The Cambodia Daily Khmer

អ្នក​ស្រាវជ្រាវ​អធិប្បាយ​អំពី​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ពាក់ព័ន្ធ​ការ​គំរាម​ផ្ទុះ​អាវុធ​ជុំ​ទី​បី

យោធា​ថៃ ពង្រាយ​ទូ​កុងតឺន័រ និង​លើក​ទង់ជាតិ​នៅ​តំបន់​ថ្មដា ស្ថិត​នៅ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៦។

យោធា​ថៃ ពង្រាយ​ទូ​កុងតឺន័រ និង​លើក​ទង់ជាតិ​នៅ​តំបន់​ថ្មដា ស្ថិត​នៅ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៦។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) លោក ឆាំង យុ អធិប្បាយ​ដោយ​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ មេសា នេះ អំពី​សេចក្តី​ថ្លែងការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ឧត្ដមសេនីយ៍ឯក អឌុន ប៊ុនថាំចារឿន ពាក់ព័ន្ធ​នឹង​ការ​ព្យាករ​រឿង​ផ្ទុះ​អាវុធ​ជុំ​ទី​បី​ជាមួយ​ប្រទេស​កម្ពុជា ថា​អាច​ជា​កត្តា​ញុះញង់​ឱ្យ​មាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​ខាងមុខ។

លោក ឆាំង យុ ចោទ​ថា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ កន្លង​មក គឺជា​ការ​ឈ្លានពាន​ដោយ​អាវុធ​ដែល​បង្ក​ឡើង​ដោយ​យោធា​ថៃ ឬ​យ៉ាងហោចណាស់​ក្នុង​កម្រិត​ប្រតិបត្តិការ​យោធា​ដែល​ឈាន​ទៅ​ដល់​ការ​ដាក់​ពង្រាយ​កងទ័ព​ចូល​កាន់កាប់​ទឹកដី​កម្ពុជា ដែល​នេះ​គឺជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក និង​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ។

ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ថៃ នៅ​ចាំ​បាន​ថា កងកម្លាំង​ប្រដាប់​អាវុធ​ថៃ បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​បោសសម្អាត​កម្ចាត់​ទីតាំង​មណ្ឌល​ឆបោក​តាម​បច្ចេកវិទ្យា​ពេញ​ទំហឹង​នៅ​ខែ​មីនា ឆ្នាំ​២០២៥ នៅ​តាម​តំបន់​ព្រំដែន​ជាប់​គ្នា ដោយ​ផ្តាច់​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងដែន ដូចជា ភ្លើង​អគ្គិសនី បណ្ដាញ​អ៊ីនធឺណិត និង​ទឹក ជាដើម ចេញពី​អគារ​បនល្បែង​កាស៊ីណូ ជាពិសេស​នៅ​អូរស្មាច់ ដែល​គេ​មាន​ព័ស្តុតាង​អំពី​សកម្មភាព​បង្ខាំង​មនុស្ស រំលោភ​សិទ្ធិ​បង្ខំ​ឲ្យ​ធ្វើការ​ឆបោក​តាម​អនឡាញ (online) ហៅថា online scams។

យោង​តាម​ការ​ផ្សាយ​ដោយ​ព្រឹត្តិបត្រ​នៃ​វិទ្យាស្ថាន​អន្តរជាតិ​ខាង​ការ​សិក្សា​យុទ្ធសាស្ត្រ (International Institute for Strategic Studies = IISS) នៅ​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ គេ​បាន​តាមដាន​កត់ត្រា​ថ្ងៃ​ខែ​ឃើញ​ថា វិវាទ​ព្រំដែន​រហូត​ដល់​បង្ក​ឲ្យ​មាន​ហេតុការណ៍​ប្រយុទ្ធ​បាញ់​ផ្លោង​ដាក់​គ្នា និង​ទម្លាក់​គ្រាប់បែក​ផង​នោះ គឺ​កើតឡើង​ប្រមាណ​ជា​បី​ខែ​ក្រោយ គឺ​នៅ​ខែ​មិថុនា ឆ្នាំ​២០២៥។

តាម​អត្ថបទ​សរសេរ​នោះ គេ​រក​ឃើញ​ថា ដើមទង​នៃ​ជម្លោះ​ព្រំដែន គឺ​រាលដាល​ពី​រឿង​ផល​ប្រយោជន៍​នៃ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដល់​រឿង​ដណ្តើម​ទាមទារ​ប្រាសាទ ដល់​រឿង​យោធា​ថៃ កាន់កាប់​ទឹកដី ដែល​ថា​ជា​ដី​ខ្មែរ។

