The Cambodia Daily Khmer

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង ដោយ​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់

អ្នក​គាំទ្រ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លើក​បដា​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​មាតា​ចលនា​ធម្មជាតិ នៅ​ខាង​មុខ​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

អ្នក​គាំទ្រ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លើក​បដា​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​មាតា​ចលនា​ធម្មជាតិ នៅ​ខាង​មុខ​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា សម្រួល​ផ្ទៃក្នុង​ជាតិ​ដើម្បី​កសាង​ស្មារតី​សាមគ្គី និង​ឯកភាព​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ស្រប​តាម​គោលបំណង​នៃ​រដ្ឋធម្មនុញ្ញ និង​សហគមន៍​អន្តរជាតិ ដោយ​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា សកម្មជន​បរិស្ថាន សកម្មជន​សង្គម អ្នក​នយោបាយ ដូចជា លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី និង​លោក កើត សារ៉ាយ ជាដើម គួរតែ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព។

លើស​ពី​នេះ ដូចជា លោក កឹម សុខា លោក ថាច់ សេដ្ឋា លោក ខឹម ចាន់វណ្ណៈ លោក លោក រ៉ុង ឈុន កញ្ញា សេង ធារី និង​អ្នក​ឯ​ទៀត​ក៏​ត្រូវ​ដោះលែង​ផង​ដែរ ព្រោះ​ថា បើ​គិត​មក​ទល់​នឹង​ពេលនេះ មាន​សកម្មជន​បរិស្ថាន សកម្មជន​នយោបាយ រួម​ទាំង​អ្នក​នយោបាយ​ផង​ជិត ១០០​នាក់​ហើយ (៩៧​នាក់) ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​នោះ។

លោក ម៉ែន ណាត លើកឡើង​ថា ចំណែក​សំណុំរឿង​ដាច់ដោយឡែក​មួយ​ទៀត គឺ​ករណី​អ្នក​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ក៏​គួរតែ​ទទួល​បាន​ការ​ដោះលែង​ពី​ពន្ធនាគារ​ដែរ ព្រោះ​នារី​រងគ្រោះ​រូប​នេះ​ក៏​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ មិន​ខុស​ពី​សកម្មជន​សង្គម​ទាំងនោះ​ឡើយ។

កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​ករណី​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចំនួន ៣​នាក់ គឺ​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ រួម​ទាំង​សកម្មជន​សង្គម​ផ្សេង​ទៀត​ផង​ដែរ ពី​បទ​ញុះញង់។

ក្នុង​សំណុំរឿង​នេះ មាន​ជនជាប់ចោទ​សរុប​ចំនួន ៣៧​នាក់ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បំបែក​ទៅ​ជា ៥​សំណុំរឿង​ផ្សេងៗ​គ្នា ខណៈ​សំណុំរឿង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​ដាក់​នៅ​ក្នុង​សំណុំរឿង​ទី​មួយ ហើយ​បទ​ចោទ​នេះ​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ បើ​សិន​ជា​រក​ឃើញ​ថា​អ្នក​ទាំងនោះ​មាន​ទោស។

គិត​មក​ទល់​នឹង​ពេលនេះ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ជនជាប់ចោទ​ជាច្រើន​ផ្សេង​ទៀត​បាន​ជាប់​ពន្ធនាគារ​បណ្ដោះអាសន្ន​អស់​រយៈពេល ១៩​ខែ​ហើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ តុលាការ​កំពូល​ក៏បាន​បើក​សវនាការ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ពី​សកម្មជន​បរិស្ថាន​ចំនួន ៥​នាក់​ផង​ដែរ រួម​មាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង​លោក យីម លាងហ៊ី ពី​បទ​ញុះញង់​ដូច​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែរ ប៉ុន្តែ​សំណុំរឿង​នេះ តុលាការ​សម្រេច​ថា​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៦ ខាងមុខ​នេះ។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ៣​នាក់ គឺ​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ក្រោម​បទ​ចោទ​ញុះញង់ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម (CLV)។

ចំណែក​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​រង​ការ​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦​ឆ្នាំ​ទៅ ៨​ឆ្នាំ និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ បន្ទាប់ពី​សាលក្រម​របស់​តុលាការ​ត្រូវ​បាន​ប្រកាស​ភ្លាមៗ​នៅ​ថ្ងៃ​ដដែល​នោះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version