អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ចាត់ទុកយន្តការកំណត់តម្លៃប្រេងថ្មីរបស់រដ្ឋាភិបាលកម្ពុជា ថាជាការដាក់បន្ទុកលើជីវភាពរបស់ពលរដ្ឋ និងជាការបើកឱកាសឱ្យមានបក្ខពួកនិយមកេងចំណេញលើទីផ្សារសេរី ក្នុងពេលដែលប្រទេសជាតិកំពុងជួបបញ្ហាប្រឈមនាពេលនេះ។
លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ មីនា នេះថា វិធានការផ្លាស់ប្ដូរយន្តការកំណត់តម្លៃប្រេងឥន្ធនៈត្រឹមរយៈពេលបីថ្ងៃម្តងរបស់រដ្ឋាភិបាលកម្ពុជា គឺជាការបោះបង់ចោលតួនាទីស្នូលរបស់រដ្ឋក្នុងការការពារស្ថិរភាពសេដ្ឋកិច្ចគ្រួសារពលរដ្ឋ ដោយរុញច្រានពួកគេឱ្យទៅប្រឈមមុខដោយផ្ទាល់ជាមួយភាពមិនច្បាស់លាស់នៃទីផ្សារសេរីដែលគ្មានរបាំងការពារ។
លោកថា វិធានការនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីអសមត្ថភាពក្នុងការទប់ស្កាត់អតិផរណាតាំងពីមុនពេលមានវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាមកម្ល៉េះ ដែលធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាបន្តស្ថិតក្នុងកម្រិតខ្ពស់ជាងប្រទេសជិតខាង ដោយសារតែរដ្ឋាភិបាលនៅតែបន្តក្រាញននៀលពឹងផ្អែកលើការប្រមូលពន្ធដារខ្ពស់ពីប្រេងឥន្ធនៈ ដើម្បីបំពេញថវិកាជាតិ ជាជាងការស្វែងរកចំណូលពីប្រភពផ្សេង ឬការកាត់បន្ថយចំណាយរដ្ឋបាលដែលមិនចាំបាច់។
លោក សេង វណ្ណលី លើកឡើងថា ការអនុញ្ញាតឱ្យតម្លៃប្រែប្រួលញឹកញាប់ពេកបែបនេះ បានបង្កើតជាឱកាសមាសសម្រាប់ឈ្មួញទៅវិញ ព្រោះពួកគេអាចនឹងឆ្លៀតឱកាសដំឡើងថ្លៃទំនិញភ្លាមៗនៅពេលប្រេងឡើងថ្លៃ ប៉ុន្តែនៅពេលតម្លៃប្រេងចុះថយ ពួកគេនឹងមិនបញ្ចុះតម្លៃទំនិញវិញឡើយ ដែលនេះគឺជាការដាក់ទោសទណ្ឌសេដ្ឋកិច្ចលើពលរដ្ឋដែលមានចំណូលទាបយ៉ាងអយុត្តិធម៌បំផុត។
លោកបន្ថែមថា ភាពទន់ខ្សោយនៃអភិបាលកិច្ចនេះ មិនត្រឹមតែធ្វើឱ្យរដ្ឋបាត់បង់ចំណូលជាតិរាប់លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់ និងការកេងចំណេញហួសហេតុពីសំណាក់ក្រុមហ៊ុនធំៗ ដែលមានខ្នងបង្អែកជិតស្និទ្ធនឹងអ្នកនយោបាយដែរ ដែលពួកគេអាចធ្វើអ្វីៗបានតាមអំពើចិត្ត ដោយមិនខ្លាចញញើតច្បាប់ ឬការត្រួតពិនិត្យពីស្ថាប័នការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នោះឡើយ។
លោកបញ្ជាក់ថា យន្តការថ្មីនេះគឺជាការផ្តល់អាទិភាពដល់ផលចំណេញរបស់បក្ខពួកដែលជាម្ចាស់ក្រុមហ៊ុនប្រេង ជាជាងសុខទុក្ខរបស់ប្រជាជន ហើយវាក៏ជាសក្ខីភាពនៃភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្តុកប្រេងយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃតម្លៃពិភពលោកដូចដែលប្រទេសជិតខាងបានធ្វើដោយជោគជ័យដែរ។
ក្រោយផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាកំពូលច្រកសមុទ្រទាំង ១៥ ក្នុងការដឹកជញ្ជូនប្រេងទៅកាន់ពិភពលោក ត្រូវបានបិទទាំងស្រុងពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលជាហេតុធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់ និងបង្កភាពវឹកវរដល់ទីផ្សារថាមពលពិភពលោកនាពេលនេះ។
ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នេះថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតាត្រូវកំណត់ត្រឹម ៣៨៥០រៀលក្នុង ១លីត្រ ខណៈប្រេងម៉ាស៊ូត ក៏ត្រូវកំណត់ត្រឹម ៣៨៥០រៀលក្នុង ១លីត្រដែរ។
ប៉ុន្តែនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បែរជាចេញសេចក្តីជូនដំណឹងមួយបន្ថែមទៀតស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយថា តម្លៃប្រេងសាំងធម្មតាត្រូវកំណត់ត្រឹម ៤៤០០រៀលក្នុង ១លីត្រ ចំណែកប្រេងម៉ាស៊ូត ត្រូវកំណត់ត្រឹម ៥១៥០រៀលឯណោះក្នុង ១លីត្រ។
គេកត់សម្គាល់ឃើញថា សេចក្ដីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈដែលចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានប្រឆាំងទៅនឹងសេចក្ដីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ទាំងស្រុង ព្រោះឱសានវាទសេចក្តីជូនដំណឹងថ្ងៃទី១ មីនា មិនទាន់ផុតកំណត់នៅឡើយ។
ជុំវិញបញ្ហានេះ អ្នកវិភាគភូមិសាស្ត្រនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បណ្ឌិត ជ័យ តិច បានអះអាងនៅថ្ងៃទី៩ មីនា នេះថា ក្នុងស្ថានភាពប្រឈមនឹងបញ្ហាថាមពលនាពេលនេះ រដ្ឋាភិបាលគួរពិចារណាកាត់បន្ថយថ្ងៃធ្វើការរបស់មន្ត្រីរាជការដូចប្រទេសហ្វីលីពីន ឬបន្ថយថ្ងៃពីការធ្វើការនៅការិយាល័យ មកធ្វើការតាមប្រព័ន្ធអនឡាញវិញ ជាដើម។
ជាងនេះទៅទៀត រដ្ឋាភិបាលក៏អាចធ្វើការកែច្នៃពីការនាំចូលប្រេងពីបណ្តាប្រទេសផ្សេងៗផងដែរ ជាពិសេសប្រភពផ្គត់ផ្គង់សម្បូរប្រេងដទៃទៀតដូចជាប្រទេសរុស្ស៊ី ជាដើម។
ទាក់ទងនឹងសន្តិសុខថាមពលផ្គត់ផ្គង់គ្រឿងចក្រក្នុងចរន្តសេដ្ឋកិច្ចជាតិ ក្រុមអ្នកជំនួញ និងសេដ្ឋវិទូ ធ្លាប់រំឭករាជរដ្ឋាភិបាលខ្មែរអំពីបញ្ហាថាមពលថ្លៃ ថាបើថាមពលក្នុងស្រុកមានមិនគ្រប់គ្រាន់ វាតម្រូវឲ្យរដ្ឋនាំថាមពលចូល ដែលនឹងនាំឲ្យផលិតផលលក់ចេញថ្លៃជាងគេ ហើយនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចមិនលូតលាស់ឆាប់រហ័ស។
ចាប់ពីឆ្នាំ១៩៧០ មក រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ រៀបចំរោងចក្រចម្រាញ់ប្រេងកាតនៅក្រុងព្រះសីហនុ មិនកើត ដោយសារសង្គ្រាមរុករានពីទ័ពព្រៃបរទេស និងទ័ពព្រៃក្នុងស្រុកអស់រយៈពេលប្រាំឆ្នាំ។
ឆ្នាំ១៩៧៥ រដ្ឋអំណាចខ្មែរក្រហម មានអាយុប្រមាណ ៣ឆ្នាំ ក៏មិនរៀបចំរោងចក្រចម្រាញ់ប្រេងកាតនោះឡើងវិញដែរ។ រដ្ឋាភិបាលក្រោយៗមក ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៦ ក៏គ្មានរោងចក្រចម្រាញ់ប្រេងឆៅ ដែលតម្រូវឲ្យប្រទេសកម្ពុជាពឹងលើប្រេងចម្រាញ់ស្រេចៗពីប្រទេសជិតខាង ជាចំណែកដែលដឹកពីមជ្ឈិមបូព៌ាជាង ២០% តាមច្រកហ័រមូស នេះ ដើម្បីយកទៅផ្គត់ផ្គង់រោងចក្រ និងយានយន្តនៅអាស៊ីទាំងអស់ ដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េ និងតៃវ៉ាន់ ជាដើម។
អ្នកវិភាគសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ព្យាករថា ប្រេងសាំងអាចនឹងឡើងថ្លៃជាង ៥ដុល្លារក្នុងមួយហ្គាឡុង ឬប្រមាណជិត ៤លីត្រ នាពេលឆាប់ៗនេះ បើសង្គ្រាមនៅមជ្ឈិមបូព៌ាមិនបញ្ចប់ទេនោះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