គេ​រក​ឃើញ​ថា ការ​បង្ក្រាប​បន​ឆបោក​ឆ្លងដែន បាន​ប៉ះពាល់​ដល់​ចំណូល​ប្រចាំ​ឆ្នាំ​ពី​ជាង ១២​ពាន់​លាន​ដុល្លារ (១២៥០០​លាន​ដុល្លារ) ដល់ ១៩​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​មាន​ភាគហ៊ុន​អ្នក​មាន​អំណាច​ខ្មែរ។ ចំណុច​ទាំងនេះ គេ​មិន​ទាន់​ឃើញ​មាន​អ្នកវិភាគ​ខ្មែរ​ណា​ម្នាក់​ព្យាយាម​ស្រាវជ្រាវ អធិប្បាយ ឬ​វិភាគ​នៅឡើយ​ទេ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ គេ​សង្កេត​ឃើញ​ពលរដ្ឋ​អ្នក​ជាតិ​និយម​ខ្មែរ​និយាយ​តែ​អំពី​បរទេស​សៀម ឈ្លានពាន និង​រំលោភ​អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​រាជាណាចក្រ​កម្ពុជា ប៉ុន្តែ​មក​ទល់​ពេលនេះ ប្រទេស​តិចតួច​ប៉ុណ្ណោះ​ដែល​កាន់ជើង​ខ្មែរ ហើយ​ថ្កោលទោស​ថៃ។

ទោះជា​យ៉ាងណាក្ដី នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រូប​នេះ​អះអាង​ថា ប្រទេស​កម្ពុជា​នៅតែ​អនុវត្ត​ភាព​ស្រប​ច្បាប់​តាម​លំអាន​នៃ​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​ប្រជាពលរដ្ឋ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន ទោះបីជា​មាន​ការ​លើកឡើង​ពី​សំណាក់​រដ្ឋាភិបាល​ថៃ ថា​យ៉ាងណា​ក៏ដោយ។

កាលពី​ថ្ងៃទី​០៧ ខែ​មេសា កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក អឌុន ប៊ុនថាំចារឿន ដែល​និយាយ​ថា​ប្រទេស​កម្ពុជា​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ប្រយុទ្ធ​គ្នា​លើក​ទី​៣ ជាមួយ​ប្រទេស​ថៃឡង់ដ៍ ព្រោះ​ថា​ប្រសិនបើ​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី នោះ​វា​អាច​នឹង​ក្លាយ​ជា​ការ​ប្រយុទ្ធ​ធំ​មួយ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ រូប​នេះ​បញ្ជាក់​ថា ឱកាស​កើត​សង្គ្រាម​ឡើងវិញ គឺ​មាន​តិចតួច​ទេ ប៉ុន្តែ​បើ​ផ្ទុះ​សង្គ្រាម​ជុំ​ទី​បី​មែន ក៏​ថៃ មាន​ផែនការ​បម្រុង​រួច​ហើយ​ដែរ ដែល​មាន​ន័យ​ថា វា​នឹង​មិន​មាន​ការ​ប្រយុទ្ធ​នៅ​តំបន់​ដែល​ពលរដ្ឋ​ថៃ មិន​ត្រូវ​បាន​ជម្លៀស​ចេញ​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ អ្នក​រាយការណ៍​វិទ្យុ​ផ្សាយ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) លោក ម៉ែន គឹមសេង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ មេសា នេះ​ថា ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ គឺជា​រឿង​ល្អ ព្រោះ​ប្រទេស​កម្ពុជា​ទើប​តែ​ស្នើ​ឲ្យ​ថៃ ចូល​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​កាលពី​ថ្ងៃទី​៧ មេសា នេះ។ ដូច្នេះ ពេលនេះ គណៈកម្មការ JBC ភាគី​កម្ពុជា បាន​ស្នើ​សាជាថ្មី​ទៅ​គណៈកម្មការ JBC ភាគី​ថៃ បន្ថែម​ទៀត ដើម្បី​រៀបចំ​កិច្ចប្រជុំ​ពិសេស​បន្ទាន់ JBC និង​ជំរុញ​ឱ្យ​បន្ត​អនុវត្ត​ការងារ​នៅ​លើ​ដី​ជាក់ស្តែង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក។

ទោះជាយ៉ាងណា រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅតែ​អះអាង​ថា​នឹង​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​តវ៉ា​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ដោយ​ចោទ​ថា យោធា​ថៃ កាន់កាប់​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់ និង​ការ​បន្ត​ធ្វើ​សកម្មភាព​រំលោភ​បំពាន​លើ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ប្រទេស​កម្ពុជា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version