អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) រាយការណ៍ថាគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងរាជធានី-ខេត្តទាំង ២៥ មានពលរដ្ឋខ្មែរជិត ១០០នាក់ (៧៦នាក់) មានអាយុចន្លោះពី ២០ឆ្នាំទៅ ៧៨ឆ្នាំ ត្រូវបានឃុំខ្លួននៅពន្ធនាគារដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងជម្លោះព្រំដែន ព្រមទាំងបញ្ហាសង្គមផ្សេងៗ។
អង្គការលីកាដូ បានចេញរបាយការណ៍របស់ខ្លួននៅថ្ងៃទី២៧ កុម្ភៈ ដោយដាក់ចំណងជើងថា «២០២៥ គឺជាឆ្នាំដ៏អាប់អួរនៃសេរីភាពក្នុងការបញ្ចេញមតិ» ព្រោះអាជ្ញាធរភាគច្រើនប្រើប្រាស់បទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដើម្បីចោទប្រកាន់លើពលរដ្ឋទាំងនោះ ដែលបទចោទនេះអាចនឹងឱ្យពួកគេជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ។
ជាងនេះទៀត អាជ្ញាធរក៏បានប្រើប្រាស់បទចោទដែលពាក់ព័ន្ធនឹងសន្តិសុខជាតិផងដែរ រួមមាន បទចោទ «រួមគំនិតក្បត់» និងបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» ខណៈពលរដ្ឋចំនួន ១០នាក់ដែលរងនូវបទចោទនេះ នឹងត្រូវប្រឈមការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ឬ ១៥ឆ្នាំ បើរកឃើញថាមានទោស។
ប្រភពដដែល លើកឡើងថា ក្នុងចំណោមពលរដ្ឋទាំង ៧៦នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ យ៉ាងតិចមានពលរដ្ឋជាង ៣០នាក់ (៣៣នាក់) មានទំនាក់ទំនងជាមួយនឹងគណបក្សជំទាស់ ក្នុងនោះក៏មានមន្ត្រីមកពីគណបក្សជំទាស់ដែលជាប់ឆ្នោតចំនួន ៦នាក់ផងដែរ។ លើសពីនេះ ក៏មានជាអ្នកសារព័ត៌មានចំនួន ៣នាក់ និងអនុប្រធានសហជីពមួយរូបថែមទៀត។
អង្គការលីកាដូ បញ្ជាក់ថា ពលរដ្ឋមួយចំនួនត្រូវបាននគរបាលស្លៀកពាក់ស៊ីវិលចូលទៅចាប់ខ្លួន ខណៈពេលដែលពួកគេកំពុងនៅក្នុងផ្ទះ ចម្ការ កន្លែងធ្វើការ និងនៅទីសាធារណៈ ហើយភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ គឺពុំបានដឹងពីមូលហេតុ ឬដឹងពីដីកាចាប់ខ្លួននោះឡើយ។
ប្រភពខាងលើ អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា គោរព និងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋទាំងអស់ក្នុងការបញ្ចេញមតិរបស់ពួកគេ មិនថាជាការលើកឡើងដោយផ្ទាល់ ឬលើកឡើងតាមរយៈបណ្ដាញសង្គមនោះទេ។
ជាងនេះទៀត អាជ្ញាធរក៏ត្រូវតែបញ្ឈប់ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គម អ្នកសារព័ត៌មាន និងសកម្មជននយោបាយផងដែរ ដោយគ្រាន់តែបញ្ចេញមតិរបស់ពួកគេនោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែស្ថិតក្នុងស្ថានភាពអាក្រក់ជាបន្តបន្ទាប់រហូតមក។
ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទិន្នន័យសង្គមស៊ីវិល បានបង្ហាញកាលពីពេលថ្មីៗនេះថា ចាប់តាំងពីឆ្នាំ២០២៤ មក រដ្ឋាភិបាលបានចាប់ឃុំខ្លួនសកម្មជននយោបាយ សកម្មជនសហជីព សិស្សនិស្សិត សកម្មជនការពារបរិស្ថាន និងពលរដ្ឋសាមញ្ញដាក់ពន្ធនាគារជាហូរហែ ក្នុងនោះអ្នកខ្លះត្រូវបានចាប់ខ្លួនដាក់ពន្ធនាគាររហូតដល់ទៅពីរដងឯណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ គម្រោងយុត្តិធម៌ពិភពលោក World Justice Project (WJP) បានចេញផ្សាយរបាយការណ៍របស់ខ្លួនស្ដីពីនីតិរដ្ឋរបស់ប្រទេសទាំង ១៤៣ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននីតិរដ្ឋទាបបំផុតក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១១ ប៉ុន្តែស្ថិតនៅលំដាប់លេខរៀងទី១៤១ ក្នុងចំណោមប្រទេសទាំង ១៤៣ នៅលើពិភពលោក៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
