ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅទីបំផុត បានទទួលស្គាល់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអន្តរបណ្ដាញ ឬអ៊ីនធឺណិត ហៅតាមអង់គ្លេសថា online scams ទាំង ៥០មណ្ឌល ឬទីតាំង និងសាខាប្រមាណ ២០០ ទូទាំងរាជាណាចក្រកម្ពុជា ថាជាការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រទេសជាតិយ៉ាងពន់ប្រមាណ។
ថ្លែងប្រាប់អ្នកកាសែតពីទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នៅថ្ងៃពុធ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពោលថា ឧក្រិដ្ឋកម្មឆបោកអនឡាញជាសេដ្ឋកិច្ចខ្មៅងងឹត។ លោកបានបដិសេធការចោទថារាជរដ្ឋាភិបាលបានទទួលផលប្រយោជន៍ពីឧក្រិដ្ឋកម្មទាំងនោះ។
ទោះជាយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលលើកឡើងថា ទោះនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ការពិតអំពីឧក្រិដ្ឋកម្មអនឡាញយឺតបន្តិច ប៉ុន្តែប្រសើរជាងការគេចវេះ ឬការច្រានចោលចំពោះអំពើឧក្រិដ្ឋកម្មដែលបានបំផ្លាញកិត្តិយសប្រទេសកម្ពុជា ជាយូរឆ្នាំមកហើយនោះ។
អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ កុម្ភៈ នេះថា ទម្រាំរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ការពិតពីឧក្រិដ្ឋកម្មឆបោកដែលបានកើតមាននៅប្រទេសកម្ពុជា វាបានកម្ទេចមុខមាត់ និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងររួចទៅហើយ ខណៈអ្នកគប់គិត និងអ្នកអាស្រ័យផលពីឧក្រិដ្ឋកម្មទាំងនេះ សល់ប្រាក់ចាយតជំនាន់ពូជពង្សរបស់ពួកគេរួចហើយដែរ។
លោក ឃុន ថារ៉ូ បញ្ជាក់ថា ទោះជានាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ពីអំពើឧក្រិដ្ឋដែលបានកើតមាននៅក្នុងប្រទេសកម្ពុជាទាំងនេះយឺតបន្តិចក៏ដោយ ក៏ប៉ុន្តែប្រសើរជាងការគេចវេះ និងការច្រានចោលដែរ ដើម្បីបង្ហាញពីឆន្ទៈនយោបាយពិតប្រាកដក្នុងការបោសសម្អាត និងលុបបំបាត់អំពើឧក្រិដ្ឋកម្មទាំងនេះឱ្យអស់ពីកម្ពុជានោះ។
លោក ហ៊ុន ម៉ាណែត អះអាងថា មជ្ឈមណ្ឌលបោកប្រាស់ខ្លះអាចនឹងបង្កើតលទ្ធផលផ្ទាល់ខ្លះដល់ផ្នែកអចលនទ្រព្យ ការវិនិយោគលើអគារតាមរយៈការទិញដើម្បីបង្កើតជាមជ្ឈមណ្ឌលនានា ជាដើម ប៉ុន្តែប្រាក់ចំណូលទាំងនោះគឺមិនបានចូលមក ឬពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាឡើយ។
បើពិតដូច្នេះមែន តាមការស្រាវជ្រាវអំពីសកម្មភាពប្រតិបត្តិការឆបោកអនឡាញរាប់ឆ្នាំ ដែលថារាជរដ្ឋាភិបាលមិនបានដឹងនោះ អ្នកតាមដានអាចនិយាយបានថា សមិទ្ធិរីកស្គុះស្គាយ គឺជាលទ្ធផលនៃអាជីវកម្មក្នុងសេដ្ឋកិច្ចខ្មៅងងឹត ឥតបង់ពន្ធដារចូលថវិការដ្ឋ ឬក៏ផលប្រយោជន៍ពីសេដ្ឋកិច្ចខ្មៅងងឹតនោះធ្លាក់ចូលទូដែកបុគ្គលមានអំណាច។
