អ្នកវិភាគភូមិសាស្ត្រនយោបាយ ស្នើឱ្យក្រសួងពាណិជ្ជកម្ម ពិចារណាលើការកំណត់តម្លៃប្រេងរបស់កម្ពុជា ឡើងវិញ នៅថ្ងៃទី១១ ខែមីនា នេះ ដើម្បីឱ្យតម្លៃប្រេងនៅកម្ពុជា សមាមាត្រនឹងតម្លៃប្រេងនៅលើទីផ្សារពិភពលោកដែលកំពុងធ្លាក់យ៉ាងគំហុកនាពេលនេះ។
អ្នកវិភាគភូមិសាស្ត្រនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បណ្ឌិត ជ័យ តិច បានលើកឡើងនៅថ្ងៃទី១០ មីនា នេះថា ប្រេងសាំងលើពិភពលោកបានធ្លាក់តម្លៃយ៉ាងគំហុក គឺពី ១១៩ដុល្លារមកនៅក្រោម ៩០ដុល្លារក្នុងមួយបារ៉ែល ដែលស្មើនឹង ១៥៩លីត្រ កាលពីថ្ងៃទី៩ ខែមីនា កន្លងទៅនេះ ហើយលោកសង្ឃឹមថាតម្លៃប្រេងនៅកម្ពុជា ក៏នឹងធ្លាក់ចុះលឿនដូចគ្នាដែរ។
បណ្ឌិត ជ័យ តិច លើកឡើងថា ដើមហេតុនៃការធ្លាក់ចុះតម្លៃប្រេងនេះ គឺដោយសារកត្តាមួយចំនួន ដូចជា ក្រោយមានកិច្ចប្រជុំបណ្តាប្រទេសផលិតប្រេង (OPEC+) ការប្រជុំប្រទេស G7 ដើម្បីបញ្ចេញប្រេងដែលបណ្តាប្រទេសទាំងនេះត្រៀមបម្រុងទុក។ ជាងនេះទៀត ក៏ដោយសារតែមានការស្នើរបស់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង ទៅកាន់ប្រធានាធិបតីចិន ដើម្បីឱ្យជួយសម្រួលជាមួយប្រទេសអ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រហ័រមូស ឡើងវិញ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីចិននៅឡើយទេចំពោះសំណើនេះ។
បន្ថែមពីនេះ ក៏ដោយសារតែអាមេរិកដកទណ្ឌកម្មពីប្រទេសដែលហាមឃាត់ក្នុងការនាំចេញប្រេងផងដែរ ដូចជា ប្រទេសរុស្ស៊ី ជាដើម និងការប្រកាសរបស់ប្រធានាធិបតីអាមេរិក ស្ដីពីការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ នាពេលដ៏ខ្លីខាងមុខនេះ ជាដើម។
អ្នកវិភាគរូបនេះបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ បើសង្គ្រាមនៅតែអូសបន្លាយ តម្លៃប្រេងនៅតែអាចងើបឡើងវិញគ្រប់ពេល ជាពិសេសប្រសិនប្រទេសអ៊ីរ៉ង់ បើកការវាយប្រហារសងសឹកក្រោយរោងចក្រផលិតប្រេងរបស់ពួកគេត្រូវបានវាយប្រហារកាលពីពេលកន្លងទៅនោះ។
ទីភ្នាក់ងារសារព័ត៌មាន CAN នៅថ្ងៃទី១០ មីនា នេះ បានស្រង់សម្ដីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែមីនា ថា សង្គ្រាមអ៊ីរ៉ង់ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកនៅតែមិនទាន់បញ្ជាក់ច្បាស់លាស់អំពីពេលវេលាសម្រាប់ការបញ្ចប់ការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ានេះនៅឡើយទេ។
ប្រភពដដែលរាយការណ៍ថា ក្រោយការប្រកាសនេះ បានធ្វើឱ្យតម្លៃប្រេងឆៅលើទីផ្សារពិភពលោកដែលកើនឡើងខ្ពស់លើសពី ១១០ដុល្លារក្នុងមួយបារ៉ែលដែលមិនធ្លាប់មានក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះមកក្រោម ៩០ដុល្លារវិញភ្លាមៗ។
ទីភ្នាក់ងារសារព័ត៌មាន CAN បញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏បានគំរាមវាយប្រហារក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរដែលមិនអាចគណនាបានផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់ រារាំងការផ្គត់ផ្គង់ប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នោះ។
ជុំវិញបញ្ហានេះ កាសែតបារាំង Le Monde បានស្រង់សម្ដីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី៩ មីនា ថា ប្រទេសបារាំង និងសម្ពន្ធមិត្ត កំពុងរៀបចំបេសកកម្ម «ការពារ» ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ព្រោះនេះគឺជារឿងចាំបាច់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ហើយក៏សម្រាប់លំហូរឧស្ម័ន និងប្រេងដែលត្រូវតែដឹកចេញពីតំបន់ឈូងសមុទ្រពែក្សនេះបានជាថ្មីឡើងវិញដែរ។
ដោយសារតែបញ្ហានេះ តម្លៃប្រេងនៅកម្ពុជា បានហក់ឡើងយ៉ាងខ្លាំង ប៉ុន្តែរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់តម្លៃប្រេងដែលបានហក់ឡើងនេះ។ ជាក់ស្តែង ការកំណត់តម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ត្រូវបានកាត់បន្ថយពីការកំណត់ត្រឹមរយៈពេល ១០ថ្ងៃមកនៅត្រឹម ៣ថ្ងៃវិញ។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប៉ុន្តែនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងបែរជាចេញសេចក្តីជូនដំណឹងថ្មីមួយទៀតដើម្បីកំណត់តម្លៃប្រេងឡើងវិញផងដែរ។
ផ្អែកតាមសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នេះ បង្ហាញថា តម្លៃប្រេងនឹងត្រូវកំណត់ឡើងវិញក្រោយអនុវត្តរយៈពេល ៣ថ្ងៃ គឺត្រូវកំណត់ឡើងវិញម្តងទៀតនៅថ្ងៃទី១១ មីនា នេះ។
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានអះអាងថា ទោះបីការផ្គត់ផ្គង់ប្រេងនៅកម្ពុជា មិនទាន់ជួបការខ្វះខាត និងតម្លៃប្រេងមានការកើនឡើង ខណៈហានិភ័យនៅតែមានដោយសារបញ្ហាពិភពលោក ក្រសួងស្នើឱ្យមានការជួយសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងក្នុងស្ថានភាពប្រឈមនេះ។
ជុំវិញបញ្ហានេះ មន្ទីររ៉ែ និងថាមពលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះថា នៅទូទាំងខេត្តតាកែវ មានស្ថានីយប្រេងសាំងចំនួន ៤០០កន្លែង ក្នុងនោះមានស្ថានីយ ៨៩កន្លែងបានផ្អាកជាបណ្ដោះអាសន្ន ដោយសារក្រុមហ៊ុនផ្អាកផ្គត់ផ្គង់ប្រេងជាបណ្ដោះអាសន្នដល់ស្ថានីយទាំងនោះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
