់ទាំងនោះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលកងទ័ពថៃ ត្រូវស្ថិតនៅនឹងកន្លែងដែលខ្លួនឈរជើង នៅពេលបទឈប់បាញ់ចូលជាធរមាន។
ចំណែកឯកាសែតអាមេរិកាំង The New York Times ផ្សាយបទវិចារណកថាកាលពីថ្ងៃទី២០ កុម្ភៈ ដោយដាក់ចំណងជើងថា «តាមការស៊ើបអង្កេតថ្មី គឺរកឃើញថា ថៃរំលោភបំពានលើច្បាប់អន្តរជាតិ» ខណៈសង្គ្រាមជាមួយកម្ពុជា ក៏ត្រូវបានរកឃើញថា ថៃបានប្រើជាល្បែងនយោបាយសម្រាប់ឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតកាលពីដើមខែកុម្ភៈ កន្លងទៅផងដែរ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ យោធាថៃ នៃយោធភូមិភាគទី២ ប្រាប់កាសែតថា ទាហានខ្មែរបានបាញ់គ្រាប់រ៉ុក្កែត ៤០មិល្លីម៉ែត្រ ឬ M79 ទៅលើទាហានថៃ ៨នាក់ដើរល្បាតតាមព្រំដែនក្នុងដីថៃ ចម្ងាយ ២គីឡូម៉ែត្រពីភូមិផ្លាន ហ៊ិន ប៉ែតកន ស្រុកកន្ថារ៉ាឡាក់ ខេត្តស៊ីសាកេត ប៉ុន្តែពុំបណ្តាលឲ្យមានទាហានស្លាប់ ឬរបួសទេ។ ទាហានថៃ បានបាញ់តបវិញក្នុងទ្រង់ទ្រាយដូចគ្នា ដើម្បីបញ្ឈប់សកម្មភាពបាញ់ផ្តក់បែបនោះតទៅទៀត។ យោធភូមិភាគទី២ ថៃ ប្រាប់កាសែតថា ទាហានខ្មែរបង្ហាញទម្លាប់ធ្វើអ៊ីចឹងពីមុនពីរលើកហើយ។
មួយថ្ងៃមុន នាយទាហានជាន់ខ្ពស់អាមេរិកាំង ឧត្ដមសេនីយ៍ឯក (Lt. Gen.) កងទ័ពជើងគោក Matthew Mc Farlane បានជួបជាមួយមេបញ្ជាការកងទ័ពជើងគោកថៃ Pana Klaewplodtook ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក និងការប្រគល់អំណោយរថពាសដែកកង់កៅស៊ូប្រភេទ Stryker ចំនួន ១៧គ្រឿង សម្រាប់គាំទ្រប្រតិបត្តិការថ្នាក់កងពលតូចថ្មើរជើង។
រថពាសដែក Stryker ប្រើប្រាស់ដោយកងទ័ពជើងគោកអាមេរិកាំង ដែលមួយគ្រឿងតម្លៃ ៥លាន ៥សែនដុល្លារ រត់ល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើក្នុងស្ថានការណ៍ពង្រាយកម្លាំងដើម្បីឆ្លើយតបនឹងស្ថានការណ៍សឹកបន្ទាន់ភ្លាមៗ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
