ប្រទេសថៃ ចោទថាប្រាសាទព្រះវិហារ ត្រូវបានកងទ័ពខ្មែរប្រើប្រាស់ជាទីតាំងកងទ័ពលាក់ខ្លួន និងលាក់អាវុធ ជុំវិញជម្លោះព្រំដែននៃប្រទេសទាំងពីរ និងបដិសេធថាកងទ័ពថៃ មិនបានវាយប្រហារលើប្រាសាទព្រះវិហារ ដូចការចោទប្រកាន់ពីភាគីកម្ពុជា នោះទេ។
កាសែត Thai Enquirer បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែលប្រាប់នាយកអង្គការយូណេស្កូ (UNESCO) លោក Khaled Ahmed El-Enany Ali Ezz នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ នេះថា ប្រទេសថៃ មានការសោកស្តាយចំពោះឧប្បត្តិហេតុលើប្រាសាទព្រះវិហារ។ ថៃ ក៏មិនចង់ឱ្យព្រឹត្តិការណ៍បែបនេះកើតឡើងដែរ ហើយបន្ថែមថា ឧបទ្ទវហេតុនោះមិនបានកើតមានទេ បើកងទ័ពខាងខ្មែរមិនបោះទីតាំងនៅទីនោះទេ។
កាសែតថៃ ដដែលនេះ បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ រូបនេះមានទំនុកចិត្តថានាយកអង្គការយូណេស្កូ នឹងយល់ច្បាស់ពីស្ថានភាពនេះ និងរក្សាជំហរអព្យាក្រឹត ដោយលើកទឹកចិត្តឱ្យប្រទេសកម្ពុជា និងថៃ ដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការចរចាទ្វេភាគីដោយផ្ទាល់ដែលស្របទៅនឹងវិធីសាស្ត្ររបស់ប្រទេសថៃ ដែរ។
នាយកអង្គការយូណេស្កូ បានថ្លែងតបថា លោកនឹងបញ្ជូនអ្នកជំនាញទៅសិក្សាអំពីការខូចខាត និងវាយតម្លៃអំពីការជួសជុលឡើងវិញ។
អំឡុងពេលដែលប្រទេសកម្ពុជា និងប្រទេសថៃ កំពុងប្រយុទ្ធគ្នាយ៉ាងក្តៅគគុក អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងពីការខូចខាតប្រាសាទព្រះវិហារ និងបានអំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌មួយនេះគ្រប់ទម្រង់នៅក្នុងតំបន់ដែលមានការប៉ះទង្គិចគ្នានោះ។
ចំណែកឯក្រសួងវប្បធម៌នៃប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយចោទថាការវាយប្រហារទាំងពីរលើកពីយោធាថៃ មកលើប្រាសាទព្រះវិហារ កាលពីអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យសំណង់ស្ថាបត្យកម្មដែលស្ថិតក្នុងស្ថានភាពទម្រង់ដើម ព្រមទាំងផ្នែកទាំងឡាយនៃប្រាសាទ និងរចនាសម្ព័ន្ធដែលបានជួសជុលឡើងវិញ សិលាចារឹក អគារអភិរក្ស និងបរិក្ខារបច្ចេកទេសនានា ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
បន្ថែមលើការចោទពីក្រសួងវប្បធម៌ នោះទៀត ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះ ដោយចោទថា ការវាយប្រហារគ្នាទៅវិញទៅមកចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានវាយប្រហារលើភូមិសាស្ត្រប្រាសាទព្រះវិហារប្រមាណជាង ៤០លើក ខណៈតំបន់ផ្សេងទៀតនៃកម្ពុជាដែលនៅជាប់ព្រំដែនថៃ ក៏ត្រូវរងការវាយប្រហារមិនចាញ់ភូមិសាស្ត្រប្រាសាទព្រះវិហារដែរ។
ប្រាសាទព្រះវិហារ គឺជាទីតាំងជម្លោះក្នុងប្រវត្តិសាស្ត្ររវាងកម្ពុជា-ថៃ ប្រមាណជា ៧០ឆ្នាំមុន ហើយចាប់ផ្តើមផ្ទុះខ្លាំងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំង ដោយសារតែភាគីថៃ បានបញ្ជូនកងកម្លាំងប្រដាប់អាវុធចូលទៅកាន់កាប់ប្រាសាទនោះដោយខុសច្បាប់។
ប៉ុន្តែនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានដាក់ពាក្យបណ្ដឹងប្រឆាំងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡេអេ ដើម្បីទាមទារឱ្យថៃ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទនេះវិញ។ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចក្តីលើកទី១ ឱ្យកម្ពុជាឈ្នះភាគីថៃ ដោយប្រកាសថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជា៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
