រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អំពាវនាវទៅកាន់ពលរដ្ឋកុំឲ្យភ័យស្លន់ស្លោពីការខ្វះប្រេងឥន្ធនៈ និងឧស្ម័ន LPG ឬហ្គាស៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្រោយពីក្រុមហ៊ុនសូគីម៉ិច ប្រកាសផ្អាកនាំចូលឧស្ម័ន LPG ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
ក្នុងវីដេអូឃ្លីបជាង ៨នាទី បង្ហោះតាមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន ៧ ដែលនាំចូល និងចែកចាយឧស្ម័ន LPG (ហ្គាស៍) នៅទូទាំងប្រទេស។ ក្រុមហ៊ុនទាំងនេះ គឺនៅតែនាំចូលឧស្ម័ន LPG ជាបន្តបន្ទាប់ចូលកម្ពុជា សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនៅខែមីនា និងខែមេសា។
លោក កែវ រតនៈ ប្រាប់ដល់ពលរដ្ឋទាំងអស់កុំឱ្យមានក្តីព្រួយបារម្ភ និងភ័យស្លន់ស្លោចំពោះស្ថានភាពនេះ។ លោកទទូចឱ្យមានការចូលរួមទាំងអស់គ្នាក្នុងកាប្រើប្រាស់ប្រេងឥន្ធនៈគ្រប់ប្រភេទដោយសន្សំសំចៃ ជាពិសេសគឺសន្សំលើការប្រើប្រាស់ហ្គាស៍។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រូបនេះអះអាងថា ការផ្អាកលក់ហ្គាស៍របស់ក្រុមហ៊ុនសូគីម៉ិច នៅតាមស្ថានីយរបស់ខ្លួនចាប់ពីខែមេសា តទៅ គឺមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ទីផ្សារហ្គាស៍កម្ពុជាឡើយ។ ក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ទីផ្សារហ្គាស៍កម្ពុជាប្រមាណតែ ៣% ប៉ុណ្ណោះនៃទីផ្សារសរុប។ ដូច្នេះមានន័យថា ប្រសិនបើក្រុមហ៊ុនសូគីម៉ិច មិនអាចផ្គត់ផ្គង់ចាប់ពីខែមេសា តទៅ ហើយមិនអាចរកប្រភពបន្ថែមបាននោះ ក៏កម្ពុជានៅមានប្រភពហ្គាស៍មួយចំនួនធំទៀតដែលអាចផ្គត់ផ្គង់។
លោក កែវ រតនៈ បានជំរុញពលរដ្ឋដែលប្រើប្រាស់ចង្ក្រានហ្គាស៍ ឱ្យងាកមកប្រើប្រាស់ចង្ក្រានអគ្គិសនីវិញ ដែលថ្លៃអគ្គិសនីកម្ពុជា គឺមិនមានការឡើងថ្លៃអ្វីឡើយ។
ក្រុមហ៊ុន សូគីម៉ិច បានចេញសេចក្ដីប្រកាសនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ថា ក្រុមហ៊ុន សូគីម៉ិច ផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ជាបណ្ដោះអាសន្ន រហូតដល់ក្រុមហ៊ុនជូនដំណឹងថ្មី។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ថា ចាប់តាំងពីការប្រយុទ្ធគ្នានៅដើមបូព៌ាបានផ្ទុះឡើង ដែលបង្កឲ្យកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល រដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ជីវភាពរបស់ពលរដ្ឋ។ វិធានការទាំងនោះរួមមាន បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត មកសូន្យដុល្លារ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូតពី ១០% មក ៤% ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន ៦%៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