នាយករដ្ឋមន្ត្រីខ្មែររូបនេះដែលឡើងកាន់អំណាចតពីឪពុកនៅឆ្នាំ២០២៣ ដោះស្រាយថា រដ្ឋាភិបាលប្រទេសកម្ពុជាមិនដែលដឹងថាលោក ចេន ហ្ស៊ី ជាមេខ្លោងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេ ចំណែកឯសកម្មភាពឧក្រិដ្ឋជនរូបនេះ ក៏រដ្ឋាភិបាលមិនបានដឹងដែរ ប៉ុន្តែអាជ្ញាធរបានចាត់វិធានការភ្លាមៗនៅពេលដឹងថាលោក ចេន ហ្ស៊ី គឺជាមេខ្លោងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះ។
គួររំឭកថា រាជរដ្ឋាភិបាល និងបរិពារគាំទ្រ តែងតែចោទអ្នកនិយាយផ្សាយការពិតថា ក្រុមបំពុលសង្គម ក្រុមឧទ្ទាម ក្រុមបដិវត្តន៍ពណ៌ ប៉ុន្តែការពិតនៅតែធ្លាយដដែល តាមរយៈការទទួលស្គាល់ពីប្រមុខរដ្ឋាភិបាល។
មេខ្លោងឧក្រិដ្ឋកម្មឆបោក ចេន ហ្ស៊ី មកដល់ស្រុកខ្មែរចន្លោះឆ្នាំ២០១០-២០១១។ មានសេចក្តីរាយការណ៍ក្នុងសារព័ត៌មានបរទេសថា ចេន ហ្ស៊ី ធ្វើទីប្រឹក្សាលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឆ្នាំ២០១៧-២០១៨ ក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម លោក ស សុខា ចូលហ៊ុនរកស៊ីជាមួយ ចេន ហ្ស៊ី ក្នុងក្រុមហ៊ុន ជិនបី (Jinbei) Investment មានមុខងារជាសហនាយកក្រុមហ៊ុនជាមួយនឹងដៃគូឈ្មោះ អ៊ិង តារា, Zhu Jack និង គុយ ឆាយ ប៉ុន្តែដកខ្លួនចេញវិញនៅឆ្នាំ២០២១។ ចេន ហ្ស៊ី ក្រោយមកធ្វើជាទីប្រឹក្សាលោក ហ៊ុន សែន។
ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) តាមសេចក្តីរាយការណ៍ក្នុងព្រឹត្តិបត្រ TRM Lab រកចំណូលបាន ៣០លានដុល្លារក្នុងមួយថ្ងៃ ចាប់ពីឆ្នាំ២០១៨។ ឆ្នាំ២០២០ រដ្ឋាភិបាលចិន បានបង្កើតអាជ្ញាធរចំពោះកិច្ច ដើម្បីតាមដាន ស៊ើបអង្កេត បង្ក្រាបបណ្ដាញបនឧក្រិដ្ឋជនឆបោក។ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ រដ្ឋាភិបាលប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងយៀកណាម បានផ្តល់ព័ត៌មានចារកម្មទាក់ទងនឹងឧក្រិដ្ឋកម្មឆបោកដល់រាជរដ្ឋាភិបាលក្រុងភ្នំពេញ ទាក់ទងនឹងសកម្មភាពឆបោកអនឡាញ ការរត់ពន្ធមនុស្ស ការប្រើកម្លាំងពលកម្មទាសករ និងការរំលោភសិទ្ធិមនុស្ស។ ឆ្នាំ២០២៥ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានទម្លាក់ថ្នាក់អំពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ពីជាន់ទី២ ទៅជាន់ទី៣។ សហគមន៍អន្តរជាតិ មិនជឿថារាជរដ្ឋាភិបាលមិនបានដឹងនោះឡើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមានថា ចាប់ពីដើមខែមីនា ឆ្នាំ២០២៦ នេះតទៅ អាជ្ញាធរនឹងរឹងបន្តឹងច្បាប់ចំពោះជនបរទេសដែលចូលមកស្នាក់នៅប្រទេសកម្ពុជា ជាពិសេស ម្ចាស់ទីតាំងដែលផ្តល់ជាកន្លែងស្នាក់នៅដល់ជនបរទេស ដូចជា បុរី សណ្ឋាគារ ផ្ទះ អគារ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១១ ខែកុម្ភៈ ក្រសួងយុត្តិធម៌ អះអាងថា សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
